អន្តរជាតិ
ម៉ា​ល់​ឌី​វ​៖​តុលាការ​កំពូល​លុប​ការសម្រេចចិត្ត​ដោះលែង​អ្នកទោសនយោបាយ ក្រោយ​ប្រធាន​តុលាការ​ត្រូវ​ចាប់ខ្លួន​
07, Feb 2018 , 4:50 pm        
រូបភាព
ប្រធានាធិបតី ម៉ាល់ឌីវ លោក Abdulla Yameen (រូបភាព៖ Indian Express)
ប្រធានាធិបតី ម៉ាល់ឌីវ លោក Abdulla Yameen (រូបភាព៖ Indian Express)
ដោយ: ថ្មីៗ
​ចៅក្រម​តុលាការ​កំពូល​ម៉ា​ល់​ឌី​វ សម្រេចចិត្ត​លុបចោល​សេចក្តីសម្រេច​របស់ខ្លួន​ដែល​បញ្ជា​ឲ្យ​ដោះលែង​អ្នកទោសនយោបាយ​ប្រាំ​បួនរូប ក្រោយពេល​ប្រធានាធិបតី​បញ្ជា​ឲ្យ​ចាប់ខ្លួន​ចៅក្រម​ម្នាក់ និង​ប្រធាន​តុលាការ​កំពូល​ផង​។ ប្រធានាធិបតី​បានចេញ​មុខ​ស្វាគមន៍​ការសម្រេចចិត្ត​ជាថ្មី​រប​ស់​តុលាការ​កំពូល​ដែរ​។



​ទំនងជា​ភ័យព្រួយ​រឿង​សុវត្ថិភាព​របស់ខ្លួន​ផង ចៅក្រម​តុលាការ​កំពូល​បី​រូប​ដែល​នៅ​សេសសល់​ពី​ការចាប់ខ្លួន ស្រាប់តែ​ប្រកាស​លុបចោល​ការសម្រេច​របស់ខ្លួន​ដែល​ធានា​ឲ្យ​មានការ​ដោះលែង​អ្នកទោសនយោបាយ​ប្រាំ​បួនរូប​នៅ​ថ្ងៃ​ពុធ​ទី ៧ ខែកុម្ភៈ នេះ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ចៅក្រម​ទាំងបី​រូប​បាន​អះអាងថា ខ្លួន​សម្រេច​បែបនេះ​គឺ​ដើម្បី​ឆ្លើយតប​នឹង​ក្តីបារម្ភ​របស់​ប្រធានាធិបតី Abdulla Yameen កន្លងមក​ដែរ​។ ប៉ុន្តែ​ទោះជា​មានការ​បកស្រាយ​បែបនេះ​ក្តី គេ​ដឹង​ច្បាស់​ថា ហេតុផល​នៅ​ពីក្រោយ​ការសម្រេចចិត្ត​បែបនេះ គឺ​ទាក់ទង​នឹង​ការចាប់ខ្លួន​ប្រធាន​តុលាការ​កំពូល Abdulla Saeed និង​ចៅក្រម​ម្នាក់ទៀត​ក្រោយ​រដ្ឋាភិបាល​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​រយៈពេល ១៥​ថ្ងៃនោះ​។​

​តាមពិតទៅ​តុលាការ​កំពូល​បានចេញ​សាលដីកា​មួយ​ដើម្បី​ដោះលែង​អ្នកទោសនយោបាយ ប្រាំ​បួនរូប​ដែល​ត្រូវបាន​រដ្ឋាភិបាល​ចាប់ខ្លួន និង​ចោទប្រកាន់ថា​ពាក់ព័ន្ធ​ករណី​ភេរវកម្ម​នោះ​នៅ​ដើមខែ​កុម្ភៈ​។ ការសម្រេចចិត្ត​នេះ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ម៉ា​ល់​ឌី​វ​ខឹងសម្បារ និង​ព្រួយបារម្ភ​ខ្លាំង​ផងដែរ ហើយ​រដ្ឋាភិបាល​ក៏​មិនបាន​អនុវត្តតាម​សេចក្តីសម្រេច​តុលាកា​រដែ​រ​។

​ក្រោយមក គេ​ក៏​លេចលឺ​ពាក្យ​ចោទប្រកាន់​ពី​សំណាក់​រដ្ឋាភិបាល​ចំពោះ​តុលាការ​កំពូល​ថា ស្ថាប័ន​យុត្តាធិការ​ផុត​លេខ​នេះ​ត្រៀម​ដកហូត​តំណែង​ប្រធានាធិបតី​ផង ហើយក៏​មានការ​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​តែម្តង​។

អត្ថបទទាក់ទង


​បន្ទាប់ពី​តុលាការ​កំពូល​ប្តូរ​ការសម្រេចចិត្ត​រប​ស់​ខ្លួន ប្រធានាធិបតី​ម៉ា​ល់​ឌី​វ​លោក Abdulla Yameen ក៏បាន​ចេញមុខ​ស្វាគមន៍​ការសម្រេចចិត្ត​នេះដែរ​។​

​យ៉ាងណាមិញ តុលាការ​កំពូល​នេះ​មិនបាន​ប្តូរ​ការសម្រេចចិត្ត​រប​ស់​ខ្លួន​ក្នុងការ​ផ្តល់​សិទ្ធិ និង​អំណាច​ឡើងវិញ​ដល់​តំណាងរាស្ត្រ ១២ រូប​ដែល​បាន​ចុះចូល​ជាមួយ​គណបក្សប្រឆាំង​ក​ន្ល​ង​មក​ឡើយ​។ នេះ​ក៏​ជា​រឿង​ដែល​រដ្ឋាភិបាល​បារម្ភ​ខ្លាំង​ដែរ ដ្បិតថា គណបក្ស​ជឿនលឿន​ម៉ា​ល់​ឌី​វ (PPM) ដែលជា​បក្ស​កាន់អំណាច​នឹង​បាត់បង់​សំឡេង​ភាគច្រើន​ក្នុង​សភា​ដែលមាន​សមាជិក​សរុប ៨៥​នាក់ បើ​មានការ​សិទ្ធិ​និង​អំណាច​ឡើងវិញ​ដល់​សមាជិកសភា​បក្សប្រឆាំង​មែន​នោះ​។

​គួរបញ្ជាក់​ផងដែរ​ថា តាំងពី​ឡើងកាន់តំណែង​មក លោក Yameen បាន​ចាប់​អ្នកនយោបាយ​ប្រឆាំង​ដាក់គុក​ស្ទើរ​អស់​ទៅហើយ ដែល​វា​វិធានការ​មួយ​ដើម្បី​បោសសម្អាត​រាល់​អ្នក​ដែល​អាចធ្វើ​ឲ្យ​លោក​បាត់បង់​អំណាច​ផង​។ ក្រោយ​ការប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន ប្រមុខរដ្ឋ​ម៉ា​ល់​ឌី​វ​ក៏បាន​បញ្ជា​ឲ្យ​ប៉ូលិស​ចាប់ខ្លួន​អតីត​ប្រធានាធិបតី Maumoon Abdul Gayoom ដែលជា​បងប្អូន​របស់​ខ្លួន​ផង​៕


Tag:
 ម៉ា​ល់​ឌី​វ​
  Abdulla Yameen
  វិបត្តិ​នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com