ជាតិ
បទវិភាគ
នៅពេលខ្មែរខ្សោយ ខ្មែរឃើញតម្លៃបរទេសកាន់តែសំខាន់…
× ភ្នំពេញ៖ កាលពីដើមឡើយ ជាតិខ្មែរ គឺជាពូជសាសន៍មួយដែលពូកែអស្ចារ្យ។ ខ្មែរជំនាន់ដើមអាចធ្វើអ្វីបាន ដែលពូជសាសន៍ដទៃមិនអាចធ្វើបាន។ ជាក់ស្តែង ដូចជា ការកសាងប្រាសាទនានា កេរដំណែលសម្បត្តិវប្បធម៌ និងកេរដំណែលស្នាដៃដទៃៗទៀត។ ជាតិខ្មែរធ្លាប់ត្រូវបានគេគោរព និងធ្វើតាម ឬយកតម្រាប់តាម។ តែបច្ចុប្បន្ននេះ ខ្មែរខ្លួនឯងហាក់បីដូចជាបាត់បង់នូវមោទនភាពជាតិខ្លួនឯង។ តើនេះបណ្តាលមកពីមូលហេតុអ្វី?
កាលពីដើមឡើយ ជាតិខ្មែររុងរឿងស្ទើរគ្រប់វិស័យ៖ សេដ្ឋកិច្ច វប្បធម៌ នយោបាយ…។ តែដោយសារសង្គ្រាមស៊ីវិល ឬសង្គ្រាមជាមួយបរទេស ជាតិខ្មែរបាត់បង់អានុភាពរបស់ខ្លួនបន្តិចម្តងៗ។ បាត់បង់ឥទ្ធិពលរហូតដល់ខ្មែរខ្លួនឯងមួយចំនួនបាត់បង់ជំនឿលើខ្លួនឯង ហើយលែងឲ្យតម្លៃលើអ្វីដែលខ្លួនមាន។ ស្របពេលដែលខ្មែរខ្លួនឯងបាត់បង់ជំនឿលើខ្លួនឯង ពួកគេក៏មើលឃើញតម្លៃបរទេសកាន់តែសំខាន់ឡើងៗ។ អ្នកដែលឲ្យតម្លៃបរទេស ត្រូវបានគេហៅថា អ្នកបរទេសនិយម ឬអ្នកនិយមបរទេស។
ដោយមិននិយាយពីអតីតកាលយូរលង់ គ្រាន់តែទាញចំណាប់អារម្មណ៍ចាប់តាំងពីដើមទសវត្សរ៍៩០មកទល់នឹងពេលនេះ គេសង្កេតឃើញថា ពលរដ្ឋខ្មែរភាគច្រើនមានអារម្មណ៍ឲ្យតម្លៃលើអ្វីដែលជាលក្ខណៈបរទេស ច្រើនជាងឲ្យតម្លៃលើអ្វីដែលជារបស់ខ្មែរ។ ផលិតផលខ្មែរដែលដាក់ឈ្មោះជាភាសាបរទេសអាចលក់ដាច់ជាងផលិតផលដាក់ឈ្មោះខ្មែរ។ ហាងដែលដាក់ឈ្មោះជាភាសាបរទេសអាចទាញអតិថិជនបានច្រើនជាងហាងដាក់ឈ្មោះខ្មែរ។
សាលារៀនដែលដាក់ឈ្មោះជាភាសាបរទេសអាចមានសិស្សចូលរៀនច្រើនជាងសាលារៀនដែលដាក់ឈ្មោះខ្មែរ។ ខ្មែរមួយចំនួនគិតថា ជនបរទេសពូកែជាងជនជាតិខ្មែរ បើទោះបីជាខ្មែរ និងបរទេសនោះ មានកម្រិតសញ្ញាប្រហែលគ្នា និងរៀនពូកែដូចគ្នាក៏ដោយ។ ការគិតរបស់បរទេសត្រូវបានខ្មែរមួយចំនួន គិតថា ល្អជាងការគិតរបស់ខ្មែរ។ ស្នាដៃបរទេសត្រូវបាន ខ្មែរមួយចំនួនឲ្យតម្លៃថា អស្ចារ្យជាងស្នាដៃខ្មែរគ្នាឯង។ ស្នាដៃខ្មែរគ្នាឯង ជារួម មិនសូវត្រូវបានខ្មែរគ្នាឯងឲ្យតម្លៃទេ។
