ជាតិ
កង្វះការយល់ដឹង ធ្វើឱ្យកម្មការិនី សុខុម ប្រើប័ណ្ណ ប.ស.ស មិនអស់សក្ដានុពល
06, Apr 2024 , 8:59 am        
រូបភាព
 លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា កំពុងផ្ដល់កិច្ចសម្ភាសដល់សារព័ត៌មានថ្មីៗ។ រូបភាព៖ ឈុំ ចន្ថា
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា កំពុងផ្ដល់កិច្ចសម្ភាសដល់សារព័ត៌មានថ្មីៗ។ រូបភាព៖ ឈុំ ចន្ថា
ភ្នំពេញ៖ អ្នកស្រី អ៊ូ សុខុម ជាកម្មការិនី ពិការភាពជើងខាងស្ដាំ និងមានជំងឺទឹកនោមផ្អែមប្រចាំកាយ មិនបានប្រើប្រាស់ប័ណ្ណបេឡាជាតិសន្តិសុខសង្គម( ប.ស.ស ) ដើម្បីថែទាំនិងព្យាបាលជំងឺ ឱ្យអស់សក្ដានុពលឡើយ ដោយសារកត្តាយល់ដឹងនៅមានកម្រិត។

 
កម្មការិនីរោងចក្រ ដែលរស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរូបនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាល បាក់ឆ្អឹងស្មងជើង កាលពីអំឡុងឆ្នាំ២០១៩។ គ្រានោះ អ្នកស្រី បានប្រើប្រាស់ប័ណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដើម្បីទទួលបានការគាំទ្រលើថ្លៃព្យាបាល។ 
 
ប៉ុន្តែពីរខែក្រោយមក កម្មការិនីរូបនេះ សម្រេចចិត្តវិលចូលធ្វើការវិញ ទាំងជើងនៅជាប់ដែក ដែលពេទ្យបានដាក់អបជាប់នឹងស្មងជើង។ «ខ្ញុំត្រូវទៅដេរវិញ ទាំងជើងជាប់ដែក ហើយពេលខ្លះហៀរឈាមចេញមកក៏មាន! ដល់ខាងរោងចក្រគេឃើញចឹង គេឱ្យដកដែកចេញសិន បានគេឱ្យបន្តធ្វើការងារ។ ពេលនោះខ្ញុំខ្វះខាត ចង់តែដោះដែកចេញពីជើងចេញឆាប់ៗ ដើម្បីធ្វើការតែពេទ្យមិនដកឱ្យ ព្រោះឆ្អឹងដុះមិនទាន់ជិត ហើយខ្ញុំក៏ទៅដោះដែកចេះជាមួយគ្រូខ្មែរ»។ កម្មការិនីវ័យ៤២ខាងលើរូបនេះ បានរៀបរាប់ទាំងទឹកមុខស្រណោះស្ដាយ ដែលមិនបានថែទាំសុខភាព តាមការណែនាំរបស់ពេទ្យជំនាញ ទើបមកដល់សព្វថ្ងៃនេះ រូបនាងនៅតែបន្តឈឺជើងជាប្រចាំ។ 
 
អង្គុយបត់ជើងលើបន្ទះក្ដា ដែលជាគ្រែសម្រាក ក្នុងបន្ទប់ទំហំប្រមាណ៣ម៉ែត្រ អ្នកស្រី សុខុម បានប្រាប់សារព័ត៌មានថ្មីៗថា នៅពេលឈឺជើងម្ដងៗ អ្នកស្រីបានត្រឹមទៅពេទ្យក្បែរៗនោះ ហើយមានពេទ្យខ្លះ រុញឱ្យទៅពេទ្យព្រះកុសុមៈវិញ ដោយលើកហេតុផលថា មន្ទីរពេទ្យនោះ ជាអ្នកព្យាបាល និងដាក់ដែកអបស្មងជើងរបស់នាង ពេលជួបបញ្ហាដំបូង។ ហេតុនេះ ដើម្បីងាយស្រួលតាមដានស្ថានភាពជំងឺ ត្រូវវិលទៅពេទ្យដើមវិញ។ 
 
