កីឡាអន្តរជាតិ
អន្តរជាតិ
U23 Asian Cup៖ ម៉ាឡេស៊ី ដាក់គោលដៅវគ្គ១/២ផ្តាច់ព្រ័ត្រ ដើម្បីជម្រុះទៅអូឡាំពិកប៉ារីស
03, Apr 2024 , 12:09 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ដាក់គោលដៅឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ U23 Asian Cup 2024 ដើម្បីបានកៅអីជម្រុះអូឡាំពិកក្រុងប៉ារីស ឆ្នាំ២០២៤។ ៤ក្រុមពីតំបន់អាស៊ីអាគ្នេយ៍ រួមមាន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម និងថៃ ត្រូវប្រជែង១២ក្រុមទៀតក្នុងពានរង្វាន់ទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ នៅប្រទេសកាតា។



ការប្រកួតពានរង្វាន់កីឡាបាល់ទាត់ទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ AFC U23 Asian Cup ឆ្នាំ ២០២៤ នឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែមេសា។ ម្ចាស់ផ្ទះកាតា នឹងប្រើប្រាស់កីឡដ្ឋានចំនួន៤ រូមមាន Jassim bin Hamad, Khalifa International, Abdullah bin Khalifa និង Al Janoub ដើម្បីដំណើរការប្រកួត ដែលមាន១៦ក្រុមចូលរួម។ តាមច្បាប់អូឡាំពិក ក្រុមជើងឯក ជើងឯករង និងលេខ៣ ពីព្រឹត្តិការណ៍ U23 Asian Cup នេះ នឹងបានកៅអីទៅអូឡាំពិករដូវក្តៅ ក្រុងប៉ារីស​ ឆ្នាំ២០២៤ ដោយស្វ័យប្រវត្តិ ស្របពេលក្រុមលេខ៤ ត្រូវជម្រុះ ជាមួយក្រុម U23 African Cup សម្រាប់១កៅអីចុងក្រោយទៅកាន់ប្រទេសបារាំង។
 
លោក Datuk Hamidin Amin ប្រធានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) បង្ហាញការជឿជាក់លើសមាជិកក្រុម ក្នុងការឈានទៅកាន់វគ្គ៤ក្រុមចុងក្រោយ U23 Asian Cup ឆ្នាំ២០២៤។ «ខ្ញុំជឿថា ម៉ាឡេស៊ី ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Juan Garrido អាចបង្កើតប្រវត្តិសាស្ត្រថ្មី»។ លោក Amin បានប្រាប់កាសែត New Straits Times។
 
ម៉ាឡេស៊ី ធ្លាប់បានបង្ហាញខ្លួនក្នុងការប្រកួត U23 Asian Cup ពីរដង ដោយលទ្ធផលល្អបំផុត គឺឈានវគ្គ ៨ក្រុមចុងក្រោយក្នុងឆ្នាំ ២០១៨។ នៅឆ្នាំ ២០២២ ម៉ាឡេស៊ីបានធ្លាក់ចេញពីវគ្គចែកពូលដោយចាញ់ទាំង៣ប្រកួតតែម្តង។
 
ខុសពីព្រឹត្តិការណ៍មុន លើក​នេះ FAM បាន​រៀបចំ​ក្រុម​កាន់តែ​ប្រុង​ប្រយ័ត្ន​ជាមួយ​នឹង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​ច្រើន​។ កាល​ពី​ខែ​មីនា ម៉ាឡេស៊ី​ ឈ្នះ​ឥណ្ឌា ២-១ និង​ស្មើ ១-១ ក្នុងជំនួបមិត្តភាពអន្តរជាតិ។ នៅថ្ងៃទី១ ខែមេសា ក្រុមកីឡាករម៉ាឡេស៊ីចំនួន ២៦ នាក់បានមកដល់ប្រទេសកាតា ពោលគឺមុនព្រឹត្តិការណ៍ដល់ទៅពីរសប្តាហ៍ ដើម្បីសម្របខ្លួនទៅនឹងអាកាសធាតុ។ មិនតែប៉ុណ្ណោះ ម៉ាឡេស៊ី នឹងមានប្រកួតមិត្តភាពចំនួនពីរជាមួយចិន និងកាតា នៅទឹកដីកាតា។
 
ម៉ាឡេស៊ី ស្ថិតក្នុងពូល D ជាមួយវៀតណាម អូសប៊េគីស្ថាន និងកូវែត។ ម៉ាឡេស៊ី នឹងចាប់ផ្តើមការប្រកួតបើកឆាកទល់ក្រុមខ្លាំង អូសប៊េគីស្ថាន នៅថ្ងៃទី១៧ ខែមេសា នៅកីឡដ្ឋាន Khalifa International Stadium វេលាម៉ោង ៤​ល្ងាច [ម៉ោងនៅកម្ពុជា]។
 
៣ពូលផ្សេងទៀត ក្នុងនោះពូល A មាន ម្ចាស់ផ្ទះកាតា អូស្ត្រាលី ហ្សកដានី និងឥណ្ឌូណេស៊ី។ ពូល B មានជប៉ុន កូរ៉េខាងត្បូង អេមីរ៉ាត់អារ៉ាប់រួម និងចិន។ ពូល C មានម្ចាស់ការពារតំណែងជើងឯកអារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ ថៃ និងតាហ្ស៊ីគីស្ថាន។
 
ដោយឡែក សម្រាប់ក្រុមកីឡាបាល់ទាត់ផ្នែកបុរស ទៅកាន់អូឡាំពិកក្រុងប៉ារីស ឆ្នាំ២០២៤ គេបានរកឃើញក្រុមចំនួន១២ ក្នុងចំណោម១៦កក្រុមហើយ។ ទាំង១២ក្រុមនោះរួមមានម្ចាស់ផ្ទះបារាំង អាម៉េរិក ដូមីនីក (CONCACAF), អេស្ប៉ាញ អ៊ីស្រាអែល និងអ៊ុយក្រែន ( UEFA), ម៉ារុក អេហ្ស៊ីប និងម៉ាលី (Africa), នូវែលសេឡង់ (OFC), អាហ្សង់ទីន ជាមួយប៉ារ៉ាហ្កាយ (CONMEBOL)។ ដោយឡែក ៤ក្រុមទៀត នឹងត្រូវជ្រើសចេញពីតំបន់អាស៊ី៣ក្រុម និង១ក្រុម ពីការប្រកួតជម្រុះរវាងក្រុមលេខ៤ ពី U23 Asian Cup ឆ្នាំ២០២៤ ជាមួយ U23 African Cup ពីតំបន់អាហ្វ្រិក៕  
 

Tag:
 U23 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com