ជាតិ
រកឃើញពងអណ្ដើកហ្លួងដែលជាប្រភេទសត្វជិតផុតពូជជាង២០០គ្រាប់នៅ​កោះកុង
14, Feb 2024 , 8:59 pm        
រូបភាព
រូបភាព៖ WCS
រូបភាព៖ WCS
តាំងពីខែមករា ឆ្នាំ២០២៤ រហូតមកទល់ពេលនេះ ក្រុមអភិរក្សសត្វអណ្តើកហ្លួង និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានរកឃើញពងអណ្ដើកហ្ហួងចំនួន២០សម្បុក ដែលស្មើ២០៦គ្រាប់ នៅលើឆ្នេរខ្សាច់សិប្បនិមិត្តក្បែរស្រះបង្កាត់ពូជមួយកន្លែង ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង។ នេះបើតាមការចេញផ្សាយរបស់ WCS នៅថ្ងៃទី១៤កុម្ភៈ។ 



តាមរយៈរូបភាពថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលក្រុមអ្នកជំនាញដាក់នៅលើឆ្នេរខ្សាច់សិប្បនិមិត្ត បានបង្ហាញថា មានអណ្តើកមេជាច្រើនក្បាលបានឡើងពីស្រះបង្កាត់ពូជ មកកាយខ្សាច់ទម្លាក់ពងនៅចន្លោះម៉ោង៨យប់ ដល់ម៉ោង៤ព្រឹកទៀបភ្លឺ។ នេះគឺជាឆ្នាំទី៤ហើយ ដែលមេពូជអណ្តើកហ្លួងបានទម្លាក់ពងនៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ខណៈក្រុមអ្នកអភិរក្ស រំពឹងថានឹងរកឃើញពងអណ្តើកប្រភេទនេះ នៅក្នុងមជ្ឈមណ្ឌលបន្ថែមទៀត នារដូវពងកូនឆ្នាំ២០២៥ ដែលចាប់ផ្តើមពីខែមករា រហូតដល់ខែមិនា។
 
មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ដារចំនួនសត្វអណ្ដើកហ្លួង។ ជាក់ស្ដែង អណ្ដើកហ្លួង២៦៨ក្បាល កំពុងស្ថិតក្រោមការថែទាំពីក្រុមការងារ ដែលក្នុងនោះមានកូនអណ្ដើកដែលទើបតែញាស់ក្នុងឆ្នាំ២០២៣ចំនួន១១៨ក្បាលផងដែរ។ ការបង្កាត់ពូជអណ្តើកហ្លួង នៅក្នុងមជ្ឈមណ្ឌល គឺជាគោលដៅអភិរក្សរបស់អង្គការ WCS និងរដ្ឋបាលជលផល ក្នុងគោលដៅស្តារឡើងវិញ។
  
អណ្តើកមេជាច្រើនក្បាលបានឡើងពីស្រះបង្កាត់ពូជ មកកាយខ្សាច់ទម្លាក់ពងនៅពេលយប់។ រូបភាពនេះ ថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ របស់ក្រុមការងារ WCS

សត្វអណ្ដើកហ្លួង ឬអណ្ដើកសរសៃ គឺស្ថិតនៅក្នុងចំណោមប្រភេទអណ្ដើកទឹកសាបទាំង២៥ប្រភេទលើសកលលោកដែលកំពុងប្រឈមនឹងការផុតពូជ និងត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអណ្តើកជិតផុតពូជបំផុត និងជាប្រភេទឧរង្គសត្វតំណាងឱ្យប្រទេសកម្ពុជាផងដែរតាំងពីឆ្នាំ២០០៥។
 
បើតាមក្រសួងបរិស្ថាន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ អណ្ដើកហ្លួងត្រូវបានរងការគំរាមកំហែងដោយការបាត់បង់ព្រៃលិចទឹក ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជា ការប្រើប្រាស់ឧបករណ៍ឆក់ត្រី ការដាក់សន្ទូច ប្រភេទហាមឃាត់ ការនេសាទក្នុងតំបន់ហាមឃាត់ជាដើម។ លើសពីនេះ ការបូមខ្សាច់ខុសច្បាប់ ក៏បានបំផ្លាញទីតាំងពងកូនរបស់វាផងដែរ។
 
​សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ អណ្ដើក​ហ្លួងមាន​ប្រមាណពី​៥០០ទៅ៧០០​ក្បាល​​នៅលើពិភពលោក។ ល្មូនប្រភេទនេះ មានរស់នៅតែក្នុងប្រទេស​កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ថៃ ប៉ុណ្ណោះ៕ 
 

Tag:
 WCS
  បរិស្ថាន
  អណ្ដើកហ្លួង
© រក្សាសិទ្ធិដោយ thmeythmey.com