ជាតិ
ទូត​ចិន​៖ យើង មិន​អនុញ្ញាត​ឲ្យ​ជនជាតិ​ចិន យក​កម្ពុជា ធ្វើជា​កន្លែង​ប្រព្រឹត្ត​បទល្មើស​ឡើយ​
08, Feb 2018 , 9:59 pm        
រូបភាព
លោក ស្យុង ប៉ ស្ថិតក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២0១៨
លោក ស្យុង ប៉ ស្ថិតក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២0១៨
​ភ្នំពេញ​៖ លោក ស្យុ​ង ប៉ Xiong Bo ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ទទួលស្គាល់ថា ពិត​ជាមាន​ជនជាតិ​ចិន​ខ្លះ ដែល​ដើរ​ទេសចរណ៍ និង​ធ្វើការ​នៅ​កម្ពុជា មិន​គោរព​ច្បាប់ ហើយ​បាន​បង្កបញ្ហា​ផ្សេងៗ​។ លោក លើកឡើង​បែបនេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ស្តីពី​ស្ថានភាព​ជាក់ស្តែង​នៃ​កំណើន​វិនិយោគិន​និង​ប្រជាជន​ចិន​នៅ​កម្ពុជា ដែល​រៀបចំឡើង នៅ​រសៀល​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៨​។



​លោក ស្យុ​ង ប៉ អះអាងថា  បទល្មើស​ឬ​ទង្វើ​មិន​គប្បី ដែល​ជនជាតិ​ចិន​ទាំងនោះ បាន​ប្រព្រឹត្ត មានដូចជា  លេងល្បែង​ស៊ីសង ផឹកស្រា ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ទូរគមនាគមន៍ ជាដើម ដែល​បង្ក​ឲ្យ​ខូច​សណ្តាប់ធ្នាប់  និង​សន្តិសុខ​នៅ​កម្ពុជា ហើយ​រហូតដល់​ប៉ះពាល់​អាយុជីវិត​ប្រជាជន​ក៏មាន​។ នារី​ជា​អ្នកបកប្រែ បាន​បកប្រែ​ប្រសាសន៍​របស់​ឯកអគ្គរ​ដ្ឋ​ទូត​ចិន​រូបនេះ មកជា​ភាសា​ខ្មែរ​យ៉ាង​ដូច្នេះ​ថា​៖«​ចំពោះ​ជន​ទាំងអស់នោះ យើង គាំទ្រ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​កម្ពុជា ចាត់ការ​តាម​នីតិវិធី​។ […] ហើយ​យើង ពុំ​អនុញ្ញាត​ឲ្យ​ជន​ណាមួយ ប្រើប្រាស់​ទឹកដី​កម្ពុជា ដើម្បី​ប្រព្រឹត្ត​សកម្មភាព​ល្មើសច្បាប់ ដែល​នាំ​ឲ្យ​ខូចប្រយោជន៍​របស់​ប្រទេស​និង​ប្រជាជន​ចិន​ទេ​»​។

​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ចិន បាន​អំពាវនាវ​ដល់​ប្រជាជន​ចិន​ទាំងអស់ ដែល​មក​ដើរ​កម្សាន្ត និង​ធ្វើការ​នៅ​កម្ពុជា ឲ្យ​គោរព​ច្បាប់ និង​ប្រពៃណី​របស់​ប្រជាជន​កម្ពុជា ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ នេះ​ជាការ​ថ្លែង​របស់លោក ស្យុ​ង ប៉ ដដែល ដោយ​លោក បាន​បន្តថា ក្នុងនោះ​ប្រជាជន​ចិន​ភាគច្រើន អាចបំពេញ​បាន ចំពោះ​ការអំពាវនាវ​ខាងលើ​។ លោក បន្ថែមថា  បើ​ប្រៀបធៀប នឹង​ភ្ញៀវទេសចរ និង​ប្រជាជន​ចិន​ជាង​មួយ​លាន​នាក់ ដែល​កំពុងមាន​វត្តមាន​នៅ​កម្ពុជា ជនជាតិ​ចិន ដែល​ប្រព្រឹត្ត​បទល្មើស និង​ទង្វើ​មិន​គប្បី មាន​តិចតួច​ប៉ុណ្ណោះ​។

​ឯកអគ្គរដ្ឋទូត​ចិន និយាយទៀតថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ស្ថាប័ន​អនុវត្ត​ច្បាប់​របស់​ប្រទេស​ចិន​និង​កម្ពុជា បាន​សហការគ្នា​យ៉ាង​ជិតស្និទ្ធ ក្នុងការ​បង្ក្រាប​ជនល្មើស ជា​ជន​ជាតិចិន​ទាំងនោះ​។ សម្តី​របស់លោក ត្រូវបាន​បកប្រែ​ជា​ភាសា​ខ្មែរ​បែបនេះ​ថា​៖«​យើង ប្រឆាំង​ដាច់ខាត ចំពោះ​ជន​ណា ដែល​រៀបចំ​និង​ប្រមូល​ប្រជាជន​ចិន មកកាន់​កម្ពុជា ក្នុង​គោលបំណង​ប្រព្រឹត្ត​ល្បែងស៊ីសង ឬ​បទល្មើស​ខុសច្បាប់​»​។

​ជា​ចុងក្រោយ ឯកអគ្គរដ្ឋទូត បាន​អំពាវនាវ​ដល់​ប្រជាជន​ចិន​របស់លោក ដែល​មកកាន់​ប្រទេស​កម្ពុជា ឲ្យ​រក្សា​ភាពត្រឹមត្រូវ និង​ភាព​ស្អាតស្អំ ដោយ​ជៀស​ឲ្យ​ពី​ឆ្ងាយ​ពី​ល្បែងស៊ីសង ឬ​ទង្វើ​ខុសច្បាប់​នានា​៕

អត្ថបទទាក់ទង




Tag:
 ចិន​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com