ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឆ្នាំ​ថ្មី​! អតីត​ប្រធាន​បក្សប្រឆាំង អំពាវនាវ​ឲ្យ​មានការ​ផ្សះផ្សារ​ជាតិ​
01, Jan 2018 , 11:32 am        
រូបភាព
​ភ្នំពេញ​៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា អំពាវនាវ​ឲ្យ​អ្នកនយោបាយ ងាក​មក​រួមគ្នា​ផ្សះផ្សារ​ជាតិ​វិញ ដើម្បី​ការអភិវឌ្ឍ​ប្រទេស​។ ការអំពាវនាវ​របស់​លោក កឹម សុខា ដែល​កំពុង​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​នេះ ធ្វើឡើង​តាមរយៈ​លិខិត​អបអរសាទរ​មួយ សម្រាប់​ឆ្នាំ​ថ្មី ២០១៨​នេះ​។​



​ក្នុង​លិខិត​អបអរសាទរ​ឆ្នាំ​ថ្មី​នេះ លោក កឹម សុខា មិន​ភ្លេច​រំ​ឮ​ក​ពី​រឿងរ៉ាវ​អវិជ្ជមាន​នយោបាយ ដែល​កើតឡើង​នៅក្នុង​ឆ្នាំ​២០១៧​ឡើយ​។ អ្វីដែល​លោក កឹម សុខា បន្ត​រៀបរាប់​នោះ គឺ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​រឹតត្បិត​សេរីភាព​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ការចាប់ខ្លួន​អ្នកនយោបាយ និង​សកម្មជន​ដីធ្លី ដែល​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​។ លោក កឹម សុខា ចាត់ទុក​ទង្វើរ​ទាំងនេះ នាំ​ឲ្យ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្លាក់ចុះ​។

​តាមរយៈ​លិខិត​អបអរ​ឆ្នាំ​ថ្មី​នេះ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា អំពាវនាវ​ឲ្យ​អ្នកនយោបាយ ងាក​មក​រួមគ្នា​ផ្សះផ្សារ​ជាតិ ដើម្បី​លើកស្ទួយ​ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​ប្រទេស​វិញ ក្នុងការ​ចៀសវាង​ការប្រឈមមុខ​ជាមួយ​ស​ម្ពា​ធ​បរទេស​។

​ក្នុង​វីដេអូ​ឃ្លី​ប​ជាង​៥​នាទី កញ្ញា កឹម មនោ​វិទ្យា កូនស្រី​លោក កឹម សុខា បាន​អាន​លិខិត​នេះ​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​យល់ឃើញថា ខ្មែរ​ត្រូវតែ​រួមគ្នា​ដោះស្រាយ​បញ្ហា​ជាតិ បញ្ហា​ប្រជាពលរដ្ឋ និង​បញ្ហានយោបាយ​។ ទី​១ តាមរយៈ​ការផ្សះផ្សារ​ជាតិ ដោយ​ប្រកាន់យក​គោលការណ៍​អហិង្សា ខ្មែរ​តែមួយ​មិន​គុំ​គួ​ន មិន​សងសឹក​មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ​។ ទី​២ ទុក​ឱកាស​ជូន​ប្រជាពលរដ្ឋ ជា​អ្នក​ជ្រើសរើស​មេដឹកនាំ​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​។ ទី​៣ ត្រូវអនុវត្ត​ឲ្យ​បាន​ពេញលេញ​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ស្តីពី​កម្ពុជា ២៣ តុលា ឆ្នាំ​១៩៩១​។ ទី​៤ ត្រូវមាន​គោលនយោបាយ​ច្បាស់លាស់​ក្នុងការ​រៀបចំ​សង្គម និង​អភិវឌ្ឍ​សមភាព និង​មាន​និរន្ត​ភាព ព្រមទាំង​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​កងកម្លាំង​គ្រប់​ប្រភេទ​ឲ្យ​បាន​សមរម្យ​…»​។​

