ជាតិ
សម្ដេចក្រុមព្រះ យក​កៅអី​តំណាងរាស្ត្រ ប៉ុន្តែ​បដិសេធ​តំណែង​អនុប្រធាន​ទី​១ រដ្ឋសភា​
23, Nov 2017 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុងចំណោម​អាសនៈ​៤១ ដែល​បានមក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នោះ សម្ដេចក្រុមព្រះ ក៏​នឹង​ក្លាយជា​តំណាងរាស្ត្រ មណ្ឌល​កំពង់ចាម ដើម្បី​ដឹកនាំ​សមាជិក​បក្ស​៤០​នាក់​ទៀត ចូល​បម្រើ​ការងារ​នៅក្នុង​រដ្ឋសភា​ដែរ​។​



​អាសនៈ​ទាំង​៥៥ ក្នុង​រដ្ឋសភា​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ចែក​ឲ្យ​គណបក្ស​ចំនួន​៥ ដោយ​ក្នុងនោះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​៤១​កៅអី​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិនបាន​បដិសេធ​ចំពោះ​អាសនៈ​ទាំង​៤១​នេះ​ទេ​។ ដូច្នេះ​កៅអី​៤១​នេះ សបញ្ជាក់​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺជា​គណបក្ស​ធំ​ទី​២​ក្នុង​រដ្ឋសភា បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ប៉ុន្តែ​អ្វីដែល​មជ្ឈដ្ឋាន​ទូទៅ​ឆ្ងល់​នោះ​ត្រង់​ថា តើ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹងមាន​អ្នកណាម្នាក់​ឡើងកាន់តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា ដែល​អតីត​គណបក្ស​ស​ង្គ្រោះ​ជាតិ បដិសេធ​អង្គុយ​នោះដែរ​ឬទេ​? ត្រង់ចំណុច​នេះ​ខាង​អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេង ប៉េងឡុង មិនទាន់​ប្រាកដថា រដ្ឋសភា​នឹងមាន​ការរៀបចំ​តំណែង​អនុប្រធាន​ទី​១​នេះ​ឡើងវិញ សម្រាប់​គណបក្សនយោបាយ ដែល​ទទួលយក​អាសនៈ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។ លោក ឡេង ប៉េងឡុង ស្នើ​ឲ្យ​រង់ចាំ​មើល​នីតិវិធី​របស់​រដ្ឋសភា ដែល​គ្រោង​រៀបចំ​កិច្ចប្រជុំ ជា​បន្តបន្ទាប់​នាពេលខាងមុខ​នេះ​។​

​បើទោះជា​មិនទាន់​ច្បាស់​ថា នឹងមាន​តំណែង​អនុប្រធាន​ទី​១ ប្រគល់​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ក្តី ប៉ុន្តែ​សម្ដេច​នរោត្តម រណ ឫទ្ធិ បាន​បដិសេធ​ចំពោះ​កៅអី​នេះហើយ​។ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន ដែលទទួលបានកៅអីនៅបាត់ដំបង​ផងដែរនោះ បាន​និយាយថា ព្រះអង្គម្ចាស់​នរោត្តម រណ ឫទ្ធិ ទទួល​យកតែ​តួនាទី​តំណាងរាស្ត្រ មណ្ឌល​ខេត្តកំពង់ចាម​ប៉ុណ្ណោះ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ញ៉េប ប៊ុនជិន បានបញ្ជាក់​ដូច្នេះ​ថា​៖«​សម្ដេចព្រះ​ប្រធាន​មិន​ទទួលយក​តំណែង​អនុប្រធាន​ទី​១​អី​នោះទេ ព្រោះ​ព្រះអង្គ​ធ្លាប់​ធ្វើជា​នាយករដ្ឋមន្ត្រី និង​ធ្វើជា​ប្រធានរដ្ឋសភា ដូច្នេះ​ទ្រង់​មិន​យក​កៅអី​នេះឡើយ​»​។​

​នៅពេល​សួរថា បើ​រដ្ឋសភា​ទុក​តួនាទី​អនុប្រធាន​ទី​១ ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដូច្នេះ​គណបក្ស​នឹង​ទទួលយក​ទេ​? លោក ញ៉េប ប៊ុនជិន បាន​ឆ្លើយតប​យ៉ាង​ដូច្នេះ​ថា​៖«​ក្រៅពី​សម្ដេចព្រះ​ប្រធាន​មិន​ទទួលយក​កៅអី​អនុប្រធាន​នេះ​។ គណបក្ស​យើង​នឹង​ជជែក ពិភាក្សាគ្នា​លើ​បញ្ហា​នេះ ថា​តើ​គួរ​យក ឬ​ជ្រើសតាំង​អ្នកណា​? ចាំ​ដល់​ពេលនោះ​យើង​នឹង​ពិភាក្សាគ្នា​តាម​ក្រោយ​...»​។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បែងចែក​អាសនៈ​ទាំង​៥៥ ក្នុង​រដ្ឋសភា​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចំនួន​៤១ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួល​ចំនួន​៦ គណបក្ស​ខ្មែរ​ឈប់​ក្រ ចំនួន​៥ គណបក្ស​សញ្ជាតិ​កម្ពុជា ចំនួន​២ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច ចំនួន​១​។ ប៉ុន្តែ​ក្នុងចំណោម​គណបក្ស​ខាងលើនេះ មាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ មិន​ទទួលយក​អាសនៈ​ឡើយ ។ នេះ​បើតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​៕
អត្ថបទទាក់ទង




Tag:
 រណ ឫទ្ធិ​
 ​ ញ៉េប ប៊ុនជិន​
 ​ ហ្វ៊ុនស៊ិនប៉ិច
© រក្សាសិទ្ធិដោយ thmeythmey.com