ជាតិ
បទសម្ភាសន៍
សាសនា / ធម៌
ហេតុអ្វីវត្តខ្លះសូត្រធម៌មួយយប់ទល់ភ្លឺ ក្នុងថ្ងៃបុណ្យមាឃបូជា
21, Feb 2024 , 9:29 pm        
រូបភាព
រូបពីផេក ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
រូបពីផេក ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ ការសូត្រធម៌ ដើម្បីរំលឹកដល់ហេតុធំៗទាំង៣យ៉ាងក្នុងថ្ងៃមាឃបូជា វត្តខ្លះសូត្រ​ធម៌ រហូតទល់ភ្លឺ ហើយវត្តខ្លះសូត្រតែពាក់កណ្ដាលយប់។ សម្ដេចព្រះពុទ្ធជ័យមុនីឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានមាន​ព្រះ​ថេរដីកាថាការសូត្រធម៌១យប់ទល់ភ្លឺ ឬពាក់កណ្ដាលយប់ក្ដី គឺអាស្រ័យតាម​សទ្ធា​នៃវត្ត​នីមួយៗដោយមិនមានការកំណត់ជាបញ្ញតិ ក្នុងពុទ្ធ សាសនា ថាត្រូវតែសូត្រក្នុងកាល​កំណត់​​ណាមួយ​ឡើយ។ «ការសូត្រទល់ភ្លឺ អាស្រ័យលើសទ្ធាខ្លាំង និងពេលវេលា ដែលវត្ត​នីមួយៗអាចធ្វើបាន មិន មានកំណត់ជាច្បាប់ឡើយ ដោយអាស្រ័យទៅតាមប្រពៃណី និង​វប្បធម៌​តាមវត្តនីមួយៗ។ រឿងដែលសំខាន់បុព្វបុរសខ្មែរ ក៏ដូចជាថ្នាក់ដឹកនាំក្នុងព្រះពុទ្ធ​​សាសនា ចង់ឱ្យប្រជាពុទ្ធ បរិស័ទ យល់ពីតម្លៃ ការបូជាចំពោះព្រះពុទ្ធ»។ នេះជាការពន្យល់បន្ថែម របស់ព្រះអង្គ ឃឹម សន។
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមអស់លោក លោកស្រី អ្នកនាងកញ្ញា អញ្ជើញស្ដាប់ ព្រះ​ថេរដីកាលម្អិត របស់សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាខាងក្រោម៖



 
ពិធីបុណ្យ មាឃបូជា ប្រារព្ធឡើងដោយហេតុ៣យ៉ាង គឺទី១ រំលឹកដល់ថ្ងៃសាវ័កសន្និបាត នៃព្រះសម្មាសម្ពុទ្ធ (ចតុរង្គសន្និបាត)។ ទី២ រំលឹកដល់ការប្រកាសសម្ដែងឱវាទបាតិមោក្ខ នៃព្រះសម្មាសម្ពុទ្ធ។ និងទី៣ រំលឹកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធ ទ្រង់ដាក់អាយុសង្ខារ។ ចំពោះ ធម៌ដែលសូត្រ ទាំងពាក់កណ្ដាលយប់ក្ដី ឬមួយយប់ទល់ភ្លឺក្ដី គឺជាធម៌ដែល​សូត្ររំលឹក ដល់​ហេតុធំៗទាំង៣យ៉ាងខាងលើនេះ។
 
ព្រះពុទ្ធបានសម្ដែងឱវាទបតិមោក្ខ ទី១ កិរិយាមិនធ្វើបាបទាំងពួង ទី២កិរិយាសន្សំកុសល ទី៣ កិរិយាជម្រះនូវសន្ដានចិត្តឱ្យស្អាតផូរផង់។ នេះគឺជាខ្លឹមនៃពុទ្ធសាសនា ដែលអ្នក គោរពព្រះពុទ្ធសាសនា គួរយល់ដឹងទាំងអស់គ្នា ដើម្បីវៀរចាកអំពើបាប ហើយខំប្រឹងធ្វើ ទាន សីល ភាវនា ​សមាធិ បញ្ញា អប់រំចិត្តឱ្យល្អ ដើម្បីបង្កើននូវសាមគ្គីធម៌ក្នុងចិត្តរបស់ខ្លួន។ ព្រះអង្គ ឃឹម សន បានអំពាវនាវដល់ពុទ្ធបរិស័ទ ពិសេសយុវជន ចូលរួមសិក្សាពីពាក្យ ប្រៀនប្រដៅរបស់ព្រះពុទ្ធ ឱ្យបានចេះដឹងទាំងអស់គ្នា ដើម្បីជាប្រយោជន៍សម្រាប់សង្គម ជាតិទាំងមូល៕

សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា

Tag:
 សម្តេចឃឹម សន
  មាឃបូជា
  សូត្រធម៌
 
© រក្សាសិទ្ធិដោយ thmeythmey.com