កីឡាជាតិ
ជាតិ
Premier League នៅមានបញ្ហាអាជ្ញាកណ្តាល ទម្រាំលីគកំពូលកម្ពុជា!
02, Apr 2024 , 9:59 pm        
រូបភាព
លោក Vincent Kompany អ្នកចាត់ការទូទៅ Burnley យល់ឃើញថា កម្រិតកាត់ក្តីរបស់អាជ្ញាកណ្តាលក្នុងក្របខណ្ឌ Premier League កាន់តែធ្លាក់ចុះខ្លាំង ពិសេសនៅរដូវកាល ២០២៣-២៤នេះ។ អ្នកចាត់ការបែលហ្ស៊ិក ថែមទាំងបានចូលរួមរិះគន់ជាទូទៅលើមន្ត្រីអាជ្ញាកណ្តាល ជុំវិញការសម្រេចចិត្តដ៏ចម្រូងចម្រាសមួយចំនួនលើទីលាន។ បញ្ហាកាត់ក្តីលើទីលាន ក៏ជាប្រធានបទក្តៅផងដែរក្នុងលីគកំពូលកម្ពុជា (CPL) ដោយក្រុមភាគច្រើនតែងរិះគន់ និងបង្ហាញការមិនពេញចិត្តក្នុងការសម្រេចរបស់អាជ្ញាកណ្តាល។



នាជំនួបលីគកំពូលអង់គ្លេសសប្តាហ៍មុន ដែល Burnley បញ្ចប់ក្នុងលទ្ធផលស្មើ Chelsea ២-២ ក្រុមរបស់លោក Kompany សល់គ្នា១០នាក់ បន្ទាប់ពីអាជ្ញាកណ្តាលផ្តល់កាតក្រហមឱ្យ Lorenz Assignon។ Kompany មិនពេញចិត្តការសម្រេចនេះ និងតវ៉ាទៅអាជ្ញាកណ្តាល រហូតទទួលបានកាតក្រហមខ្លួនឯងទៀត។
  
ប្រាប់អ្នកយកព័ត៌មានក្រោយចប់ការប្រកួត Kompany បង្ហាញការខកចិត្តចំពោះអាជ្ញាកណ្តាល ដោយលើកឡើងថាការតវ៉ាខ្លះចំពោះអាជ្ញាកណ្តាលហេតុអ្វីមិនអាចធ្វើទៅបាន។
 
«ការកាត់ក្តីខ្លះ ផ្តល់ឱ្យអ្នកនូវអារម្មណ៍ខឹងកាន់តែខ្លាំង តែខ្ញុំនឹងប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីកុំឱ្យមានប្រតិកម្មបែបនេះកើតឡើង។ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​មន្ត្រី​អាជ្ញាកណ្តាល ​ថា​អាជ្ញាកណ្តាល​កាត់ក្តីមិន​ល្អ​គ្រប់​គ្រាន់ឡើយ​ក្នុង​រដូវ​កាល​នេះ។ ខ្ញុំ​​និយាយ​បែប​នេះ​ក្នុង​ន័យ​ស្ថាបនាប៉ុណ្ណោះ»។ នេះជាការរៀបរាប់របស់ Kompany។ អតីតខ្សែការពារឆ្នើម Manchester City និងជម្រើសជាតិបែលហ្ស៊ិកបន្ថែមថា កាលពីឆ្នាំមុន រូបគេសរសើរអាជ្ញាកណ្តាលនៅអង់គ្លេសកាត់ក្តីល្អបំផុតលើលោក ហើយយល់ថានេះជាការសរសើរដ៏ត្រឹមត្រូវ ប៉ុន្តែឆ្នាំនេះខុសពីឆ្នាំមុន។
 
Burnley ប្រឈមធ្លាក់ទៅកាន់លីគទី២អង់គ្លេស Championship រដូវកាលក្រោយ ដោយសព្វថ្ងៃពួកគេស្ថិតនៅចំណាត់ថ្នាក់ទី១៩ ដោយរកបានតែ១៨ពិន្ទុប៉ុណ្ណោះ ពីការប្រកួត៣០លើក តាមពីក្រោយក្រុមលេខ១៨ Luton Town និងក្រុមលេខ១៧ Nottingham Forest ចំនួន៤ពិន្ទុ ស្របពេលការប្រកួតនៅសល់៨លើកប៉ុណ្ណោះ នឹងបញ្ចប់រដូវកាលនេះ។
 
ក្នុងលីគលំដាប់ពិភពលោកដូចជាអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ជាដើម សុទ្ធតែប្រើប្រាស់អាជ្ញាកណ្តាលកម្រិត FIFA និងតាមបណ្តាកីឡដ្ឋានក៏មានបំពាក់បច្ចេកវិទ្យាជំនួយការអាជ្ញាកណ្តាល (VAR) ប៉ុន្តែបញ្ហាអាជ្ញាកណ្តាល នៅតែកើតមានជារើយៗ។ ចុះទម្រាំលីគកំពូលកម្ពុជាវិញ នឹងមានភាពលំបាកប៉ុណ្ណា ខណៈលីគត្រូវប្រើអាជ្ញាកណ្តាលកម្រិតតំបន់ និងគ្មាន VAR ផងនោះ។
 
ដោយសារការមិនពេញចិត្ត នឹងការកាត់ក្តីរបស់អាជ្ញាកណ្តាល ក្លិបមួយចំនួននៅលីគកំពូលកម្ពុជាតែងតែបង្ហាញការខឹងសម្បារ និងរិះគន់ជាដើម។ ថ្មីៗនេះ ក្លិបបាល់ទាត់វិសាខា ធ្លាប់ប្រកាសដកខ្លួនចេញពីលីគកំពូលទាំងពាក់ណ្តាលផ្លូវ ដោយសារតែការកាត់ក្តីខ្វះចន្លោះមួយចំនួនរបស់អាជ្ញាកណ្តាល។
 
យ៉ាងណាក៏ដោយ ក្រោយមានការសម្របសម្រួលពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និង CPL ព្រមទាំងមានការទទួលស្គាល់ពីភាគីអាជ្ញាកណ្តាលជុំវិញការកាត់ក្តីរបស់ខ្លួន ក្លិបវិសាខា បានត្រឡប់ចូលលីគវិញកាលពីសប្តាហ៍មុន។ ទោះត្រឡប់មកវិញសម្រាប់ប្រកួតសេសសល់រដូវកាលនេះក្តី ប៉ុន្តែកញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិការក្លិបវិសាខា លើកឡើងថា នៅរដូវកាលក្រោយក្រុមខ្លួនមិនប្រាកដនឹងចូលរួមប្រកួតប្រជែងជើងឯក CPL នោះឡើយ ប្រសិនបើគ្មានការកែសម្រួលលើការឆ្លើយតបការតវ៉ារបស់ក្លិបឱ្យប្រសើរជាងមុន និងបញ្ហាកាត់ក្តីរបស់អាជ្ញាកណ្តាល ទេនោះ។
 
វិសាខា ស្ថិតនៅចំណាត់ថ្នាក់ទី៣ ក្នុងតារាង CPL មាន៣៨ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត និងអស់ឱកាសប្រជែងជើងឯករដូវកាលនេះហើយ ដ្បិតតាមពីក្រោយម្ចាស់ការពារជើងឯកភ្នំពេញក្រោនដែលនៅលេខ២ ចំនួន២០ពិន្ទុ និងក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ដល់ទៅ២៧ពិន្ទុ៕
 

Tag:
 Premier League
  CPL
© រក្សាសិទ្ធិដោយ thmeythmey.com