កីឡាជាតិ
ជាតិ
គោព្រៃកម្ពុជា ទទួលម៉ុងហ្គោលី នៅស្តាតអូឡាំពិកដែលទើបដំឡើងកៅអីថ្មីសន្លាង
05, Apr 2024 , 12:01 pm        
រូបភាព
ទីបំផុត ពហុកីឡដ្ឋានជាតិអូឡាំពិកដែលទើបដំឡើងកៅអីមានបង្អែកថ្មីរួចរាល់ ស្របតាមគោលការណ៍ FIFA នឹងត្រូវទទួលដឹកនាំការប្រកួតលើកដំបូង ក្នុងជំនួបមិត្តភាពអន្តរជាតិ រវាងក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទល់នឹងក្រុមម៉ុងហ្គោលី។



នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃទី៥ ខែមេសា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសរៀបចំការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមគោព្រៃ និង ម៉ុងហ្គោលី ដែលនឹងធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។ 
 
ការប្រកួតនេះ FFC នឹងប្រើប្រាស់កីឡដ្ឋានអូឡាំពិកដែលបានដំឡើងកៅអីមានបង្អែករួចរាល់ ស្របតាមស្តង់ដារសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និង អាស៊ី (AFC) និងជាការប្រកួតអន្តរជាតិលើកដំបូងរបស់កម្ពុជា សម្រាប់ឆ្នាំ ២០២៤នេះ។ 
 
បន្ទាប់ពីដំឡើងកៅអីថ្មី ២៥០០០កៅអីរួចរាល់ ជាមួយរចនាបថខ្មែរក្បាច់ផ្កាចន្ទន៍ ដោយចំណាយទឹកប្រាក់ជិតកន្លះលានដុល្លារ ទីលានប្រកួតកីឡាបាល់ទាត់ក្នុងស្តាតអូឡាំពិក អាចផ្ទុកទស្សនិកជនផ្លូវការសរុបចំនួន ៣ម៉ឺននាក់។
 
ក្រុមជម្រើសជាតិកម្ពុជា ដែលមានលោក Felix Dalmax ជាគ្រូបង្វឹក ស្ថិតនៅចំណាត់ថ្នាក់ទី១៧៩ ក្នុងតារាង FIFA Ranking ពិភពលោក ស្របពេលម៉ុងហ្គោលី​ នៅលេខរៀងទី១៩១។
 
ទាំងកម្ពុជា និងម៉ុងហ្គោលី សុទ្ធតែទទួលលទ្ធផលមិនល្អដូចគ្នា ក្រោយរងបរាជ័យទាំងពីរប្រកួតរៀងខ្លួននៅការប្រកួតមិត្តភាព FIFA Series កាលពីខែមីនា។ នៅ FIFA Series កម្ពុជា ចាញ់ហ្គីយ៉ាន់ ៤-១ និងចាញ់ ហ្គីណេអេក្វាទ័រ ២-០ ស្របពេលម៉ុងហ្គោលី ចាញ់ តង់សានី ១-០ និង អាស៊ែបៃហ្សង់ ១-០៕
 

Tag:
 មិត្តភាពអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com