ជាតិ
លោក ផៃ ស៊ីផាន៖ការរឹតបន្តឹងទិដ្ឋាការ ជាលក្ខខណ្ឌដែលអាមេរិកសម្លាប់ប្រជាធិបតេយ្យកម្ពុជា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Heather Nauert និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី។ រូបថត AFP និង ThmeyThmey
× ភ្នំពេញ៖ បញ្ហានយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា នៅតែស្ថិតក្នុងក្រសែភ្នែករបស់សហរដ្ឋអាមេរិក ដែលចាត់ទុកថា កម្ពុជាកំពុងដើរចាកឆ្ងាយពីលទ្ធិប្រជាធិបតេយ្យ។ ដោយសារតែបញ្ហានេះអាមេរិក បានប្រកាសរឹតបន្តឹងទិដ្ឋាការរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជាជាថ្មី ដើម្បីដាក់សម្ពាធរដ្ឋាភិបាលដោះស្រាយស្ថានការណ៍ទាំងនេះ ឲ្យវិលត្រឡប់ទៅរកភាពដើមវិញ។ រដ្ឋាភិបាលចាត់ទុក លក្ខខណ្ឌរបស់អាមេរិកនេះ គឺជាការសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជាដោយអយុត្តិធម៌។
សហរដ្ឋអាមេរិក តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Heather Nauert បានវាយតម្លៃថា សកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ កំពុងតែដើរផ្ទុយពីគោលការណ៍នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលបញ្ចប់នូវសោកនាដកម្មជម្លោះហិង្សា ហើយព្រមព្រៀងឲ្យមានការគោរពសិទ្ធិមនុស្សតាមបែបគោលការណ៍លទ្ធិប្រជាធិបតេយ្យរស់រានឡើងវិញ។ តាមរយៈសកម្មភាពទាំងនោះ ត្រូវបានអាមេរិក កត់សម្គាល់ពីការរំលាយគណបក្សសង្គ្រោះជាតិ និងការហាមសកម្មភាពថ្នាក់ដឹកនាំធ្វើនយោបាយ៥ឆ្នាំ ,ការឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្ស, ការរឹតត្បិតសិទ្ធិសេរីភាពសង្គមស៊ីវិល និងការកៀបសង្កត់មកលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាជាដើម។
ជាមួយគ្នានេះអាមេរិក ប្រកាសរឹតបន្តឹងទិដ្ឋការមន្ត្រីរដ្ឋាភិបាលកម្ពុជាចូលទឹកដីអាមេរិកជាថ្មី ដើម្បីដាក់សម្ពាធរដ្ឋាភិបាលឲ្យមានការដោះស្រាយស្ថានការណ៍ទាំងនេះ។ ក្រសួងការបរទេសអាមេរិក បានរំឮកពីសេចក្តីថ្លែងការណ៍របស់សេតវិមានទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃ១៦ វិច្ឆិកាយ៉ាងដូច្នេះថា៖«ដើម្បីឆ្លើយតបដោយផ្ទាល់ចំពោះសកម្មភាពជាបន្តបន្ទាប់របស់រដ្ឋាភិបាលកម្ពុជា ដែលប្រឆាំងលទ្ធិប្រជាធិបតេយ្យនោះ យើងប្រកាសឲ្យក្រសួងការបរទេសអាមេរិក នឹងរឹតបន្តឹងទិដ្ឋការចេញ-ចូលទឹកដីអាមេរិក ចំពោះបុគ្គលដែលពាក់ព័ន្ធក្នុងដំណើការធ្វើឲ្យធ្លាក់ចុះប្រជាធិបតេយ្យនៅកម្ពុជាទាំងអស់។ នៅក្នុងកាលៈទេសៈជាក់ស្ដែងនេះ សូម្បីតែសមាជិកគ្រួសាររបស់បុគ្គលទាំងនោះ ក៏យើងរឹតត្បិតនូវទិដ្ឋាការពួកគេផងដែរ»។
