ជាតិ
ការបោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៤ មាន​អង្គ​បោះឆ្នោត​សរុប​ជាង​១​ម៉ឺន​នាក់​
30, Dec 2017 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការបោះឆ្នោត​ជ្រើសរើស​តាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ មាន​ការិយាល័យ​បោះឆ្នោត​ចំនួន ៣៣ នៅក្នុង ២៥​រាជធានី​-​ខេត្ត និង​មាន​អង្គ​បោះឆ្នោត (​អ្នកបោះឆ្នោត​) សរុប​ចំនួន ១១,៦៩៥​នាក់​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រប​ចំការ​បោះឆ្នោត គ​.​ជ​.​ប​។



​សេចក្ដីប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹងថា គ​.​ជ​.​ប បាន​ញ្ជូ​ន​បញ្ជី​បោះឆ្នោត​ដំបូង​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ទៅកាន់​គណៈកម្មការ រាជធានី​-​ខេត្ត រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) ទាំង​២៥​រួចហើយ​។ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល បញ្ជី​បោះឆ្នោត​ដំបូង​នេះ ត្រូវ​បិទ​ផ្សាយ​នៅតាម​ការិយាល័យ​បោះឆ្នោត​ក្នុង​រាជធានី​-​ខេត្ត នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៧​។​

​គ​.​ជ​.​ប បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​យ៉ាង​ដូច្នេះ​៖«​បញ្ជី​បោះឆ្នោត​ដំបូង​ត្រូវ​បិទ​ផ្សាយ​ជា​សាធារណៈ​រយៈពេល ១០​ថ្ងៃ​។ ក្នុង​រយៈពេល​កំណត់​នេះ ជន​ណាក៏ដោយ មាន​សិទ្ធិ​ប្ដឹងតវ៉ា ឬ ប្ដឹង​ជំទាស់​ដែរ ទាក់ទង​ទៅនឹង​បញ្ជី​បោះឆ្នោត​ដំបូង​នេះ​»​។

​គ​.​ជ​.​ប បាន​អំពាវនាវ ដល់​អង្គ​បោះឆ្នោត​ទាំងអស់ ទៅពិនិត្យ​មើល​ឈ្មោះ និង​ទិន្នន័យ​ពាក់ព័ន្ធ​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង នៅតាម​ការិយាល័យ​បោះឆ្នោត ឬ អាច​ចូលទៅ​មើល​គេហទំព័រ www.voterist.org.kh​

​សូមបញ្ជាក់ថា អង្គ​បោះឆ្នោត គឺ​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​តំណាងរាស្ត្រ ក្នុង​តំណែង​។ ក្រុមប្រឹក្សាឃុំ​-​សង្កាត់ មាន​ចំនួន ១១,៥៧២​នាក់ និង​តំណាងរាស្ត្រ មាន​ចំនួន ១២៣​នាក់ ដែល​នឹងត្រូវ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​នេះ​៕
អត្ថបទទាក់ទង



Tag:
 គ​.​ជ​.​ប​
© រក្សាសិទ្ធិដោយ thmeythmey.com