ជាតិ
សង្គមជាតិ
សៀវភៅ​ស្នាដៃ​លោក កែម ឡី ៧​ពាន់​ក្បាល​លក់ដាច់​អស់​តែ​ក្នុង​រយៈពេល​២​ថ្ងៃ​
16, Oct 2016 , 11:37 am        
រូបភាព
រូបភាព៖ ហ្វេសប៊ុក
រូបភាព៖ ហ្វេសប៊ុក
ដោយ:
​ភ្នំពេញ​៖ គិត​ត្រឹម​រយៈពេល​តែ​២​ថ្ងៃ​ប៉ុណ្ណោះ សៀវភៅ​ទាំងពីរ​ភាគ​របស់លោក កែម ឡី លក់ដាច់​អស់​ចំនួន​៧០០០​ក្បាល​សម្រាប់​ភាគ​ទី​១(​អ្នក​រូត​វាំងនន​សង្គម​) និង​ភាគ​ទី​២(​កម្រង​ទស្សន​សង្គម និង នយោបាយ​)​។ បើ​គិត​ជា​ទឹកប្រាក់​វិញ ក្រុមការងារ​ប្រមូលបាន​ទឹកប្រាក់​ប្រមាណ​ជា​២​ម៉ឺន​ដុល្លារ​អាមេរិក​។


 
​លោក ហង្ស វិទូ ក្រុមអ្នកវិភាគ​វ័យក្មេង និង​ជា​អ្នក កែម ឡី និយម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃអាទិត្យ​នេះ​ថា ក្នុង​រយៈពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ សៀវភៅ​របស់លោក កែម ឡី លក់​អស់​គ្មាន​សល់​។ សៀវភៅ​មួយ​ក្បាល​ត្រូវបាន​គេ​លក់​ក្នុងតម្លៃ ៣​ដុល្លារ​។ តែ​សម្រាប់​អ្នក​គ្មាន​ថវិកា ក្រុមការងារ​ផ្តល់ជូន​ឲ្យ​ដោយ​មិន​គិតថ្លៃ​។ 
 
​អ្នកវិភាគ​វ័យក្មេង​រូបនេះ​បន្តទៀតថា អ្នកមាន​ធនធាន​ខ្លះ​បាន​បន្ថែម​ប្រាក់​របស់គេ​លើសពី​តម្លៃ​៣​ដុល្លារ​ទៅទៀត​។ ចំនួន​ទឹកប្រាក់​ដែល​បាន​ពី​ការលក់​ត្រូវបាន​ក្រុមការងារ​យកទៅ​ចំណាយ​សម្រាប់​កិច្ចការ​បោះពុម្ព​។ 
 
​សៀវភៅ អ្នក​រូត​វាំងនន​សង្គម បង្កប់​អត្ថន័យ​រិះគន់​សង្គម​តាមរយៈ​រឿង​កំប្លែង ឬ​រឿង​ខ្លីៗ​ដែល​បង្កើតឡើង​ដោយ​ផ្នែក​លើ​ស្ថានភាព​ជាក់ស្តែង​របស់​ស​ង្គ​ម​ពិត​នាពេល​បច្ចុប្បន្ន​។ រឿង​ទាំងនោះ មានដូចជា អ្នកវិភាគ​អត់​ចេះ​អ្វី​ទេ​។ មន្ត្រី​ស្អាតស្អំ​មាន​រាង​បែបណា​?​។ តើ​យួន​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​?​។​ល​។ ម្យ៉ាងទៀត សៀវភៅ​នេះ ក៏បាន​ចងក្រង​ពាក្យស្លោក​របស់លោក កែម ឡី ផងដែរ ដូចជា ជូត​ទឹកភ្នែក​របស់​អ្នក​រួច​បន្តដំណើរ​ទៅមុខទៀត​។ ពាក្យស្លោក​នេះ ត្រូវបាន​យុវជន និង​ប្រជាពលរដ្ឋ​ដឹងថា​ជា​បណ្ដាំ​ចុងក្រោយ​របស់លោក កែម ឡី​។ សៀវភៅ​ភាគពី​របស់លោក កែម ឡី និយាយ​ពី​ទស្សន​សង្គម និង​នយោបាយ​របស់លោក​។ 
 
​ហេតុអ្វី​បានជា​ពលរដ្ឋ​មួយចំនួន​ណាមួយ​នោះ​ស្រឡាញ់​លោក កែម ឡី ខ្លាំង​ម្ល៉េះ​? 
​ចម្លើយ​ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន និង​ធ្លាប់​លឺ​គេ​បញ្ចេញមតិ​នោះ គឺថា ទី​១ លោក កែម ឡី គឺជា​អ្នកចេះដឹង រៀន​ដល់​ថ្នាក់បណ្ឌិត ដូច្នេះ ឃាតករ​មិនគួរ​បាញ់សម្លាប់​អ្នកចេះដឹង​ឡើយ​។ ទី​២ លោក កែម ឡី គឺជា​អ្នក​ហ៊ាន​តស៊ូ​មតិ ហ៊ាន​បញ្ចេញមតិ​និយាយ​ពី​ចំណុច​អវិជ្ជមាន​របស់​សង្គម​។ ទី​៣ លោក កែម ឡី គឺជា​មនុស្ស​ស្លូតត្រង់ សម្តី​និយាយ​ចេញទៅ​ងាយ​យល់ ស្រួល​ស្តាប់​។ ទី​៤ លោក ឡី គឺជា​មនុស្ស​មានគំនិត​ជួយ​សង្គម ជួយ​អ្នកដទៃ ជាជាង​គិតតែ​ពី​គ្រួសារ ឬ​បក្សពួក​ខ្លួនឯង​។ យោងតាម​មិត្តភក្តិ​របស់លោក កែម ឡី​, លោក កែម ឡី មាន​ជីវភាព​សាមញ្ញ ធម្មតា ពោល គឺ​មិនមែនជា​អ្នកមាន​ទ្រព្យធន​ហូរហៀ​នោះទេ និង​ទី​៥ អ្នក កែម ឡី និយម​ច្រើន​គិតថា លោក ឡី គឺជា​អ្នក​ស្រឡាញ់​ជាតិ​៕ 

Tag:
 កែម ឡី​
© រក្សាសិទ្ធិដោយ thmeythmey.com