ជាតិ
បទវិភាគ
ចិន​មាន​ឥទ្ធិពល​នៅ​កម្ពុជា និង​អាស៊ី​ទាំងមូល!
19, Feb 2015 , 11:20 am        
រូបភាព
ភ្នំពេញ៖ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ប្រទេស​ចិនប្រជាមានិត​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​កាន់តែខ្លាំងឡើងៗទៅកាន់​ទ្វីបអាស៊ី និង​អាហ្វ្រិក។ នៅក្នុង​ទ្វីបអាស៊ី ជាពិសេស អាស៊ាន ចិន​ក៏​កំពុង​បង្កើន​ឥទ្ធិពល​របស់ខ្លួន​ដែរ។ កម្ពុជា ដែលជា​ប្រទេស​តូចតាច​មួយ​នៅក្នុង​អាស៊ាន និង​អាស៊ី ពិតជា​មិនអាច​គេចផុត​ចេញពី​ចំហាយ​ឥទ្ធិពល​របស់​ចិន​បានឡើយ។



ដោយ​មិន​និយាយ​ពី​ឥទ្ធិពល​ចិន​នៅ​អាហ្វ្រិក ចិន​បាន និង​កំពុង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាពិសេស ក្នុង​តំបន់​អាស៊ាន​តែម្តង។ ការបង្ហាញ​វត្តមាន​របស់​ចិន​នៅ​តំបន់​អាស៊ី ជាពិសេស នៅ​តំបន់​អាស៊ាន ត្រូវបាន​គេ​មើលឃើញថា ចិន​កំពុង​ប្រជែង​ឥទ្ធិពល​ជាមួយ​អាមេរិក ទាំង​យុទ្ធសាស្ត្រ​យោធា និង​សេដ្ឋកិច្ច។

ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ប្រទេស​ចិន​ប្រជា​មាន​និ​ត​មាន​ទំនាក់ទំនង​ល្អជា​មួយ​បណ្តា​ប្រទេស​មួយចំនួន ដូចជា៖ ប្រទេស​ភូមា ប្រទេស​ឡាវ ប្រទេស​កម្ពុជា និង​ចុង​ក្រោយនេះ ចិន​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​យ៉ាង​ល្អជា​មួយ​ប្រទេស​ថៃ​ដែល​ដឹកនាំ​ដោយ​របប​យោធា។ ថៃ ដែល​ធ្លាប់ជា​សម្ព័ន្ធភាព​ជិត​ស្និ​ទ្ធិ​របស់​សហរដ្ឋអាមេរិក។ តួលេខ​មួយចំនួន​បាន​បង្ហាញថា ប្រទេស​ចិន ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​បាន​បង្កើន​ថវិកា​ការពារជាតិ​កាន់តែច្រើនឡើងៗដែលជា​ប្រការ​ធ្វើអោយ​ប្រទេស​អាមេរិក ជប៉ុន និង​បណ្តា​ប្រទេស​ដទៃទៀត​ព្រួយបារម្ភ។

ក្រៅពី​ឥទ្ធិពល​យោធា ចិន​បង្កើន​ការវិនិយោគទុន​ដ៏​ច្រើន​នៅក្នុង​ប្រទេសមួយ​ចំនួន​ធំ​នៅ​អាស៊ី និង​ជាពិសេស នៅ​អាស៊ាន។ តួលេខ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​អាស៊ាន​មួយចំនួន​បាន​បង្ហាញថា បណ្តា​ប្រទេស​អាស៊ាន​ពឹងផ្អែក​កាន់តែច្រើន​ឡើងលើ​ទំនិញ​របស់​ប្រទេស​ចិន ដែល​កាលពី​ពេលមុន ប្រទេស​អាស៊ាន​ធ្លាប់​ពឹង​ផ្អែកលើ​ប្រទេស​ផ្សេង​ក្រៅពី​ចិន។

ប្រសិនបើ​គេ​និយាយ​ពី​ក្របខ័ណ្ឌ​អាស៊ី និង​អាស៊ាន ចិន​ទទួលជោគជ័យ តាមរយៈ​ការបង្កើន​ឥទ្ធិពល​របស់ខ្លួន​ទាំង​យោធា និង​សេដ្ឋកិច្ច។ ចុះ​ក្នុងប្រទេស​កម្ពុជា​វិញ?