​កន្លងមក​សម្ដេច ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ឈប់​ឆ្លើយឆ្លង​ពី​ដំណោះស្រាយ​នយោបាយ ជាមួយ​ក្រុមមន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទៀតហើយ ក្រោយពី​សម្ដេច​បើក​ច្រក​ផ្លូវ​មួយ ឲ្យ​មានការ​បង្កើត​គណបក្ស​ថ្មី​ចូលរួម​ប្រកួត​បោះឆ្នោត​ខាងមុខ​។ ប៉ុន្តែ​យោបល់​ប្រមុខ​រដ្ឋាភិបាល ត្រូវបាន​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំអក​ទៅវិញ​។
អត្ថបទទាក់ទង

​ទាក់ទង​បញ្ហា​គណបក្សប្រឆាំង​នេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយថា ជា​រឿង​ធម្មតា និង​ជា​ក្រឹត្យក្រម​ធម្មជាតិ​ទៅហើយ  ដែល​មេដឹកនាំ​ប្រទេស​ណាក៏ដោយ ឲ្យ​តែ​បាន​កាន់អំណាច​ហើយ ត្រូវតែ​ចាត់វិធានការ​ណ៏​គ្រប់បែបយ៉ាង ដើម្បី​ពង្រឹង​អំណាច​រដ្ឋបាល​របស់ខ្លួន ។ ត្រង់ចំណុច​នេះ​លោក សុខ ឥសាន បាន​និយាយថា រាជរដ្ឋាភិបាល​ចាំបាច់​ទប់ស្កាត់​រាល់​អំពើ​អនាធិបតេយ្យ អំពើ​ល្មើសច្បាប់ អំពើ​វិទ្ធង្សនា​នយោបាយ សេដ្ឋកិច្ច រារាំង​ការរីកចម្រើន​របស់​ប្រទេសជាតិ ដែលបង្កើតជា​ឧបសគ្គ​ដល់​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ។​

​លោក សុខ ឥសាន បាន​សរសេរ​លើ​បណ្ដាញ​សង្គម​Telegram ដូច្នេះ​ថា​៖«​រាជរដ្ឋាភិបាល ចាំបាច់​ត្រូវអនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្ស​ឈ្នះឆ្នោត ប្រែក្លាយ​ឲ្យ​ទៅជា​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុងការ​កសាង​និង​អភិ​វ​ឌ្ឈ​ន៏​ប្រទេស​ឲ្យ​បាន​រីកចម្រើន ស្របតាម​បំណងប្រាថ្នា​របស់​ប្រជាជន​ជា​ម្ចាស់ឆ្នោត ដើម្បី​ម្ចាស់ឆ្នោត​ជឿទុកចិត្ត​និង​បោះឆ្នោត​គាំទ្រ​តទៅទៀត …​។​ដូច្នេះ រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវតែ​ចាត់​វិធានការណ​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា មិនអាច​បណ្តែតបណ្តោយ​ឲ្យ​មាន​ឧបាយកល​ផ្តួលរំលំ​បានជា​ដាច់ខាត​»​។​

​សម្រាប់​អ្នកវិភាគ​វិញ ការវិវត្ត​នយោបាយ​នៅពេល​ខាងមុខ នឹងមាន​ការប្រែប្រួល​កាន់តែ​ប្រសើរឡើង​ជាង​នេះ តាមរយៈ​ការ​សម្បទាន​នយោបាយ​គ្នា​ទៅវិញទៅមក ក្រោមរូបភាព​ដោះស្រាយ​បញ្ហា​រួមគ្នា​។ ប៉ុន្តែ​ការ​សម្បទាន​នយោបាយ​នោះ អ្នកវិភាគ​ក៏​មិនទាន់​អាច​វាយតម្លៃ​ឲ្យ​ច្បាស់​ថា ស្ថិតនៅក្រោម​រូបភាព​បែ​ប​ណា​ដែរ​៕


Tag:
 កឹម សុខា​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com