ជាតិ
ពីនេះ ពីនោះ
គ្រោះ​ព្រោះ​ឆន្ទៈ​ក្លែងក្លាយ​
10, Sep 2016 , 4:00 pm        
រូបភាព
ដោយ:
​កំណាព្យ​បទ មេ​បួន​

-​ថ្លែង​ពី​ឆន្ទៈ​ ​ស្ទើរ​ស្ទាក់​តាម​កាល​
​គ្មាន​ក្នុង​ខួរក្បាល ​ខ្លះ​ធ្វើតាម​គ្នា​។​
-​គេ​ថា​នេះ​ល្អ​ ​ផ្អើល​ឆ​គាំពារ​
​រួច​តាំងខ្លួន​ជា​ ​អ្នក​រួម​ផ្តាច់​ប្តូរ​។​
-​រឿង​វប្បធម៌​ ​ធ្វើ​ញ័រ​ដើរ​កូរ​
​ខ្លះ​បាន​ត្រឹម​ប្រូ​ ​កូរ​យកឈ្មោះ​ល្បី​។​
-​អួតថា​ស្រឡាញ់​ ​គិត​កាញ់​ឃ្មាតខ្មី​
​បាន​ត្រឹម​ទ្រឹស្តី​ ​ស្តី​ឲ្យ​ពីរោះ​។​
-​ល្ខោនខោល​ឃើញ​ជាក់​ ​ឆន្ទៈ​ថែ​ឈ្មោះ​
​កុំ​ឲ្យ​រងគ្រោះ​ ​ព្រោះ​គេ​បំបាត់​។​
-​បាន​ត្រឹម​មួយ​ប្រាវ​ ​ចូល​បាវ​ពូន​ស្ងាត់​
​ក្រុម​អ្នក​ចែង​ចាត់​ ​ស្ងាត់បាត់​ដំណឹង​។​
-​ចម្រៀង​កុន​ខ្មែរ​ ​ស្បថស្បែ​ថា​ប្រឹង​
​ធ្វើ​ឲ្យ​គេ​ដឹង​ ​ថា​ខ្មែរ​ធ្វើបាន​។​
-​បាន​ត្រឹម​ប្រកាស​ ​ឃើញច្បាស់​មិន​ស្មាន​
​អ្នកមើល​គ្រប់​ប្រាណ​ ​មិនបាន​គាំទ្រ​។​
-​មាន​ទាំង​រឿង​ជាតិ​ ​ខ្លះទៀត​ប្រឹង​ភរ​
​បាន​ត្រឹម​បន្ទរ​ ​ភួ​ត​ភរ​ក្មេងៗ​។​
-​អួតថា​ស្រឡាញ់​ ​គិត​កាញ់​មិន​កេង​
​ថែម​ប្រាប់​ក្មេងៗ​ ​ឲ្យ​ត្រាប់​តាម​ខ្លួន​។​
-​ក្រោយខ្នង​ធ្វើ​ផ្សេង​ ​កិបកេង​បំពួន​
​មាន​បក្ស​ពួកខ្លួន​ ​ឲ្យ​ជាតិ​ដុនដាប​។​
-​ឆន្ទៈ​បន្លំ​ ​ឃើញ​ចំ​ជា​បាប​
​ជាតិ​ចុះ​សូន្យ​សាប​ ​ខ្មាស​បាប​កែ​ទៅ​៕
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!

© រក្សាសិទ្ធិដោយ thmeythmey.com