តែយ៉ាងណាក្រសួងការបរទេសអាមេរិក បានដាក់លក្ខខណ្ឌថា ដើម្បីទទួលបានការលើកលែងទិដ្ឋការនេះវិញ រដ្ឋាភិបាលត្រូវបើកឱកាសឲ្យមានគណបក្សប្រឆាំងដ៏ធំឡើងវិញ ការដោះលែងលោក កឹម សុខា និងអនុញ្ញាតឲ្យក្រុមសង្គមស៊ីវិល និងប្រព័ន្ធផ្សពផ្សាយ អាចបន្តសកម្មពួកគេឡើងវិញ ដែលទទួលបានការការពារក្រោមរដ្ឋធម្មនុញ្ញ។ «តាមរយៈសកម្មភាពរៀបរាប់ខាងលើនេះ យើងនឹងអាចទទួលបានការលើកលែងទិដ្ឋការធ្វើដំណើរដល់មន្ត្រីរដ្ឋាភិបាលកម្ពុជាវិញ ព្រមទាំងជំរុញឲ្យដំណើរការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ ទទួលបានភាពស្របច្បាប់ទៀតផង»។ នេះជាការដាក់លក្ខខណ្ឌរបស់ក្រសួងការបរទេសអាមេរិក ដែលបានបន្ថែមថា អាមេរិកនឹងបន្តតាមដានសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា ដែលអមជាមួយចំណាត់ការចាំបាច់បន្ថែមផងដែរ ខណៈដែលអាមេរិកកំពុងបន្តរក្សាភាពអត់ធ្មត់ និងទំនាក់ទំនងជិតស្និទជាមួយប្រជាជនកម្ពុជា។
អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន បាននិយាយថា សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក គឺក្នុងគោលបំណងចង់ឲ្យពិភពលោកងឿងឆ្ងល់ អំពីការចូលរួមរបស់អាមេរិក ក្នុងកិច្ចពង្រឹងលទ្ធិប្រជាធិបតេយ្យ ហើយវាក៏ជាការសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជាដោយអយុត្តិធម៌ផងដែរ។
តាមរយៈហ្វេសប៊ុកផ្លូវការខ្លួន លោក ផៃ ស៊ីផាន បានសរសេរដូច្នេះថា៖«សេចក្តីថ្លែងការណ៍នេះ បង្ហាញពីបំណងពិតប្រាកដបំផ្លាញទំនាក់ទំនងល្អ រួមទាំងកិច្ចសហប្រតិបត្តការសហរដ្ធអាមេរិក កម្ពុជា។រីឯ បង្ខំអោយកម្ពុជាប្រឆាំងនិងតុលាការប្រឆាំង និងរដ្ធសភា គឺជាការប្រឆាំង និងនីតិរដ្ធតែប៉ុណ្ណោះ ផ្ទុយពីឆន្ទៈកម្ពុជា ដែលប្រឺងប្រែងពង្រឺងជារៀងរាល់ថ្ងៃ»។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់មិនខ្វល់ពីរឿងបិទទិដ្ឋការអាមេរិកនេះឡើយ ។ សម្ដេចធ្លាប់ព្រលយសម្ដីថា ខ្លួនមិនដែលចង់ទៅជាន់ទឹកដីអាមេរិកម្ដងណាឡើយ។ រដ្ឋាភិបាលក៏បានឆ្លើយតបទៅរដ្ឋាភិបាលអាមេរិកវិញ ដោយផ្អាកសកម្មភាពរុករកអទិធាតុទាហានអាមេរិក នៅក្នុងទឹកដីកម្ពុជា ដែលស្លាប់នៅក្នុងទស្សវត្ស ១៩៦០ដល់១៩៧០ កាលពីសម័យសង្គ្រាមវៀតណាមផងដែរ។
បន្ថែមពីនេះនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាននិយាយថា កម្ពុជាមិនខ្វល់ចំពោះបរទេស ដែលមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាដែរ៕
Tag:
អាមេរិក
កម្ពុជា
CNRP
CPP
© រក្សាសិទ្ធិដោយ thmeythmey.com