ជាតិ
៤ខែ ក្រសួងធនធានទឹក សង្រ្គោះស្រូវប្រាំងបាន៦ម៉ឺនហិកតា
04, Apr 2024 , 9:59 pm        
រូបភាព
រូបពីក្រសួងធនធានទឹក ​និងឧត្តុនិយម
រូបពីក្រសួងធនធានទឹក ​និងឧត្តុនិយម
ភ្នំពេញ៖ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងធនធានទឹក បានសហការជាមួយអាជ្ញាធរមូលដ្ឋាន អន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងពលរដ្ឋប្រមាណ៦ម៉ឺនហិកតា នៅតាមបណ្តាខេត្ត។


 
ខេត្តទាំង១៤ ដែលអាជ្ញាធរ បានជួយសង្គ្រោះស្រូវប្រាំងនេះ រួមមាន បន្ទាយមានជ័យ, តាកែវ, កំពត, ត្បូងឃ្មុំ, កំពង់ឆ្នាំង, កំពង់ធំ, ក្រចេះ, កំពង់ចាម, កណ្តាល, ស្វាយរៀង ខេត្តកំពង់ស្ពឺ, ពោធិ៍សាត់, ព្រៃវែង និងប៉ៃលិន។ នេះជាការបញ្ជាក់របស់ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅក្នុងកិច្ចប្រជុំ «បូកសរុបលទ្ធផលការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងជូនប្រជាកសិករឆ្នាំ២០២៤» នៅថ្ងៃទី៤ ខែមេសា។ 
 
រដ្ឋមន្ត្រីធនធានរូបនេះ បានណែនាំឱ្យមន្រ្តីយកចិត្តទុកដាក់ថែទាំស្ថានីយបូមទឹក និងម៉ាស៊ីនបូមទឹកគ្រប់ប្រភេទឱ្យបានត្រឹមត្រូវ ដើម្បីត្រៀមជួយអន្តរាគមន៍ដល់កសិករទាន់ពេលវេលា។

ក្រៅពីនោះ ក៏ត្រូវត្រូវបង្កើនការផ្សព្វផ្សាយដល់សាធារណជន ឱ្យចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់បំផុត ជាពិសេសនៅតំបន់ជនបទ ឬដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។
 
យោងតាមការព្យាកររបស់ក្រសួងធនធានទឹក ចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា ឆ្នាំ២០២៤ កម្ដៅនឹងកើនឡើងជាលំដាប់។ ក្នុងនោះ ចន្លោះពីខែមេសា ដល់ដើមខែឧសភា កម្ដៅអាចកើនឡើងខ្លាំង ជាមួយនឹងសីតុណ្ហភាព៣៨អង្សា ហើយថ្ងៃខ្លះ អាចឡើងដល់៤១អង្សា។ ក្នុងពេលកម្ដៅកើនឡើងនោះ បរិមាណទឹកភ្លៀងកក់ខែ ក៏ធ្លាក់ក្នុងចំនួនតិចតួចជាងឆ្នាំ២០២៣ដែរ ហើយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន៕
 

Tag:
 ក្រសួងធនធានទឹក
  ស្រូវប្រាំង
  កម្ដៅ
© រក្សាសិទ្ធិដោយ thmeythmey.com