នៅក្នុង​ប្រទេស​កម្ពុជា​វិញ ចិន និង​កម្ពុជា មាន​ទំនាក់ទំនង​យ៉ាង​ល្អ​បំផុត ទាំង​ទំនាក់ទំនង​ការទូត ទាំង​ទំនាក់​សេដ្ឋកិច្ច និង​វប្បធម៌។ វប្បធម៌​ចិន កំពុង​គ្របដណ្តប់​លើ​សង្គម​ខ្មែរ​យ៉ាងខ្លាំង និង​មិនអាច​ដកខ្លួន​រួច​ផង។ ជាក់ស្តែង ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន​នេះ ទីផ្សារ​មួយចំនួន សាលារៀន ក្រសួង​មន្ទី​របស់​រដ្ឋ​មួយចំនួន​បាន​បិទទ្វារ។ ប្រសិនបើ​បន្ត​បើកទ្វារ ក៏​គ្រាន់តែ​បើក​ដែរ តែ​មិនសូវមាន​មនុស្ស​មក​ធ្វើការ​ឡើយ។

ផ្អែកលើ​ទំនាក់ទំនង​ការទូត ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ទទួលបាន​ជំនួយ​យ៉ាងច្រើន​ពី​ប្រទេស​ចិនប្រជាមានិត។ ជំនួយ​របស់​ចិន គឺជា​ជំនួយ​គ្មាន​លក្ខខណ្ឌ។ កម្ពុជា​គាំទ្រ​ពេញទំហឹង​គោលនយោបាយ​ចិន​តែមួយ។

ផ្អែកលើ​ទំនាក់ទំនង​សេដ្ឋកិច្ច អ្នកវិនិយោគ​ចិន បាន និង​កំពុង​បណ្តាក់​ទុនវិនិយោគ​យ៉ាងច្រើន​នៅ​កម្ពុជា ជាពិសេស ក្នុង​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​កាត់ដេរ។ អ្នកទេសចរ​ចិន មក​ទស្សនា​ប្រទេស​កម្ពុជា​កាន់តែច្រើនឡើងៗពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ ផ្អែក​ទំនាក់ទំនង​វប្បធម៌​វិញ កូន​ខ្មែរ​កាត់​ចិន កាន់តែ​ច្រើនឡើង​បាននាំគ្នា​រៀន​ភាសា​ចិន។ ប្រទេស​ចិន​បានផ្តល់​អាហារូបករណ៍​កាន់តែច្រើន​មកដល់​និស្សិត​ខ្មែរ។ កម្មវិធី​ផ្លាស់ប្តូរ​វប្បធម៌​រវាង​និស្សិត​ចិន និង​កម្ពុ​ជាមាន​កាន់តែច្រើនឡើង។

សរុបសេចក្តី​មកវិញ ប្រទេស​ចិន​ដែលជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​លេខ២បន្ទាប់ពី​សហរដ្ឋអាមេរិក កំពុង​បង្ហាញ​ឥទ្ធិពល​របស់ខ្លួន​មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ តែ​នៅក្នុង​អាស៊ាន និង​អាស៊ី​ទាំងមូល។ វត្តមាន​របស់​ចិន​នៅ​តំបន់​អាស៊ី​នេះ ធ្វើអោយ​ប្រទេស​អាមេរិក និង​ជប៉ុន​ដែលជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​អាមេរិក មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង៕


© រក្សាសិទ្ធិដោយ thmeythmey.com