ពីនេះ ពីនោះ
ពេល​បើកបរ ប្រយ័ត្ន​ឃាតករ​លាក់​មុខ​!
19, Oct 2016 , 11:16 am        
រូបភាព
ដោយ:
​កំណាព្យ​បទ គោ​ព័ទ្ធ​ស្នឹង​
​ដោយ ប៉ាកកា​ខ្មៅ​
 
-​ពិឃាត​តាមផ្លូវ​មិន​រើសមុខ​
​មុខក្រោយ​ជួប​ទុក្ខ​ប្តូរ​វេន​គ្នា​
​គ្នា​ធ្លាប់​ជួបជុំ​យំ​បែក​លា​
​លាលែង​ឃើញ​គ្នា​លា​បែក​ភព​។​


 
-​ភព​នេះ​ជួប​គ្រោះ​ព្រោះតែ​អ្នក​
​អ្នក​តែង​លួចលាក់​ឆក់​មិន​ឈប់​
​ឈប់​ពួន​សម្លាប់​ទាំង​ថ្ងៃ​យប់​
​យប់​ថ្ងៃ​ឃើញ​គ្រប់​គ្រោះ​មិន​ដាច់​។​
 
-​ដាច់​ជើង​ដាច់​ដៃ​ស​សៃ​ឆ្អឹង​
​ឆ្អឹងឆ្អែង​ស្តែង​ឆ្កឹង​របូត​សាច់​
​សាច់ឈាម​ជាប់​ថ្នល់​ដួល​ប្រកាច់​
​កាច់ក​មូល​ផ្តាច់ជីវិត​ទៅ​។​
 
-​ទៅ​ស្រែ​ដូច​ក្រុង​ក្នុង​រដ្ឋា​
​ថា​ដល់​ទីណា​អ្នក​ចាំ​នៅ​
​នៅតែ​លាក់​មុខ​សំកុក​នៅ​
​នៅ​ចិត្តឃោរឃៅ​គួរ​ឲ្យ​ខ្លាច​។​
 
-​ខ្លាច​ផ្លូវ​ជួប​គ្រោះ​នោះ​យើង​ត្រូវ​
​ត្រូវ​ត្រួត​យាន​ផ្លូវ​បើសិន​អាច​
​អាច​មើល​ឆ្វេង​ស្តាំ​កុំ​បើក​កាច​
​កាច​ពេល​បើក​ខ្លាច​ត្រូវ​ជួប​ទុក្ខ​៕
 
 
 

Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com