ពីនេះ ពីនោះ
តើ​ប្រាក់ចំណូល​ពី​ធនធាន​ខ្សាច់​មាន​ចំនួន​ប៉ុន្មាន? មិន​យល់…?
29, Mar 2015 , 9:29 am        
រូបភាព

 
ក្នុង​រយៈពេល​ចុងក្រោយ​នេះ មន្ត្រី​រាជរដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ជជែក​គ្នា​ពី​រឿង​បញ្ហា​ខ្សាច់​ច្រើន។ ស្ថាប័ន​ណា​ជា​អ្នកទទួលខុសត្រូវ​ពិតប្រាកដ? ក្រសួង​ធន​ធន​ទឹក ឬ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល? តែ​ចុង​ក្រោយនេះ គេ​បានលឺ​ច្បាស់​ពី​មាត់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ថា គឺ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​ជា​អ្នក​ទទួលខុស និង​ត្រូវ។ ដូច្នេះ ចាប់ពីពេលនេះ​តទៅ នៅពេល​ដែលមាន​បញ្ហា​បាក់​ច្រាំងទន្លេ ឬ​មាន​បញ្ហាផ្សេងៗ ហើយ​មាន​ការតវ៉ា​ពី​ប្រជាពលរដ្ឋ គេ​ពិតជា​ដឹង​ច្បាស់​ថា ក្រសួង​ឧស្សាហកម្ម​ជា​អ្នក​ចេញមុខ​ដោះស្រាយ។



តាមពិត បញ្ហា​ធ្វើ​អាជីវកម្ម​ធនធាន​ខ្សាច់​ដែល​អាច​នាំអោយ​បាក់​ច្រាំងទន្លេ ហើយ​ទាញ​ទម្លាក់​ផ្ទះ​ពលរដ្ឋ​ចូលក្នុង​ទឹកបាន​កើតឡើង​ជាច្រើន​ឆ្នាំ​មកហើយ។ តែ​ការដោះស្រាយ​ទើបត្រូវ​បាន​គេ​ចាត់វិធានការ​នាពេលនេះ។

ជា​លក្ខណៈ​សេដ្ឋកិច្ច គ្មាន​ប្រទេស​ណាមួយ​ហាម​មិនអោយ​រដ្ឋាភិបាល​ធ្វើ​អាជីវកម្ម​លើ​ធនធាន​របស់ខ្លួន​ដើម្បី​អភិវឌ្ឍ​ប្រទេស​នោះទេ។ ប៉ុន្តែ អ្វី​ដែលជា​រឿង​សំខាន់​នៅ​កម្ពុជា គឺថា អ្នកពាក់ព័ន្ធ​ជជែក​គ្នាច្រើន​ពី​រឿង​បាក់​ច្រាំង ពី​រឿង​ក្រសួង​នេះ​កាន់ ក្រសួង​នោះ​អត់​កាន់ ខ្សាច់​បូម​កន្លែង​នេះ​បាន កន្លែង​នោះ​មិនបាន ក្រុមហ៊ុន​នេះ​មាន​អាជ្ញាប័ណ្ណ ក្រុមហ៊ុន​នោះ​អត់​អាជ្ញាប័ណ្ណ អ្នកនេះ​លក់​អាជ្ញាប័ណ្ណ​អោយ​អ្នកនេះ អត់​អ្នកនោះ។ គេ​លឺ​តែ​រឿង​ខាងលើនេះ  ប៉ុន្តែ គេ​មិនដែល​លឺ​ក្រសួង​ពាក់ព័ន្ធ​ប្រកាស​ពី​ប្រាក់ចំណូល​បាន​ពី​ការធ្វើ​អាជីវកម្ម​ខ្សាច់​ជា​សា​ធាណៈ​ឡើយ?

តើ​ចំណូល​រដ្ឋ​ពី​អាជីវកម្ម​ខ្សាច់​មាន​ចំនួន​ប៉ុន្មាន​ពិតប្រាកដ? តើ​ប្រាក់ចំណូល​ហ្នឹង​មាន​តម្លាភាព​ឬទេ?

តើ​ប្រាក់ចំណូល​ពី​ខ្សាច់​ត្រូវ​យកទៅ​ចំណាយ​ដើម្បី​អ្វី? ហេតុអ្វី​គេ​មិន​នាំគ្នា​ជជែក​គ្នា​ពី​រឿង​ប្រាក់ចំណូល​ពី​អាជីវកម្ម​ខ្សាច់​សម្រាប់​ថវិការដ្ឋ? មិន​យល់…? 
សូមបញ្ជាក់ថា អាជ្ញាធរ​អប្សរា បន្ទាប់ពី​មានរឿង​ចម្រូងចម្រាស​ពាក្យសម្តី​ជាមួយ​តំណាងរាស្ត្រ​បក្សប្រឆាំង​ពី​រឿង​ប្រាក់ចំណូល​ពី​រមណីយដ្ឋាន​អង្គរ​រួចមក របាយការណ៍​ប្រាក់ចំណូល​ពី​ការចូល​ទស្សនា​អង្គរវត្ត​ត្រូវបាន​អាជ្ញាធរ​អប្សរា​លាតត្រដាង​ជា​សាធារណៈ​ជា​រៀងរាល់ខែ៕


© រក្សាសិទ្ធិដោយ thmeythmey.com