អន្តរជាតិ
វៀតណាមកំពុងចរចាជាមួយប្រទេស១៥ លើការលើកលែងទិដ្ឋាការទៅមក
19, Mar 2024 , 5:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសវៀតណាម លោក បួយ ថាញ់សឺន នៅក្នុងសភា ក្នុងថ្ងៃទី១៨ ខែមីនា។ រូបភាព VnExpress
រដ្ឋមន្រ្តីការបរទេសវៀតណាម លោក បួយ ថាញ់សឺន នៅក្នុងសភា ក្នុងថ្ងៃទី១៨ ខែមីនា។ រូបភាព VnExpress
រដ្ឋមន្រ្តីការបរទេសវៀតណាម លោក បួយ ថាញ់សឺន នៅថ្ងៃទី១៨ ខែមីនា បានប្រាប់សភាថា វៀតណាមកំពុងចរចាលើការលើកលែងទិដ្ឋាការទៅវិញទៅមកជាមួយប្រទេសចំនួន១៥ និងជាមួយប្រទេសចំនួន​ ៨០ លើការលែកលែងសម្រាប់លិខិតឆ្លងដែនការទូត។



ពីកិច្ចប្រជុំសភានៅថ្ងៃទី១៨ ខែមីនា លោក Ta Thi Yen អនុប្រធាននៃគណៈកម្មាធិការកិច្ចការអ្នកតំណាង បានអះអាងថា វៀតណាមជាទីតាំងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ ហើយក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនពីការលើកលែងទិដ្ឋាការ ដើម្បីជំរុញវិស័យទេសចរណ៍ផងដែរ។ យ៉ាងណាមិញ ការលើកលែងទិដ្ឋាការពីប្រទេសមួយចំនួនសម្រាប់ប្រជាជនវៀតណាម គឺមានតិចណាស់ ហើយការស្នើសុំទិដ្ឋាការទៅបណ្តាប្រទេសមួយចំនួន ក៏ពិបាកសម្រាប់ប្រជាជនវៀតណាម។ 
 
ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្រ្តីការបរទេសវៀតណាម បានបញ្ជាក់ថា អាជ្ញាធរកំពុងចរចាលើការលើកលែងទិដ្ឋាការទៅវិញទៅមកជាមួយបណ្តាប្រទេសជាច្រើនទៀត។ 
 
«ក្រសួងការបរទេស កំពុងចរចាជាមួយប្រទេសចំនួន ១៥សម្រាប់ការលើកលែងទិដ្ឋាការទៅវិញទៅមក និងប្រទេសចំនួន ៨០ លើការលុបចោលសម្រាប់លិខិតឆ្លងដែនរបស់មន្រ្តី»។ លោក បួយ ថាញ់សឺន បានបញ្ជាក់បែបនេះ។ 
 
មិនតែប៉ុណ្ណោះ លោករដ្ឋមន្រ្តី បានបន្តទៀតថា វៀតណាម កំពុងរៀបចំនីតិវិធី ដើម្បីជួយសម្រួលការធ្វើដំណើរ រួមទាំងការបន្តរយៈពេលស្នាក់នៅរបស់ជនបរទេសនៅវៀតណាម។ 
 
សូមបញ្ជាក់ថា ចាប់តាំងពីខែសីហា ឆ្នាំ២០២៣មក វៀតណាម បានដាក់ចេញការស្នើទិដ្ឋាការអេឡិចត្រូនិចសម្រាប់ជនបរទេសទាំងអស់ ហើយអាចបន្តការស្នាក់នៅពី៣០ថ្ងៃ រហូតដល់ ៩០ថ្ងៃ៕

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com