ជាតិ
សង្គមជាតិ
យូណេស្កូគ្រោង​បញ្ចូល​ «ក្រមាក្នុងប្រពៃណីខ្មែរ» ក្នុងបញ្ជីបេតិកភណ្ឌ​នាកិច្ចប្រជុំនៅប៉ារ៉ាហ្កាយចុងឆ្នាំនេះ
18, Apr 2024 , 3:57 pm        
រូបភាព
ដោយ: រួបរួម
«ក្រមាក្នុងប្រពៃណីខ្មែរ» ស្ថិតក្នុងចំណោមបេតិកភណ្ឌចំនួន៦៧ ដែលនឹងត្រូវចុះបញ្ជីជាផ្លូវការ នាអំឡុងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលលើកទី១៩នៃអនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី នៅក្រុង Asuncion ប្រទេសប៉ារ៉ាហ្កាយ ពីថ្ងៃទី២ ដល់៧ ខែធ្នូ ខាងមុខនេះ។



«ក្រមាក្នុងប្រពៃណីខ្មែរ» (Cultural Practices and expressions linked to Krama, a traditional woven textile in Cambodia) ត្រូវបានស្នើសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់យូណេស្កូ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដោយមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាតំណាង។

អត្ថបទទាក់ទង


«ក្រមា» ឬ «កន្សែង» គឺជាសំពត់ត្បាញដោយអំបោះ ឬសូត្រ មានក្រឡាខ្វែង។ យោងតាមបញ្ជីសារពើភណ្ឌមរតកវប្បធម៌អរូបីកម្ពុជា ដែលចេញផ្សាយកាលពីឆ្នាំ២០១៩  «ក្រមា» គឺជាពាក្យដែលខ្មែរខ្ចីពីភាសារបស់ពែរ្ស (Persian) ដែលប្រហែល ជាចូលមកខ្មែរក្រោយសតវត្សទី១៤។ អ្នកនិយមប្រើពាក្យ «ក្រមា» ភាគច្រើនជាអ្នកនៅទីក្រុង ឬទីប្រជុំជន រីឯអ្នកជនបទនិយមប្រើពាក្យកន្សែងជាង ហើយជួនកាលទៀត អ្នកស្រុកហៅថា «ឈ្នួត» ឬ «សំពត់ដណ្តប់» ដោយអាស្រ័យទៅតាមតំបន់។

ក្នុងសង្គមខ្មែរ ក្រមាមានប្រយោជន៍យ៉ាងច្រើនក្នុងជីវភាពប្រចាំថ្ងៃ ដោយពលរដ្ឋប្រើប្រាស់តាំងពីកើតរហូតដល់ស្លាប់ ដូចជាយកទៅរុំ ដណ្តប់ ចងធ្វើអង្រឹង, ធ្វើជាកម្រាលផ្សេងៗ, ស្លៀក, ជួតក្បាល, ទទូរ, ពានា, ជូតញើស ឬជូតខ្លួន, ចង ឬរំ របួស, បក់ឱ្យរហើយ, បក់រុយ ឬមូស, ចោមពុង, ពាតបា (អាវអៀម), ផ្លាស់ ងូតទឹក, ធ្វើជាចំណង ឬចងប្រទាក់គ្នាធ្វើពួរ, ចងធ្វើថ្នក់ដាក់របស់របរផ្សេងៗ។ល។ ក្រមាក៏ត្រូវបានប្រើជាផ្នែកខ្លះនៃរណ្តាប់ដូចជា រុំផ្កាស្លាក្នុងពិធីមង្គលការ, រុំថង់រង, រុំបាយ ព្រលឹង, រុំបាយស្រីដើម, ធ្វើជាទ្រនឹបគ្រូ ឬរណ្តាប់ព្រះពិស្ណុការក្នុងកិច្ចពិធីផ្សេងៗ។

ក្នុងល្បែងប្រជាប្រិយ គេយកក្រមាចងធ្វើឈូង ឬលេងលាក់កន្សែង, ចងមុខលេងរាវបង្កង ឬលេងវាយក្អមពេលចូលឆ្នាំជាដើម។ ក្រមា ឬកន្សែង ត្រូវគេយកទៅដំឡើងជា របាំរាំលើឆាក និងចងក្រងជាទំនុកច្រៀង។ ចំពោះអ្នកស្រុកដែលមានប្រពៃណី ថ្កុំថ្កើងជាប់ជាមួយសូត្រ គេយកក្រមាសូត្រជារបស់ប្រចាំចិត្ត ឬចំណងដៃគូសង្សារ គូភរិយាស្វាមី ឬកូនប្រសា។

ខ្លះជឿថា ការប្រើប្រាស់ក្រមាសូត្រជួយលើករាសី និងអាចការពារខ្លួនពីការបៀតបៀន នានាផង។ ឯកសារបញ្ជីសារពើភណ្ឌមរតកវប្បធម៌អរូបីកម្ពុជា ក៏បានលើកឡើងផងដែរថា ចំណេះជំនាញត្បាញក្រមា បានផ្ទេរបន្តឥតដាច់ពីជំនាន់មួយទៅជំនាន់មួយ រហូតមកដល់សព្វថ្ងៃ ហើយរីកដុះដាលនៅតាមស្រុក តាមតំបន់ជាច្រើនទូទាំងប្រទេស។

ក្រៅពីក្រុមការងារជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងសហគមន៍ អ្នកជំនាញនៅតាមស្ថាប័ន និងអង្គការក្រៅរដ្ឋាភិបាល ក៏បានរួមចំណែកយ៉ាងសកម្មក្នុងការរៀបចំបញ្ជីសារពើភណ្ឌនេះផងដែរ ដែលក្នុងនោះមានតំណាងសហគមន៍តម្បាញ១៥រូបពីបណ្តារាជធានី-ខេត្ត, មន្ត្រីជំនាញពីបណ្តាក្រសួងស្ថាប័នចំនួន៧នាក់ និងតំណាងសមាគមចំនួន៣នាក់ ដែលក្នុងនោះលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ផងដែរ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ក្រមាដែលមានប្រវែងជាង១០០០ម៉ែត្រ បានជាប់កំណត់ត្រាពិភពលោក (Guinness World Records)។ កម្មវិធីបំបែកកំណត់ត្រានេះ ត្រូវបានរៀបចំដោយក្រុមការងារ GOGO Cambodia ដោយមានការចូលរួមត្បាញពីពលរដ្ឋរាប់ពាន់នាក់ក្នុងរយៈពេលជាង៥ខែនៅទីតាំងវាលព្រះមេរុ៕



© រក្សាសិទ្ធិដោយ thmeythmey.com