ពីនេះ ពីនោះ
រដ្ឋ​គួរ​ចាប់ផ្តើម​គិតគូរ​រក្សា​ដី​រដ្ឋ​ទុក ហើយ​សង់​លំនៅដ្ឋាន​សម្រាប់​ជួល ឬ​លក់​ឲ្យ​គ្រួសារ​ក្រីក្រ​
06, Jun 2016 , 7:19 am        
រូបភាព
 
​នៅក្នុង​ប្រទេសមួយ​ចំនួន​នៅលើ​ពិភពលោក រដ្ឋាភិបាល​បាន​រក្សា​ដី​របស់​រដ្ឋ​ទុក​ក្នុង​ចំណែក​ណាមួយ ទាំង​នៅតាម​ទីក្រុង​ធំៗ និង​នៅតាម​បណ្តា​ខេត្ត​នានា​ក្នុង​គោលបំណង​ដើម្បី​សាងសង់​លំនៅដ្ឋាន​សម្រាប់​ជួល ឬ​លក់​ឲ្យ​គ្រួសារ​ក្រីក្រ​ដែល​ខ្វះ​លទ្ធភាព​ទិញ​ផ្ទះសម្បែង​ល្អ​ដែលមាន​តម្លៃ​ថ្លៃ​កប់​ពពក​។


​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ មិន​ផ្តល់​លំនៅដ្ឋាន​ឲ្យ​គ្រួសារ​ក្រីក្រ​ទាំងអស់នោះ ដោយ​មិន​គិត​ប្រាក់​នោះទេ​។ តែ​គេ​អាច​លក់​ឲ្យ​អ្នកក្រីក្រ​ក្នុងតម្លៃ​ថោក ឬក៏​អាច​ជួល​ឲ្យ​ពួកគេ​ក្នុងតម្លៃ​ទាប​បំផុត​។ និយាយ​ជារួម រដ្ឋ​ត្រូវមាន​កាតព្វកិច្ច​សម្រួល​គ្រប់​មធ្យោបាយ​ដើម្បី​ឲ្យ​គ្រួសារ​ក្រីក្រ​អាចមាន​ដំបូល​រស់នៅ​នឹង​គេ​។ 
 
​ងាក​មក​ប្រទេស​កម្ពុជា​វិញ តម្លៃ​ដី​នៅក្នុង​ក្រុង និង​ក្នុង​ខេត្ត​ចាប់ផ្តើម​ឡើងថ្លៃ​កប់​ពពក​ដែលជា​ប្រការ​រារាំង​អ្នកក្រីក្រ​ក្នុង​ការទិញ​ផ្ទះសម្បែង​ដើម្បី​រស់នៅ​។ ពលរដ្ឋ​ក្រីក្រ​នាពេល​សព្វថ្ងៃនេះ គ្មាន​ជម្រើស​អ្វី​ក្រៅតែពី​ជួល​ផ្ទះ​ឯកជន​រស់នៅ​។ ការធ្វើ​យ៉ាងនេះ អ្នកក្រ​ក្រី​ធ្វើការ​បានត្រឹមតែ​បង់ថ្លៃ​ឈ្នួល​ផ្ទះ​ប៉ុណ្ណោះ​។ 
 
​ចាប់ពីពេលនេះ​តទៅ តើ​រដ្ឋាភិបាល​គួរ​ចាប់ផ្តើម​រក្សា​ដី​រដ្ឋ​ទុក​ដើម្បី​សាងសង់​ខុន​ដូ​ក្នុង​តម្លៃថោក​សម្រាប់​ជួល ឬ​លក់​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ហើយ​ឬ​នៅ​? បើ​មិនទាន់​បានគិត​ទេ គួរ​ចាប់ផ្តើម​គិត​ចាប់ពីពេលនេះ បើ​មិន​ដូច្នោះ​ទេ អ្នកក្រីក្រ​ទាំងឡាយ​ពិតជា​គ្មាន​វាសនា​អាចមាន​ទ្រនំ​រស់នៅ​នឹង​គេ​ឡើយ បើ​តម្លៃ​អចលនទ្រព្យ​ចេះតែ​ឡើងថ្លៃ​គ្មាន​ទីបញ្ចប់​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com