ពីនេះ ពីនោះ
«​ឌឿងហែម​» ជា​ពាក្យ​ត្រូវបាន​ខ្មែរ​មួយចំនួន​ប្រើ តែ​ឫសគល់​ដើម​មកពី​ពាក្យ​វៀតណាម
26, Jun 2016 , 1:39 pm        
រូបភាព
​ខ្មែរ​មួយចំនួន​ប្រើប្រាស់​ពាក្យ​«​ឌឿងហែម​»​ដោយ​មិនដឹង​ខ្លួន​ថា​វា​មាន​ឫសគល់​មកពីណា​ទេ​។ តែ​គ្រាន់តែ​ពួកគេ​យល់ថា ពាក្យ​នេះ​អាច​មានន័យថា «​ផ្លូវ​តូច​»​។



​តាមពិត ពាក្យ​«​ឌឿងហែម​»​នេះ មាន​ឫសគល់​ដើមកំណើត​ពី​ពាក្យ​វៀតណាម​ដែល​អាចមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា ផ្លូវលំ​តូចៗ​។ ជនជាតិ​វៀតណាម​ច្រើន​និយាយថា​«​ឌី ឌឿងហែម​» មានន័យ​ជា​ភាសា​ខ្មែរ​ថា ធ្វើដំណើរ​ទៅតាម​ផ្លូវលំ​តូចៗ​។

​គេ​មិនដឹងថា ពាក្យ​កម្ចី​នេះ ចូលមក​ស្រុក​ខ្មែរ​តាំងពីណា​មក​នោះទេ​។ តែ​ខ្មែរ​ដែលមាន​វ័យ​ចំណាស់​ចាប់ពី​ជាង​៤០​ឆ្នាំ​ឡើងទៅ​អាច​ចេះ​ពាក្យ​នេះ​ច្រើន ហើយ​ដឹងថា ពាក្យ​នេះ​ជា​ពាក្យ​កម្ចី​មកពី​ភាសា​វៀតណាម​។ មនុស្ស​ក្រោម​៤០​ឆ្នាំ អាច​ចេះ​ប្រើពាក្យ​នេះ ឬ​មិនចេះ​ប្រើពាក្យ​នេះ​។ តែបើ​ពួកគេ​ចេះ​ប្រើប្រាស់​ពាក្យ​នេះ​ក៏ដោយ ក៏​ពួកគេ​ខ្លះ​មិនបាន​ដឹងថា ពាក្យ​នេះ មាន​ដើមកំណើត​ពី​ភាសា​វៀតណាម​ដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com