ជាតិ
ពីនេះ ពីនោះ
ប្រធាន​ស្ថាប័ន​ខ្លះ​បរាជ័យ​ក្នុងការ​ទប់ស្កាត់​មន្ត្រី​មិនអោយ​ឈប់​ពេល​ចូលឆ្នាំ​ចិន!
20, Feb 2015 , 7:55 am        
រូបភាព

 
ភ្នំពេញ៖ ដោយសារតែ​និន្នាការ​នៃ​ការចូលរួម​អបអរសាទរ​ពិធីបុណ្យ​ប្រពៃណី​ចូលឆ្នាំ​ចិន និង​វៀតណាម​កាន់តែ​មាន​វិសាលភាព​ធំឡើងៗ គេ​សង្កេតឃើញ​ប្រធាន​ស្ថាប័នរដ្ឋ​មួយចំនួន​បរាជ័យ​ក្នុងការ​ទប់ស្កាត់​មិនអោយ​មន្ត្រី​របស់ខ្លួន​ឈប់សម្រាក​នាពេល​បុណ្យចូលឆ្នាំ​ចិន និង​វៀតណាម​នេះ។ នេះ គឺជា​ទម្លាប់​ដែល​អាច​ក្លាយទៅជា​ប្រពៃណី ហើយ​គេ​ពិបាក​នឹង​កែ​ឡើងវិញ​នាពេល​អនាគត។



ពលរដ្ឋ​ខ្មែរ​កាត់​ចិន ចិន​កាត់​ខ្មែរ ខ្មែរ​កាត់​វៀតណាម វៀតណាម​កាត់​ខ្មែរ ឬ​ខ្មែរ​សុទ្ធ​បាននាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ចូលឆ្នាំ​ចិន និង​វៀតណាម យ៉ាង​គគ្រឹកគគ្រេង។ ស្ថាប័នរដ្ឋ​បើកទ្វារ​តែ​ខ្វះ​មន្ត្រី​ធ្វើការ សាលារៀន​រដ្ឋ និង​ឯកជន​បិទទ្វារ ផ្សារធំៗនៅ​ទីក្រុង​ភ្នំពេញ​បិទទ្វារ ក្រុមហ៊ុន​ឯកជន​បិទទ្វារ។ល។

ប្រសិនបើ​និយាយ​ពី​សាលារៀន​ដែល​នៅ​បន្ត​បើកទ្វារ​វិញ មាន​មែន​វត្តមាន​គ្រូ តែ​គ្មាន​សិស្ស និង​និស្សិត។ «គ្រូ​ខ្លះ​ខ្សិ​ប​ប្រាប់​កូនសិស្ស​ថា កុំមក​ច្រើនពេក​នាំ​តែ​ពិបាក​បង្រៀន។ បើ​មក​ចំនួន​តិច មិនចាំបាច់​បង្រៀន​ទេ»។

នៅតាម​ស្ថាប័នរដ្ឋ មន្ត្រី​ខ្លះ មក​មួយ​ព្រឹក ឈប់​ពេល​ល្ងាច។ មក​ពេល​ល្ងាច ឈប់​ពេលព្រឹក ឬ​មិន​មក​តែម្តង បើទោះបី​ជាមាន​បម្រាប​ហាម​មិនអោយ​ឈប់​ក៏ដោយ​ក្តី។ ប្រសិនបើ​មាន​មន្ត្រី​ខ្លះមក​ធ្វើការ​ក៏ដោយ ក៏​ពួកគេ គ្មាន​អារម្មណ៍​ធ្វើការ​ដែរ។ ពួកគេ​គ្រាន់តែ​មក​បង្ហាញអោយឃើញ​មុខតែ​ប៉ុណ្ណោះ។

នៅក្នុង​ស្ថាប័នរដ្ឋ​ខ្លះ មន្ត្រី​ថ្នាក់លើ​ហាម​មន្ត្រី​ថ្នាក់ក្រោម​កុំអោយ​ឈប់​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន តែ​ខ្លួនឯង​ឈប់សម្រាក​ទៅវិញ។ នេះ​គឺជា​បទបញ្ជា​ច្របូកច្របល់ និង​គ្មាន​គោលការណ៍​អ្វី​ពិតប្រាកដ​ឡើយ។

ការឈប់​សម្រាក​របស់​មន្ត្រីរាជការ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន និង​វៀតណាម​នេះ ធ្វើអោយ​កម្ពុជា​ខាតបង់​ប្រយោជន៍​ពីរ​យ៉ាងធំ។ ទី១ រូបភាព​មិនល្អ​ដែល​មន្ត្រី​ខ្មែរ​ឈប់​ធ្វើការ​នៅក្នុង​បុណ្យចូលឆ្នាំ​សាសន៍​ដទៃ និង​ទី២ រដ្ឋាភិបាល​បាត់បង់​ប្រសិទ្ធិភាព​ការងារ។ បាត់បង់​ប្រសិទ្ធិភាព​ការងារ មានន័យថា រដ្ឋាភិបាល​ខាតបង់​ប្រាក់កាស៕ 





© រក្សាសិទ្ធិដោយ thmeythmey.com