អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ជប់លៀង​ឲ្យ​៦៤​ប្រទេស​ដែល​មិន​គាំទ្រ​សេចក្ដីសម្រេច​មហាសន្និបាត UN
23, Dec 2017 , 10:30 pm        
រូបភាព
អគ្គរដ្ឋទូតអាមេរិក Nikki Haley ផ្ញើលិខិតអញ្ជើញទៅឲ្យតំណាងប្រទេស៦៤ ឲ្យចូលរួមពិធីជប់លៀងអរគុណ (រូបភាព៖ Xinhua)
អគ្គរដ្ឋទូតអាមេរិក Nikki Haley ផ្ញើលិខិតអញ្ជើញទៅឲ្យតំណាងប្រទេស៦៤ ឲ្យចូលរួមពិធីជប់លៀងអរគុណ (រូបភាព៖ Xinhua)
អាមេរិក​នឹង​រៀបចំ​ពិធីជប់លៀង​មិត្តភាព​នៅ​ដើមខែ​មករា ឆ្នាំ​២០១៨ សម្រាប់​ប្រទេស​ទាំងអស់​ដែល​មិនបាន​គាំទ្រ​ដំណោះស្រាយ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ជុំវិញ​បញ្ហា​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​។ នេះ​បើតាម​លិខិតអញ្ជើញ​របស់លោក​ស្រី Nikki Haley អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ង​អង្គការសហប្រជាជាតិ​។ ក្រៅពី​អាមេរិក និង​អ៊ីស្រាអែល ប្រទេស​ដែល​បោះឆ្នោត​ប្រឆាំង ជា​ប្រទេស​កោះ​តូចៗ និង​ក្រីក្រ​។​



​អគ្គរដ្ឋទូត​អាមេរិក Nikki Haley បាន​ផ្ញើលិខិត​មួយ​ទៅកាន់​តំណាង​ប្រទេស​ចំនួន​៦៤ ដោយ​អញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម​ពិធីជប់លៀង​អរគុណ​សម្រាប់​មិត្តភាព​ចំពោះ​អាមេរិក ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៨ ។ ជប់លៀង​អរគុណ ព្រោះ​ប្រទេស​ទាំងនេះ​មិនបាន​គាំទ្រ​ដំណោះស្រាយ​ប្រឆាំង​ការសម្រេចចិត្ត​របស់​អា​មេ​រិ​ក​ដែល​ទទួលស្គាល់​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល ទោះជា​លោក ដូ​ណា​ល់ ត្រាំ គំរាម​ផ្ដាច់ជំនួយ​ក្ដី​។​

​ក្នុងចំណោម​រដ្ឋ​សមាជិក​អង្គការសហប្រជាជាតិ​ទាំង​១៩៣​ប្រទេស ១២៨​ប្រទេស​បាន​បោះឆ្នោត​គាំទ្រ​ដំណោះស្រាយ​របស់​មហាសន្និបាត ឯ​ប្រទេស​ចំនួន​ប្រាំបួន​មាន​អាមេរិក និង​អ៊ីស្រាអែល​ផង​នោះបាន​បោះឆ្នោត​ប្រឆាំង​ដំណោះស្រាយ​នេះ ខណៈ​ប្រទេស​៣៥​នាំគ្នា​បោះ​អនុប្បវាទ​ក្នុងនោះ​មាន​សម្ព័ន្ធមិត្ត​អាមេរិក​ដូចជា​កាណាដា និង​អូស្ត្រាលី​ផងដែរ​។ ប្រទេស​នៅ​សេសសល់​គឺ​អនុវត្ត​មាន​។ ជា​សរុប​ប្រទេស​ចំនួន​៦៥ ឈ្មោះ​ក្នុង​បញ្ជី​ជប់លៀង​អរគុណ​ខាងលើ​។​

​តាមពិតទៅ ក្រោយ​ការបោះឆ្នោត​នៅ​ថ្ងៃទី​២១ ខែធ្នូ ភ្លាម លោកស្រី Haley ក៏បាន​អរគុណ​ប្រទេស​ទាំង​៦៤​ម្ដង​រួចទៅហើយ​។ តាមរយៈ​បណ្ដាញ​សង្គម Twitter របស់ខ្លួន អគ្គរដ្ឋទូត​អាមេរិក​រូប​បាន​សរសេរ​ដោយ​ដោយ​រូបថត​មានឈ្មោះ​ប្រទេស​ទាំង​៦៤ បូក​អាមេរិក​មួយ​ផង ថា យើង​អរគុណ​ប្រទេស​ទាំងនេះ​ដែល​មិន​ធ្លាក់ចូល​ផ្លូវ​មិនមាន​ការទទួលខុសត្រូវ​របស់​អង្គការសហប្រជាជាតិ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​កាណាដា CBC ។

​ក្រៅពី​អាមេរិក និង​អ៊ីស្រាអែល ប្រទេស​ចំនួន​៧​ដែល​បោះឆ្នោត​ប្រឆាំង​មាន​តូ​ហ្គោ ហុង​ឌុយ​រ៉ា​ស់ ក្វា​តេ​ម៉ា​ឡា មី​ក្រ​ណេ​ស៊ី ប៉ា​ឡាវ ណូ​រុ និង​កោះ Marshall Islands ។ ប្រទេស​ទាំងនេះ​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ៊ីស្រាអែល ហើយ​កំពុង​ត្រូវការ​ជំនួយ​ខ្លាំង​។ អ៊ីស្រាអែល​បាន​ប្រើប្រាស់​លុយ​របស់ខ្លួន​ដើម្បី​អូសទាញ​ប្រទេស​ទាំងនេះ​ឲ្យ​គាំទ្រ​ខ្លួន​លើ​បញ្ហា​ផ្សេងៗ​នៅ​អង្គការសហប្រជាជាតិ​។​

​សូម​រំឭកថា នៅមុន​ការបោះឆ្នោត​នៅ​មហាសន្និបាត លោកស្រី Haley បានប្រកាស​ជាមុន​ថា អាមេរិក​នឹង​កត់ចំណាំ​ការបោះឆ្នោត​ប្រទេស​ទាំងអស់ ខណៈដែល​លោក​ប្រធានាធិបតី ត្រាំ គំរាម​ផ្ដាច់ជំនួយ​ប្រទេស​ណា​ដែល​បោះឆ្នោត​ប្រឆាំង​អាមេរិក​។ ការ​គំរាម​របស់លោក ត្រាំ ពិត​ជាមាន​ឥទ្ធិពល​លើ​ប្រទេស​៨ ប៉ុន្តែ​សមាជិក​លើសលប់​ផ្សេងទៀត​នាំគ្នា​បោះឆ្នោត​គាំទ្រ​នូវ​អ្វីដែល​ពួកគេ​ចាត់ទុកជា​រឿង​ត្រឹមត្រូវ​៕

  
អត្ថបទទាក់ទង


Tag:
 អាមេរិក​
  ហ្ស៊េ​រុយ​សា​ឡិ​ម​
  Nikki Haley
© រក្សាសិទ្ធិដោយ thmeythmey.com