ជាតិ
សង្គមជាតិ
សៀវភៅ​«​អ្នក​រូត​វាំងនន​សង្គម​» ត្រូវបាន​ដាក់លក់​ក្នុង​ថ្ងៃ​បុណ្យខួប​១០០​ថ្ងៃ​លោក កែម ឡី​
15, Oct 2016 , 9:30 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជីវិត​បាន​បាត់បង់​ទៅហើយ​ក៏ពិតមែន តែ​លោក កែម ឡី បាន​បន្សល់ទុក​នូវ​ស្នាដៃ​ជាច្រើន​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​សម្រាប់​ទុក​ពិចារណា​ក្នុងន័យ​អភិវឌ្ឍ​សង្គម​។  លោក កែម ឡី តែងតែ​ផ្ដល់​គំនិត និង​ទស្សនៈ​តាមរយៈ​បទ​វិភាគ​នានា​ដល់​អ្នកសារព័ត៌មាន  និង​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។


 
​ស្រប​ពេលដែល​ក្រុមគ្រួសារ និង​ប្រជាពលរដ្ឋ​ច្រើន​នាក់​កំពុង​ប្រារព្ធ​ពិធី​បុណ្យខួប​១០០​ថ្ងៃ​ជូន​លោក កែម ឡី គេ​សង្កេតឃើញ​វត្តមាន​សៀវភៅ​ជាច្រើន​ក្បាល​កំពុង​ត្រូវបាន​គេ​ដាក់លក់​ក្នុង​ពិធី​នោះ​ផងដែរ​។ សៀវភៅ​ដែលមាន​ចំណងជើង​ថា អ្នក​រូត​វាំងនន​សង្គម ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​អ្នក កែម ឡី និយម​។ សៀវភៅ​នេះ ត្រូវបាន​គេ​លក់​ក្នុងតម្លៃ​៣​ដុល្លារ​។ 
 
​សៀវភៅ អ្នក​រូត​វាំងនន​សង្គម បង្កប់​អត្ថន័យ​រិះគន់​សង្គម​តាមរយៈ​រឿង​ក​ប្លែង ឬ​រឿង​ខ្លីៗ​ដែល​បង្កើតឡើង​ដោយ​ផ្នែក​លើ​ស្ថានភាព​ជាក់ស្តែង​របស់​ស​ង្គ​ម​ពិត​នាពេល​បច្ចុប្បន្ន​។ រឿង​ទាំងនោះ មានដូចជា អ្នកវិភាគ​អត់​ចេះ​អ្វី​ទេ​។ មន្ត្រី​ស្អាតស្អំ​មាន​រាង​បែបណា​?​។ តើ​យួន​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​?​។​ល​។ ម្យ៉ាងទៀត សៀវភៅ​នេះ ក៏បាន​ចងក្រង​ពាក្យស្លោក​របស់លោក កែម ឡី ផងដែរ ដូចជា ជូត​ទឹកភ្នែក​របស់​អ្នក​រួច​បន្តដំណើរ​ទៅមុខទៀត​។ ពាក្យស្លោក​នេះ ត្រូវបាន​យុវជន និង​ប្រជាពលរដ្ឋ​ដឹងថា​ជា​បណ្ដាំ​ចុងក្រោយ​របស់លោក កែម ឡី​។ 
 
​គួ​រម្លឹក​ផង​ដែលថា លោក កែម ឡី ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ Star Mart ស្ថានីយ​ចាក់​សាំង Caltex ស្តុ​ប​បូកគោ ក្រុងភ្នំពេញ ខណៈពេលដែល​លោក​កំពុង​ទទួលទាន​កាហ្វេ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ កន្លងមក​៕ 

Tag:
 កែម ឡី​
© រក្សាសិទ្ធិដោយ thmeythmey.com