ដោយសារបារម្ភខ្លាចគ្រូពេទ្យស្ដីបន្ទោស ពាក់ព័ន្ធនឹងរឿងដោះដែកអបជើងចេញជាមួយគ្រូខ្មែរ កម្មករដែលមានពិការភាពរូបនេះ មិនហានទៅពិនិត្យនិងតាមដានស្ថានភាពជើងរបស់ខ្លួន នៅពេទ្យព្រះកុសុមៈ បន្តទៀតឡើយ។ ម្យ៉ាងទៀតកម្មកររូបនេះ ក៏ខ្លាចអវត្តមានច្រើននៅកន្លែងការងារ ហើយរងការស្ដីបន្ទោស ឬត្រូវខាងរោងចក្របញ្ឈប់ការងារផង ទើបមិនហ៊ានសុំច្បាប់ទៅពេទ្យច្រើនដង។ 
 
ក្នុងបន្ទប់តូចចង្អៀត អង្គុយបានប្រមាណ៣នាក់ប៉ុណ្ណោះ អ្នក សុខុម ដែលមានជីវភាពខ្វះខាត មានត្រឹមសម្លៀកបំពាក់ព្យួររយីងរយោង ខាងក្រោយកន្លែងដេក និងចានឆ្នាំងបន្តិច នៅចុងជើង បានរៀបរាប់ត្អូញត្អែរថា ប៉ុន្មានខែចុងក្រោយ ក្នុងឆ្នាំ២០២៤នេះ លទ្ធភាពនៃការដេរសម្លៀកបំពាក់ប្រចាំថ្ងៃ បានធ្លាក់ចុះ ពុំគ្រប់ចំនួនកំណត់របស់រោងចក្រដូចមុនឡើយ ព្រោះជើងបន្តឈឺកាន់តែខ្លាំង។ ហេតុនេះ ទើបអ្នកស្រី បារម្ភខ្លាចបាត់បង់ការងារកាន់តែខ្លាំងឡើង។ 
 
«ខ្ញុំមិនសូវយល់ដឹងច្បាប់ការងារ ច្បាប់សម្រាកអ្វីច្រើនទេ! ហើយ ប.ស.ស ដឹងត្រឹមតែថា យើងទៅព្យាបាលជំងឺដោយមិនចំណាយប្រាក់»។ ស្ត្រីពិការរូបនេះ បានទទួលស្គាល់បែបនេះ។ 
 
ទោះបីការយល់ដឹងរបស់កម្មករខាងលើ នៅមានកម្រិតក៏ពិតមែន តែលោក  អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានដាក់បន្ទុកទាំងនេះ ទៅលើភាគីរោងចក្រ មន្ត្រីជំនាញក្រសួងការងារ និងខាងមន្ទីរពេទ្យ។ 
 
មេសហជីពរូបនេះ យល់ថា មន្ត្រីជំនាញក្រសួងការងារ និងភាគីរោងចក្រ ត្រូវតែរួមគ្នា បញ្ជ្រាបចំណេះដឹងស្ដីពី សិទ្ធិការងារ និងការទទួលបានអត្ថប្រយោជន៍ដល់កម្មករជាប្រចាំ ដោយកំណត់វគ្គបណ្ដុះបណ្ដាលដល់ពួកគេឱ្យច្បាស់លាស់។ 
 
លោក អាត់ ធន់ បានបន្ថែមថា៖ «កម្មករខ្លះមិនហ៊ានទៅពេទ្យ ដោយសារនីតិវិធី សុំច្បាប់ស្មុគស្មាញ ពិសេសពេទ្យខ្លះកម្មករឈឺទៅពេទ្យ ពួកគាត់អត់ចេញលិខិតឱ្យទេ ដោយខ្លាចមានការត្រួតពិនិត្យ ឬមានការរករឿងច្រើនពីខាងភាគីពាក់ព័ន្ធនៅពេលចេញលិខិតសម្រាកឱ្យអ្នកជំងឺច្រើន»។
 
អ្នកស្រី អ៊ូ សុខុម ជាកម្មការិនី ហើយបច្ចុប្បន្នមានពិការភាពជើងខាងស្ដាំ និងមានជំងឺទឹកនោមផ្អែមប្រចាំកាយ ។ 
 
សូមជម្រាបថា សមាជិក ប.ស.ស ដែលគ្រោះថ្នាក់ការងារ អាចស្នើសុំឱ្យ ប.ស.ស វាយតម្លៃពីការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍បាន ។ ការវាយតម្លៃនេះ ប.ស.ស. នឹងរៀបចំឱ្យមានការពិនិត្យសុខភាព​ និងវាយតម្លៃកម្រិតបាត់បង់សមត្ថភាពការងារ របស់ជនរងគ្រោះជាទៀងទាត់ ដើម្បីវិនិច្ឆ័យពីការប្រែប្រួលចំពោះកម្រិតនៃការបាត់បង់សមត្ថភាពការងារ ព្រមទាំងសើរើចំនួនប្រាក់ធនលាភ ដែលត្រូវផ្ដល់ឡើងវិញ ឱ្យជនរងគ្រោះផងដែរ។ នេះបើតាមរបាយការណ៍របស់ ប.ស.ស។ 
 
