កីឡាជាតិ
ជាតិ
FIFA Series៖ គោព្រៃកម្ពុជា ចេញទៅអារ៉ាប៊ីសាអូឌីត ត្រៀមជួបហ្គីណេអេក្វាទ័រ ថ្ងៃទី២២មីនា
18, Mar 2024 , 12:29 pm        
រូបភាព
រូបភាព៖ FFC
រូបភាព៖ FFC
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីតហើយនៅព្រឹកថ្ងៃទី១៨ ខែមីនា ដើម្បីចូលរួមការប្រកួតមិត្តភាពអន្តរជាតិ FIFA Series ដោយត្រូវជួបហ្គីណេអេក្វាទ័រ និងហ្គីយ៉ាន ក្នុងពូល A។



ក្រោយប្រមូលផ្តុំ និងហ្វឹកហាត់រយៈពេលប៉ុន្មានថ្ងៃ កីឡាកររបស់ក្រុមរហស្សនាមគោព្រៃ ចំនួន២៣រូប រួមទាំងគ្រូបង្វឹក ជំនួយការ និងមន្ត្រីបុគ្គលិក បានចាកចេញពីកម្ពុជាទៅកាន់អារ៉ាប៊ីសាអូឌីត ដើម្បីត្រៀមចូលរួមប្រកួត FIFA Series។ ជំនួបដំបូងរបស់ក្រុមកម្ពុជាដែលដឹកនាំដោយលោក Filix Dalmaz នឹងត្រូវប៉ះក្រុមមកពីទ្វីអាហ្វ្រិក ហ្គីណេអេក្វាទ័រ នៅថ្ងៃទី២២ ខែមីនា មុនពេលបន្តជួប ហ្គីយ៉ាន មកពីអាម៉េរិកខាងត្បូង នៅ៤ថ្ងៃបន្ទាប់។
 
ក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅពូល A ជាមួយ កាប់វែរ, ហ្គីណេអេក្វាទ័រ និងហ្គីយ៉ាន។ យ៉ាងណាក៏ដោយ បើទោះពូលនេះមាន៤ក្រុមក្តី ប៉ុន្តែកម្ពុជាគ្មានការប្រកួតជាមួយក្រុម កាប់វែរ ឡើយ។ កាប់វែរ ជាក្រុមខ្លាំងមកពីអាហ្វ្រិក ដោយបច្ចុប្បន្នពួកគេមានចំណាត់ថ្នាក់លេខ១៣ ក្នុងតំបន់ និងលេខ ៦៥ ពិភពលោក និងទើបធ្វើព្យុះភ្លៀងនៅក្នុងពានរង្វាន់ African Cup of Nations ឆ្នាំ ២០២៣ កន្លងទៅ។
  


ក្រៅពីពូល A ម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត ក៏រៀបចំការប្រកួតសម្រាប់ពូល B ដោយរួមមាន ក្រុមប័រម៊ូដា (Concacaf), ព្រុយណេ (AFC), ហ្គីណេ (CAF) និង វ៉ានូទូ (OFC)។ ទាំងក្រុមក្នុងពូល A និង B តម្រូវឱ្យមានការប្រកួតតែពីរលើកដូចគ្នា។
 
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានបង្កើតព្រឹត្តិការណ៍ ​FIFA Series ដោយបញ្ចូលក្នុងកាលវិភាគការប្រកួតអន្តរជាតិសម្រាប់ក្រុមបុរស នៅក្នុងខែមីនា ឆ្នាំ ២០២៤ នេះ ដែលជាគម្រោងសាកល្បងនៃគោលដៅយុទ្ធសាស្ត្រការប្រកួតសកល (Strategic Objectives for the Global Game: 2023-2027) ហើយត្រូវបានសម្រេចដោយក្រុមប្រឹក្សា FIFA កាលពីខែធ្នូ ឆ្នាំ ២០២២។ FIFA Series នឹងផ្តល់ឱកាសដល់ក្រុមបាល់ទាត់កម្រិតទាប និងមិនធ្លាប់ជួបគ្នាសោះ អាចប្រកួតគ្នាជាអន្តរទ្វីប។



សមាសភាពកីឡាករ ២៣រូប ដែលត្រូវចូលរួមប្រកួតក្នុង FIFA Series មានដូចជា៖
 
- ក្លិបវិសាខា ៣នាក់៖ ហ៊ុល គឹមហ៊ុយ, ស៊ិន សុផាណាត់ និង ស រតនា
- ក្លិបភ្នំពេញក្រោន ៥នាក់៖ អ៊ុំ វិចិត្រ, ផាច សុជាវីឡា, យ៉ើ ម៉ូស្លីម, យូឌៃ អូកាវ៉ា និង លឹម ពិសុទ្ធ
- ក្លិបព្រះខ័នរាជស្វាយរៀង ៧នាក់៖ វីរៈ ដារ៉ា, សឿយ វិសាល, សារ៉េត គ្រីយ៉ា, ធារី ចន្ថាប៊ីន, ថេឡរ នីកូឡាស់ ឌឿង, គួច ដានី និង មិន រតនៈ
- ក្លិបណាហ្គាវើលដ៍ ២នាក់៖ ជា ច័ន្ទដារ៉ា និង សុះ ស៊ូហាណា
- ក្លិបអាយ អេស អាយ ដង្កោសែនជ័យ ១នាក់៖ កែម វ៉ាន់ដា
- ក្លិបខេត្តព្រៃវែង ២នាក់៖ គង់ លីហួរ និង ផាន សុផេន
- ក្លិបទ័ព្ធ ១នាក់៖ ញាណ សុស៊ីដាន
- ក្លិបបឹងកេត ២នាក់៖ សៀង ចន្ធា និង ម៉ាត់ នូរុណ៕
 

Tag:
 FIFA Series
© រក្សាសិទ្ធិដោយ thmeythmey.com