ជាតិ
ចង់​ជំរុញ និង​បង្កើន​ការលក់​? សូម​អាន​សៀវភៅ «​ជំនាញ​លក់​ជោគជ័យ​»!
25, Jan 2018 , 11:09 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​លោក Bill Gates លោក Warren Buffett លោក Mark Zuckerberg កីឡាករ LeBron James ឬ​តារាចម្រៀង Taylor Swift ជាដើម អាច​ក្លាយជា​មហាសេដ្ឋី​បានដែរ​ឬទេ​? ចម្លើយ គឺ «​មិនអាច​នោះទេ​» ប្រសិនបើ​ពួកគាត់​មិនមាន​ចេះ​លក់​ជំនាញ និង​សមត្ថភាព​របស់ខ្លួន​។ អ្វី​ទៅជា​ការលក់​? លោក អ៊ឹម ផល្លា និង​លោក ញាន សុ​មុន្និន្ទ បានរួម​គ្នា​ផ្តល់​ពន្លឺ​សម្រាប់​បុគ្គល ជាពិសេស​ម្ចាស់​អាជីវកម្ម តាមរយៈ​ស្នាដៃ «​ជំនាញ​លក់​ជោគជ័យ​» (Skills for Sales Success)​។



«​លក់​លំបាក ទាល់តែ​ចេះ​លក់​»​។ នេះ​ជា​ពាក្យស្លោក​នៅក្នុង​សៀវភៅ «​ជំនាញ​លក់​ជោគជ័យ​» (Skills for Sales Success) ដែល​មាន​កម្រាស់​ជាង​២០០​ទំព័រ​ក្រោម​ការ​ការ​ចងក្រង និង​ស្រាវជ្រាវ​របស់លោក អ៊ឹម ផល្លា អ្នកគ្រប់គ្រង​ក្រុមហ៊ុន Booloom Booloom Co., Ltd និង​ក្រុមហ៊ុន Jamon Pest Management (Cambodia) Co., Ltd រួមជាមួយ​លោក ញាន សុ​មុន្និន្ទ អនុបណ្ឌិត​ផ្នែក​អភិបាលកិច្ច និង​ការអភិវឌ្ឍន៍​ពី​ប្រទេស​អង់គ្លេស​។​
អត្ថបទទាក់ទង

​អ្នកនិពន្ធ​បាន​សរសេរ​នៅក្នុង​ខ្ទង់​អារម្ភកថា ថា​៖ «​វា [​សៀវភៅ​] នឹងមាន​ប្រយោជន៍ និង​ផ្តល់​ជា​គំនិត​ដល់​មនុស្ស​ច្រើន​នាក់ ពិសេស​អ្នក​ប្រកប​អាជីព​ផ្នែក​លក់ រួមទាំង​អ្នកគ្រប់គ្រង​ផ្នែក​លក់ និង​នាយក​ក្រុមហ៊ុន​ផងដែរ […] ។ ដើម្បី​ឲ្យ​លក់​កាន់តែ​ដាច់ និង​មាន​អតិថិជន​កាន់តែច្រើន លុះត្រាតែ​បុគ្គលិក​របស់​ក្រុមហ៊ុន​ពូកែ និង​មាន​ជំនាញ​ក្នុង​ការលក់​»​។​

​នៅក្នុង​សៀវភៅ​នេះ លោក អ៊ឹម ផល្លា ដែល​បាន​អនុបណ្ឌិត​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ​ពី​ជប៉ុន និង​អនុបណ្ឌិត​គ្រប់គ្រង​ពាណិជ្ជកម្ម​ពី​អូស្ត្រាលី រួមជាមួយ លោក ញាន សុ​មុន្និន្ទ បាន​បែក​ចែកជា​ច្រើន​ផ្នែក​សំខាន់ៗ ដែល​ក្នុងនោះ ពួកគាត់​បាន​លើកយក​សម្រង់​សំដី [Quote] របស់​ឥស្សរជន អ្នកជំនួញ និង​បុគ្គល​ជោគជ័យ​នានា មក​បង្ហាញ​ផងដែរ​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ សៀវភៅ «​ជំនាញ​លក់ ជោគជ័យ​» ត្រូវបាន​រៀបចំឡើង​ផងដែរ​ក្នុង​ទម្រង់​ជា​សំណួរចម្លើយ ដែល​ខុសប្លែក​ពី​សៀវភៅ​ដទៃទៀត ហើយ​ងាយស្រួល​សម្រាប់​អ្នកអាន​ដែល​ចង់ដឹង​ចំណុច ឬ​សំណួរ​ណាមួយ​។​

​តើ​ការងារ​អ្វី​ធ្វើ​ឲ្យ​យើង​ក្លាយជា​អ្នកមាន​? តើ​អ្វី​ជា​គន្លឹះ​សម្ងាត់ ឬ​គោលការណ៍​ជោគជ័យ​នៃ​ការលក់​? តើ​ត្រូវធ្វើ​យ៉ាងម៉េច​ពេល​អតិថិជន​សួរ​អំពី​តម្លៃ​? តើ​ក្រុមហ៊ុន​ត្រូវធ្វើ​អ្វីខ្លះ​ជួយ​ឲ្យ​បុគ្គលិក​លក់​ជោគជ័យ​? ចម្លើយ​តប​ទៅនឹង​សំណួរ​ទាំងនេះ និង​សំណួរ​ជាច្រើន​ទៀត មាន​ក្នុង​សៀវភៅ «​ជំនាញ​លក់​ជោគជ័យ​» ដែល​បោះពុម្ពផ្សាយ​ដោយ CBD Partner & Consultancy៕

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទៅកាន់​លោក អ៊ឹម ផល្លា​៖ ០១២ ៦២២ ២២៧



Tag:
 សៀវភៅ​
  អាជីវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com