ជាតិ
នយោបាយជាតិ
ក្រោយគាំទ្រវិធានការច្បាប់នៅម៉ាលឌីវ សម្ដេច ហ៊ុន សែន ប្ដេជ្ញាទប់ស្កាត់ជនបំផ្លាញសេចក្តីសុខជាតិ
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកពីការការពារសុខសន្តិភាព ចំពោះមុខកម្មករជាង១ម៉ឺននាក់ នៅព្រឹកថ្ងៃទី៧ កុម្ភៈ។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនេះ ប្រមុខរដ្ឋាភិបាល បានលើកករណីប្រទេសម៉ាល់ឌីវ ដែលមានការចាប់ខ្លួនប្រធានតុលាការកំពូល Abdulla Saeed និងចៅក្រមម្នាក់ទៀត តាមការបញ្ជាផ្ទាល់ពីលោកប្រធានាធិបតីAbdulla Yameen ។ និយាយដល់ត្រង់នេះ សម្ដេច ហ៊ុន សែន បានប្រកាសថា ខ្លួនក៏ហ៊ានអនុវត្តវិធានការច្បាប់ ទៅលើជនណាដែលបំផ្លាញសន្តិភាព និងសេចក្តីសុខជាតិដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយដូច្នេះថា៖«ម៉ាលឌីវដាក់ប្រទេសក្នុងស្ថានភាពប្រកាសអាសន្នតែម្ដង ហើយពីម្សិលមិញចាប់ប្រធានតុលាការកំពូល។ ព្រោះបើកាលណាប្រកាសប្រទេសដាក់ក្នុងគ្រាមានអាសន្ន បានសេចក្តីថាអ្វីៗត្រូវព្យួរចោលសិនហើយ ដូច្នេះអនុញ្ញាតឲ្យប្រធានាធិបតី បញ្ជាកម្លាំងចាប់ប្រធានតុលាការកំពូល។ ហេតុអ្វីបានជាគេធ្វើបែបនេះ ព្រោះប្រទេសនីមួយៗដូចគ្នាទេ។ វិធានការដែលគេធ្វើ គឺគេការពារសេចក្តីសុខរបស់ប្រជាជនម៉ាល់ឌីវ ។ ឯយើងវិញក៏ហ៊ានធ្វើចំពោះជនណាក៏ដោយដែលប្រព្រឹត្តបទល្មើសបំផ្លាញទៅដល់សេចក្តីសុខរបស់ជាតិ។ ដូច្នេះយើងមិនខ្លាចធ្វើទេ»។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលប្រកាសដាក់រដ្ឋក្នុងភាពអាសន្នរយៈពេល ១៥ថ្ងៃ។ ស្របពេលដាក់រដ្ឋក្នុងភាពអាសន្ននេះ ប្រធានាធិបតី Abdulla Yameen ចាប់ខ្លួនប្រធានតុលាការកំពូល Abdulla Saeed និងចៅក្រមម្នាក់ទៀត ទាក់ទងនឹងការចេញសាលដីកាមួយ ដើម្បីដោះលែងអ្នកទោសនយោបាយប្រាំបួនរូប ដែលត្រូវបានរដ្ឋាភិបាលចាប់ខ្លួន និងចោទប្រកាន់ថាពាក់ព័ន្ធករណីភេរវកម្មនោះនៅដើមខែកុម្ភៈ។ ការសម្រេចចិត្តនេះធ្វើឲ្យរដ្ឋាភិបាលម៉ាល់ឌីវខឹងសម្បារ និងព្រួយបារម្ភខ្លាំងផងដែរ ហើយរដ្ឋាភិបាលក៏មិនបានអនុវត្តតាមសេចក្តីសម្រេចតុលាការដែរ។
គួរបញ្ជាក់ផងដែរថា តាំងពីឡើងកាន់តំណែងមក លោក Yameen បានចាប់អ្នកនយោបាយប្រឆាំងដាក់គុកស្ទើរអស់ទៅហើយ ដែលវាវិធានការមួយដើម្បីបោសសម្អាតរាល់អ្នកដែលអាចធ្វើឲ្យលោកបាត់បង់អំណាចផង៕
© រក្សាសិទ្ធិដោយ thmeythmey.com