កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន បន្ថែមប្រាក់រង្វាន់ជាង៣០ម៉ឺនដុល្លារ ដល់អត្តពលិកឈ្នះមេដាយប៉ារ៉ាហ្គេមនៅក្រុងសូឡូ
15, Feb 2024 , 4:59 pm        
រូបភាព
រូបភាព៖ ផេកហ្វេសប៊ុក សម្តេច​ ទៀ បាញ់
រូបភាព៖ ផេកហ្វេសប៊ុក សម្តេច​ ទៀ បាញ់
សម្តេច ហ៊ុន សែន ចំណាយថវិកាផ្ទាល់ខ្លួនជាង ៣០ម៉ឺនដុល្លារអាម៉េរិកបន្ថែមទៀត ជាប្រាក់រង្វាន់លើកទឹកចិត្តដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ដែលឈ្នះមេដាយពីព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេមលើកទី១១ នៅឥណ្ឌូណេស៊ី ឆ្នាំ២០២២។



សម្តេច ទៀ បាញ់ សមាជិកឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធាន គណៈកម្មាធិការជាតិ រៀប ចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC/CAMAPGOC) នៅថ្ងៃទី១៥ ខែកុម្ភៈ បាននាំយកប្រាក់រង្វាន់លើកទឹកចិត្ត របស់សម្តេច ហ៊ុន សែន និង និងសម្ដេច ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនអត្តពលិកប៉ារ៉ាហ្គេម ដែលរៀបចំនៅទីស្ដីការក្រសួងការពារជាតិ។
 
ទឹកប្រាក់សរុប ៣៤ម៉ឺនដុល្លារ ត្រូវផ្តល់ជូនគ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកដែលដណ្តើមបានមេដាយមាស៧ ប្រាក់១០ និងសំរឹទ្ធ១១ សរុប២៨មេដាយ ក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេមលើកទី១១ ដែលឥណ្ឌូណេស៊ីធ្វើម្ចាស់ផ្ទះជំនួសវៀតណាម។
  


នេះជាលើកទី២ ដែលសម្តេចហ៊ុន សែន បានផ្តល់ថវិការផ្ទាល់ខ្លួន សម្រាប់ផ្តល់ជូនអត្តពលិកក្រោយឈ្នះមេដាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ក្នុងចំនួនទឹកប្រាក់ជិត៧លានដុល្លារ មុនពេលរដ្ឋាភិបាលកម្ពុជាចំណាយជិត៣ពាន់លានរៀលរួចហើយ សម្រាប់អត្តពលិកប៉ារ៉ាហ្គេមលើកទី១១ នៅក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។
 
មិនខុសពីមុនឡើយ សម្តេចហ៊ុន សែន បានផ្តល់ជូន អត្តពលិកមានពិការភាពដែលដណ្តើមបានមេដាយទាំង២៨រូប ក្នុងនោះអ្នកឈ្នះមេដាមាសទទួលបាន ៥ពាន់ដុល្លារ ប្រាក់៣ពាន់ដុល្លារ និងសំរឹទ្ធ ២ពាន់ដុល្លារ។
  


ការផ្តល់ប្រាក់លើកទឹកចិត្តដ៏ច្រើនជាបន្តបន្ទាប់នេះ ដើម្បីតមស្នងការខិតខំប្រឹងប្រែងរបស់អត្តពលិកប៉ារ៉ាហ្គេម ក៏ដូចជាគ្រូបង្វឹក និងគ្រូជំនួយ និងដើម្បីជំរុញ និងលើកទឹកចិត្តពួកគេ ត្រៀមខ្លួនប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិផ្សេងៗទៀត។
 
កាលព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី កម្ពុជា បានបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកចូលរួមសរុបចំនួន ១៥៤នាក់ ដោយប្រកួតលើ១១វិញ្ញាសា។ កម្ពុជា បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៧ ក្នុងចំណោមប្រទេសចូលរួមទាំង១១៕
 

Tag:
 សម្តេច ហ៊ុន សែន
  ប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com