ជាតិ
សមត្ថកិច្ច បញ្ជូន​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​២​នាក់ ទៅ​តុលាការ​
16, Nov 2017 , 2:43 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក យាង សុជាមេត្តា៖ រាប់ពីឆ្វេងលោក អ៊ួន ឈិន លោក យាង សុជាមេត្តា (ខាងស្តាំ)
រូបពីហ្វេសប៊ុកលោក យាង សុជាមេត្តា៖ រាប់ពីឆ្វេងលោក អ៊ួន ឈិន លោក យាង សុជាមេត្តា (ខាងស្តាំ)
​ភ្នំពេញ​៖ សមត្ថកិច្ច បាន​បញ្ជូន​ខ្លួន​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​២​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់ នៅ​រសៀល​ថ្ងៃទី​១៦ វិច្ឆិកា ។អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី ២​នាក់ ​គឺ លោក អ៊ួ​ន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជា​មេត្តា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅក្នុង​ផ្ទះសំណាក់​ម៉ា​រ៉ា​ឌី ក្រោម​ការសង្ស័យថា លួច​ផលិត​ព័ត៌មាន​ពី​កម្ពុជា ហើយ​ផ្ញើ​ទៅ​ស្ថាប័ន​អាស៊ីសេរី ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៃ​សហរដ្ឋអាមេរិក ។​



​ក្រោយពី​បញ្ចប់​ការសាកសួរ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​បុគ្គល​ទាំងពីរ​រូបនេះ​ទៅ​តុលាការ​ហើយ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ីម វុទ្ធី ស្នងការរងនគរបាលជាតិ ដែលបានប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​មុននេះ​បន្តិច​។ លោក ស៊ីម វុទ្ធី បាន​បញ្ជាក់ថា បុគ្គលិក​អាស៊ីសេរី​ទាំង​២​នាក់ ត្រូវ​ប្រឈមមុខ​នឹង​បទ​ចោទ «​ប្រគល់​ឲ្យ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ ដែល​អាចធ្វើ​ឲ្យ​មហន្តរាយ​ការការពារ​ជាតិ​» តាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ​។ ប្រសិនជាតុលាការរកឃើញកំហុសនោះ លោក អ៊ួ​ន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជា​មេត្តា អាច​ប្រឈមមុខនឹង​ការជាប់​ទោស​ពី ៧​ឆ្នាំ ទៅ​១៥ ឆ្នាំតាមខ្លឹមសារនៃមាត្រាច្បាប់នេះ​។​

​អតីត​បុគ្គលិក​អាស៊ីសេរី​២​នាក់ គឺ​លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា ត្រូវបាន​សមត្ថកិច្ច និង​អាជ្ញាធរ​ខណ្ឌមានជ័យ ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី ១៤ វិច្ឆិកា ក្រោម​ការសង្ស័យថា ពួកគេ​បានរៀបចំ​បើក​អាជីវកម្ម​ថតរូប​មិនបាន​សុំច្បាប់​អនុញ្ញាត និង លួច​ផលិត​ព័ត៌មាន​ផ្ញើ​ទៅ​ក្រៅប្រទេស​។

​ប៉ុន្តែ​ជុំវិញ​ការសង្ស័យ​របស់​សមត្ថ​កិច្ច​នេះ ត្រូវបាន​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក អ៊ួ​ន ឈិន បាន​លើកឡើងថា លោក​បាន​ជួល​បន្ទប់​ផ្ទះសំណាក់​មួយ​នេះ ដើម្បី​បើក​ជា​ស្ទូឌីយូ​សម្រាប់​ច្រៀង​ខារ៉ាអូខេ ថត​វីដេអូ​ក្នុង​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍ ឬ​ពិធីបុណ្យ​ផ្សេងៗ និង​គ្រោង​រៀបចំ​ថត​ចម្រៀង​សម្រាប់​លក់ កម្សាន្ត​ជា​គ្រួសារ​ប៉ុណ្ណោះ​។ នេះ​បើតាម​កំណត់ហេតុ​របស់​អាជ្ញាធ​រ​ខណ្ឌមានជ័យ ដែល​បាន​សួរនាំ​លោក អ៊ួ​ន ឈិន​៕
អត្ថបទទាក់ទង


Tag:
 RFA
 ​ អ៊ួ​ន ឈិន​
 ​ យាង សុជា​មេត្តា
© រក្សាសិទ្ធិដោយ thmeythmey.com