ជាតិ
សុខភាព
មេរោគ​ផ្តាសាយ​បក្សី​H5N1​ដែល​កើត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ត្រូវបាន​មន្ត្រី​ជំនាញ​កម្ចាត់​ហើយ​
13, Jan 2018 , 11:25 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល សហការ​ជាមួយ​ក្រសួងកសិកម្ម បាន​កម្ចាត់​សត្វ​មាន់​ដែលមាន​មេរោគ​ផ្តាសាយ​បក្សី និង​សំអាត​មេរោគ​នៅ​តំបន់​សង្ស័យ​រួចរាល់​ហើយ ក្រោយ​រកឃើញ​មេរោគ​ផ្តាសាយ​បក្សី​នេះ នៅក្នុង​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ទោះយ៉ាងណា​មន្ត្រី​ជំនាញ​ក៏​នៅ​បន្ត​តាមដាន​លើ​សុខភាព​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ដើម្បី​ទប់ស្កាត់ និង​ព្យាបាល​ឲ្យ​ទាន់ពេលវេលា បើ​មាន​ករណី​សង្ស័យ​ពាក់ព័ន្ធ​នឹង​ជំងឺផ្តាសាយបក្សី H5N1 នេះ​។​



​សត្វ​មាន់​ដែល​រកឃើញថា​មាន​មេរោគ​ផ្តាសាយ​បក្សី នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ត្រូវបាន​មន្ត្រី​ជំនាញ​សម្លាប់ចោល និង​បាន​សម្អាត​មេរោគ​នៅ​តំបន់​ដែល​រកឃើញ​រួចហើយ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​មេរោគ​ផ្តាសាយ​បក្សី​។ នេះ​បើតាម លោក លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​។ លោក លី សុវណ្ណ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ដូច្នេះ​៖ «​ប៉ុន្មាន​ថ្ងៃមុន ខាង​ពេទ្យសត្វ​រាយការណ៍​មក​ខាងយើង ហើយ​ក្រុម​អ្នកជំនាញ​បានសម្លាប់​សត្វ​មាន់​ដែល​នៅ​សេសសល់ និង​បាន​សំអាត​មេរោគ​នោះ​រួចហើយ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺផ្តាសាយបក្សី​»​។

​ប៉ុន្តែ​ទោះជា​យ៉ាងណា មន្ត្រី​ជំនាញ​ក៏​នៅ​បន្ត​តាមដាន​សុខភាព​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ក្នុងពេល​១​សប្តាហ៍​ទៀត​ដែរ ក្រែង​មាន​ករណី​សង្ស័យ និង​ដើម្បី​ព្យាបាល​ឲ្យ​ទាន់ពេលវេលា​។ នេះ​បើតាម​លោក លី សុវណ្ណ ដែល​បាន​គូសបញ្ជាក់ថា ក្រសួង​មិនទាន់​រកឃើញ​ជំងឺផ្តាសាយបក្សី H5N1 កើត​លើ​មនុស្ស​នៅឡើយ លោក សុវណ្ណ  ក៏បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ប្រុងប្រយ័ត្ន អំពី​ការ​ចម្លងជំងឺ​នេះដែរ​។​

អត្ថបទទាក់ទង
​    ​
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៩ ខែមករា​កន្លងទៅ វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​អគ្គ​យក​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ រកឃើញ​វត្តមាន​ជំងឺផ្តាសាយបក្សី ដែល​បង្កដោយ​វីរុស ពី​A1(H5N1) ពី​សំណាក​សត្វ​មាន់​ចំនួន​៣​ក្បាល នៅក្នុង​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។  នេះ​ជា​ករណី​ទី​១ នៅក្នុង​ឆ្នាំ​២០១៨​នេះ ដែល​មន្ត្រី​ជំនាញ​បាន​រកឃើញ​មេរោគ​ផ្តាសាយ​បក្សី ខណៈ​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ ជំងឺផ្ដាសាយបក្សី​H5N1​កើត​លើ​បក្សី បាន​ផ្ទុះ​នៅ​ស្រុក​ព្រៃឈរ និង​ស្រុក​ចំការលើ ខេត្តកំពង់ចាម និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ 



​ចាប់តាំងពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៤ មាន​ជំងឺផ្តាសាយបក្សី​ដែល​បាន​ឆ្លង​ពីស​ត្វ​បក្សី មក​មនុស្ស​ចំនួន​៥៦​ករណី ក្នុងនោះ​៣៧​ករណី បាន​ស្លាប់​។ ឆ្នាំ​២០១៣ មាន​ចំនួន​២៦​ករណី ដែល​ក្នុងនោះ​មាន ១៤​ករណី​បាន​ស្លាប់ និង​ក្នុង​ឆ្នាំ​២០១៤ មាន ៩​ករណី និង ៤​ករណី​បាន​ស្លាប់​៕


Tag:
 ផ្តាសាយ​បក្សី​
 ​ ភ្នំពេញ​ថ្មី​
  H5N1
© រក្សាសិទ្ធិដោយ thmeythmey.com