កីឡាជាតិ
ជាតិ
កុំភ្លេច! គោព្រៃកម្ពុជា ប៉ះក្រុមខ្លាំង ហ្គីណេអេក្វាទ័រ ម៉ោង២ទៀបភ្លឺ
22, Mar 2024 , 1:59 pm        
រូបភាព
រូបភាព៖ FFC
រូបភាព៖ FFC
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមពីទ្វីអាហ្វ្រិក ហ្គីណេអេក្វាទ័រ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ FIFA Series ក្នុងពូល A នៅប្រទេសអារ៉ាប៊ីសាអូឌីត នៅរាត្រីថ្ងៃទី២២ ខែមីនា វេលាម៉ោង ២ រំលងអាធ្រាត្រ [ម៉ោងនៅកម្ពុជា]។



ម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត នឹងបើកទ្វារកីឡដ្ឋាន Prince Abdullah Al-Faisal របស់ខ្លួន សម្រាប់ក្រុមកម្ពុជា និងហ្គីណេអេក្វាទ័រ ប្រកួតប្រជែងគ្នាដើម្បីផ្លាស់ប្តូរបទពិសោធន៍។ ចូលរួមការប្រកួតនេះ គោព្រៃកម្ពុជា បានធ្វើដំណើរទៅកាន់អារ៉ាប៊ីសាអូឌីតតាំងពីថ្ងៃទី១៩ ខែមីនា ដើម្បីហ្វឹកហាត់ត្រៀម និងបន្សាំឱ្យសាំនឹងទីតាំងអាកាសធាតុ និងពេលវេលាប្រកួត ឱ្យបានមុន៣ថ្ងៃ។
 
គ្រូបង្វឹក Filix Dalmaz បានដឹកនាំក្រុមហ្វឹកហាត់ចំនួន៣លើក ក្នុងទីក្រុង Jeddah រួចមកហើយ មុនជួបក្រុមខ្លាំងពីអាហ្វ្រិកហ្គីណេអេក្វាទ័រ ដែលស្ថិតនៅលេខរៀងទី ៧៩ពិភពលោក ដែលនៅលើកម្ពុជាចំនួន១០០លេខ។
 
បន្ទាប់ពីជំនួបដំបូងក្នុងពូល A នៃព្រឹត្តិការណ៍ FIFA Series ទល់នឹងហ្គីណេអេក្វាទ័រ នៅរាត្រីថ្ងៃទី២២ ខែមីនា កម្ពុជា នឹងត្រូវបន្តជួប ហ្គីយ៉ាន មកពីអាម៉េរិកខាងត្បូង នៅថ្ងៃទី២៧ ខែមីនា វេលាម៉ោង២ទៀបភ្លឺដដែល។
 
ក្រៅពីពូល A ម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត ក៏រៀបចំការប្រកួតសម្រាប់ពូល B ដោយរួមមាន ក្រុមប័រម៊ូដា (Concacaf), ព្រុយណេ (AFC), ហ្គីណេ (CAF) និង វ៉ានូទូ (OFC)។ ទាំងក្រុមក្នុងពូល A និង B តម្រូវឱ្យមានការប្រកួតតែពីរលើកដូចគ្នា។
 
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានបង្កើតព្រឹត្តិការណ៍ ​FIFA Series ដោយបញ្ចូលក្នុងកាលវិភាគការប្រកួតអន្តរជាតិសម្រាប់ក្រុមបុរស នៅក្នុងខែមីនា ឆ្នាំ ២០២៤ នេះ ដែលជាគម្រោងសាកល្បងនៃគោលដៅយុទ្ធសាស្ត្រការប្រកួតសកល (Strategic Objectives for the Global Game: 2023-2027) ហើយត្រូវបានសម្រេចដោយក្រុមប្រឹក្សា FIFA កាលពីខែធ្នូ ឆ្នាំ ២០២២។ FIFA Series នឹងផ្តល់ឱកាសដល់ក្រុមបាល់ទាត់កម្រិតទាប និងមិនធ្លាប់ជួបគ្នាសោះ អាចប្រកួតគ្នាជាអន្តរទ្វីប។ 
 
សមាសភាពកីឡាករ ២៣រូប ក្រោមការដឹកនាំរបស់គ្រូអាហ្សង់ទីន ដែលត្រូវចូលរួមប្រកួតក្នុង FIFA Series មានដូចខាងក្រោម៖
 
- ក្លិបវិសាខា ៣នាក់៖ ហ៊ុល គឹមហ៊ុយ, ស៊ិន សុផាណាត់ និង ស រតនា
- ក្លិបភ្នំពេញក្រោន ៥នាក់៖ អ៊ុំ វិចិត្រ, ផាច សុជាវីឡា, យ៉ើ ម៉ូស្លីម, យូឌៃ អូកាវ៉ា និង លឹម ពិសុទ្ធ
- ក្លិបព្រះខ័នរាជស្វាយរៀង ៧នាក់៖ វីរៈ ដារ៉ា, សឿយ វិសាល, សារ៉េត គ្រីយ៉ា, ធារី ចន្ថាប៊ីន, ថេឡរ នីកូឡាស់ ឌឿង, គួច ដានី និង មិន រតនៈ
- ក្លិបណាហ្គាវើលដ៍ ២នាក់៖ ជា ច័ន្ទដារ៉ា និង សុះ ស៊ូហាណា
- ក្លិបអាយ អេស អាយ ដង្កោសែនជ័យ ១នាក់៖ កែម វ៉ាន់ដា
- ក្លិបខេត្តព្រៃវែង ២នាក់៖ គង់ លីហួរ និង ផាន សុផេន
- ក្លិបទ័ព្ធ ១នាក់៖ ញាណ សុស៊ីដាន
- ក្លិបបឹងកេត ២នាក់៖ សៀង ចន្ធា និង ម៉ាត់ នូរុណ៕
 

Tag:
 FIFA Series
© រក្សាសិទ្ធិដោយ thmeythmey.com