គំនិតបរទេសនិយមមិនមែនស្ថិតនៅតែទីសាធារណៈទេ។ តែគំនិតបរទេសនិយមបានជ្រៀតចូលក្នុងសង្គមគ្រួសារខ្មែរថែមទៀតផង។ អាណាព្យាបាលខ្មែរមួយចំនួនបានសម្រេចចិត្តដាក់ឈ្មោះកូនចៅដោយយកតាមឈ្មោះបរទេសទៀតផង។ ឈ្មោះខ្មែរដែលមានតម្លៃមហិមា ត្រូវបានគេបំភ្លេចចោល។ គ្រួសារខ្លះនិយាយភាសាបរទេសជំនួសភាសាខ្មែរនៅក្នុងសង្គមគ្រួសារ។ ខ្មែរខ្លះឲ្យតម្លៃទំនិញបរទេសជាងទំនិញខ្មែរ។ ពួកគេទៅទទួលការព្យាបាលនៅគ្លីនិកបរទេសជំនួសឲ្យមន្ទីពេទ្យខ្មែរ។ ពួកគេសរសើរម្ហូបរទេសថា ឆ្ងាញ់ជាងម្ហូបខ្មែរ។ របស់របរបរទេសទំនើប ហើយ គុណភាពល្អជាងរបស់របរខ្មែរ។ និយាយជារួម សម្រាប់អ្នកបរទេសនិយម «ជំនឿលើអ្វីដែលជារបស់ខ្មែរ គឺត្រូវបានបាត់បង់»។
តាមពិត គេមិនអាចស្តីបន្ទោសអ្នកបរទេសនិយមបានឡើយ ក្នុងខណៈពេលដែលអ្វីៗជារបស់ខ្មែរនៅអន់ពេកនោះ។ ភាពទន់ខ្សោយនេះហើយដែលធ្វើឲ្យពលរដ្ឋខ្លួនឯងបាត់បង់ជំនឿ។ នេះ គឺជារឿងសត្យានុម័តដែលគ្មាននរណាម្នាក់អាចប្រកែកបានឡើយ។ ប៉ុន្តែ តើថា ពលរដ្ឋខ្មែរនៅតែបន្តឲ្យតម្លៃលើអ្វីដែលជារបស់បរទេសគ្មានទីបញ្ចប់ឬ?
ជាលក្ខណៈធម្មជាតិ អ្វីៗត្រូវតែមានទីបញ្ចប់របស់វា។ ក្នុងបរិបទខាងលើនេះ ខ្មែរអាចងាកមកឲ្យតម្លៃលើអ្វីដែលជារបស់ខ្មែរវិញបាន។ ទី១ អ្នកផ្តល់សេវាជារបស់ខ្មែរត្រូវបង្កើនគុណភាព។ ទី២ អ្នកផ្តល់សេវាជនជាតិខ្មែរត្រូវបញ្ចូលទស្សនទានអ្វីដែលជារបស់ខ្មែរ។ ទី៣ អ្នកផ្តល់សេវា ឬអ្នកផលិត ផលិតផលខ្មែរត្រូវបញ្ឈប់ការឲ្យតម្លៃដោយដាក់ឈ្មោះផលិតផលជាភាសាបរទេស និយាយបែបផ្សេងមានន័យថា ត្រូវលើកតម្កើងឈ្មោះខ្មែរនៅលើផលិតផលរបស់ខ្មែរ។ ទី៤ អ្នកប្រើប្រាស់ ឬអតិថិជន ត្រូវឈប់ផ្តល់តម្លៃទៅលើឈ្មោះបរទេស ឬអ្វីដែលជារូបភាពបរទេស និងទី៥ ពលរដ្ឋខ្មែរទាំងអស់ត្រូវលះបង់អារម្មណ៍ដែលថា អ្វីៗដែលជារបស់ខ្មែរអន់ ហើយរបស់របរបរទេសសុទ្ធតែល្អ។ ត្រូវឈប់គិតថា គំនិតបរទេសសុទ្ធតែល្អ ហើយគំនិតខ្មែរគ្នាឯងអន់។ ខ្មែរក៏មានអ្នកពូកែដូច ឬពូកែជាងបរទេសដែរ។ ខ្មែរ ក៏អាចដឹកនាំបរទេសបានដែរ។
សរុបសេចក្តីមក ដើម្បីឲ្យខ្មែរមានមោទនភាព កូនខ្មែរត្រូវនាំគ្នាគិត នាំគ្នាធ្វើ។ កូនខ្មែរត្រូវនាំគ្នាគិត នាំគ្នាផលិត។ គិត និងផលិតរួចហើយ កូនខ្មែរត្រូវលើកកម្ពស់ និងឲ្យតម្លៃអ្វីដែលជារបស់ខ្មែរ។កូនខ្មែរត្រូវមានគំនិតជាតិ«និយមខ្មែរ» ហើយត្រូវបោះបង់គំនិត«បរទេសនិយម» ឬ«និយមបរទេស»។ គេអាចនិយមបរទេសតែត្រង់ចំណុចណា ដែលខ្មែរនៅខ្វះចន្លោះ ពោល គឺមិនត្រូវអត្តនោម័តិនិយមថា«អ្វីៗជាបរទេសសុទ្ធតែល្អ»៕
© រក្សាសិទ្ធិដោយ thmeythmey.com