ទន្ទឹមនឹងនេះ ករណី ខាង ប.ស.ស វាយតម្លៃទៅ ឃើញថា សមាជិក ប.ស.ស បាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ក្នុងកម្រិតចាប់ពី ២០ភាគរយ ឡើងទៅ ជនរងគ្រោះ មានសិទ្ធិទទួលបានធនលាភ សម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ជារៀងរាល់ខែ។ 
បន្ថែមពីនេះ បើការវាយតម្លៃទៅ ឃើញថា បាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ក្នុងកម្រិតតិចជាង ២០ភាគរយ (ពិការភាព ឬខូចខាតផ្នែកណាមួយនៃរាងកាយ) ក៏មានសិទ្ធិទទួលបានវិភាជន៍ សម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ដែរ ប៉ុន្តែទទួលបានតែម្ដងប៉ុណ្ណោះ។ 
 
ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ រហូតដល់មានបញ្ហាជើងធ្ងន់ធ្ងរនេះ អ្នកស្រី អ៊ូ សុខុម មិនដែលស្នើសុំឱ្យមន្ត្រី ប.ស.ស មកវាយតម្លៃពីការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ របស់ខ្លួនឡើយ ដោយសារមិនសូវយល់ច្បាស់ពីនីតិវិធីច្បាស់លាស់។ 
 
ក្រៅពីមានពិការភាពហើយ ស្ត្រីវ័យ៤២ឆ្នាំខាងលើ ក៏មានជំងឺប្រចាំកាយផងដែរ គឺជំងឺទឹកនោមផ្អែម។ កន្លងមក កម្មកររោងចក្រកាត់ដេររូបបនេះ ធ្លាប់ប្រើប្រាស់ប័ណ្ណប.ស.ស ដើម្បីពិនិត្យនិងបើកថ្នាំ សម្រាប់ជំងឺទឹកនោមផ្អែមដែរ ប៉ុន្តែ អ្នកស្រី សុខុម យល់ថា ថ្នាំដែលបើកដោយប្រើប័ណ្ណ ប.ស.ស ដែលមានការពិនិត្យកម្រិតទឹកនោមត្រឹមត្រូវនោះ លេបទៅពុំត្រូវនឹងសភាពជំងឺខ្លួនឡើយ ព្រោះពេលលេបទៅធ្វើទុក្ខខ្លាំង បណ្ដាលឱ្យអ្នកស្រីគ្មានកម្លាំងធ្វើការ។ ដូច្នេះ អ្នកស្រី វាយតម្លៃថា ថ្នាំដែលបើកដោយប្រើប្រាស់ ប.ស.ស មិនសូវមានប្រសិទ្ធិភាព ដូចថ្នាំដែលអ្នកស្រី ទិញពីមន្ទីរពេទ្យឯកជនឡើយ។ 
 
«ទិញពីពេទ្យឯកជន គេឱ្យថ្នាក់សម្រាប់អ្នកទឹកនោមផ្អែកលេបដូចគ្នា តែកម្រិតធ្ងន់ជាង ហើយលេបទៅអត់ធ្វើទុក្ខ។ ពេលទៅបើកថ្នាំទឹកនោមផ្អែម ដោយប្រើ ប.ស.ស ខ្ញុំក៏ធ្លាប់សុំឱ្យពេទ្យចេញថ្នាំ ដូចទិញនៅពេទ្យឯកជនដែរ តែពេទ្យរដ្ឋនោះមិនចេញឱ្យ ព្រោះពេទ្យបញ្ជាក់ថា មិនអាចបើកថ្នាំខុសកម្រិតដែលបានពិនិត្យ ដូចពេទ្យឯកជនឡើយ»។ អ្នកស្រី សុខុម បានឱ្យដឹងបែបនេះ។ 
 
សូមជម្រាបថា អ្នកមានជំងឺ មហារីក ទឹកនោមផ្អែម និងលើសឈាម ដែលជាជំងឺរ៉ាំរ៉ៃបែបនេះ បើមានប័ណ្ណ ប.ស.ស នឹងទទួលសេវាថែទាំនិងព្យាបាលដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យដែលបានសហការជាមួយ ប.ស.ស ដែលមានជាង១៥០០កន្លែងនៅទូទាំងប្រទេស។ 
 

Tag:
 អុកស្វាម
  ប.ស.ស
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com