អន្តរជាតិ
សេត​វិមាន​អាមេរិក​៖ «​ចិន​លុបចោល​អាណត្តិ​ប្រធានាធិបតី​ជា​កិច្ចការ​ផ្ទៃក្នុង​របស់គេ​ប៉ុណ្ណោះ​»
27, Feb 2018 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សេត​វិមាន​អាមេរិក​បានផ្តល់​យោបល់​ថា បក្ស​កុម្មុយនីស្ត​ចិន​ស្នើ​ដក​ការកំណត់​អាណត្តិ​ប្រធានាធិបតី​ជា​រឿង​របស់​ចិន និង​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​នីមួយៗ​ប៉ុណ្ណោះ​។ ការលើកឡើង​បែបនេះ​ជាការ​ឆ្លើយតប​នឹង​សំណួរ​ពី​ការយល់ឃើញ​របស់​មហា​អំណាច​ប្រជាធិបតេយ្យ​នេះ​ជុំវិញ​ការសម្រេចចិត្ត​របស់​ម​ហា​យក្ស​ចិន​។



​អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក Sarah Sanders បានលើកឡើង​នៅ​ថ្ងៃ​ចន្ទ ទី ២៦ ខែកុម្ភៈ ការសម្រេចចិត្ត​របស់​បក្ស​ក​ម្មុយ​នី​ស្ត​ចិន​ដែល​ស្នើសុំ​បញ្ចប់​ការកំណត់​អាណត្តិ​ប្រធានាធិបតី​ជា​រឿង​ផ្ទៃក្នុង​របស់​ចិន តែ​អាមេរិក​នៅតែ​គាំទ្រ​ការកំណត់​អាណត្តិ​នេះ​។​
 
លោកស្រី Sarah Sander បាន​ថ្លែង​ដូច្នេះ​៖« ខ្ញុំ​ជឿជាក់ថា វា​ជាការ​សម្រេចចិត្ត​របស់​ចិន​។ ប្រធានាធិបតី​អាមេរិក​បាន​និយាយ​ពី​ការកំណត់​អាណត្តិ​ប្រធានាធិបតី​ក្នុងពេល​ឃោសនាបោះឆ្នោត ហើយ​វា​ជា​អ្វីដែល​យើង​ជា​ប្រជាជន​អាមេរិក​គាំទ្រ​។ ប៉ុន្តែ​ការសម្រេចចិត្ត​នេះ ជា​រឿង​របស់​ចិន​ប៉ុណ្ណោះ​»​។​
អត្ថបទទាក់ទង

​កាលពី​ថ្ងៃអាទិត្យ​ទី​២៥ ខែកុម្ភៈ បក្ស​កុម្មុយនីស្ត​ចិន​បាន​ស្នើសុំ​លុបចោល​ការកំណត់​អាណត្តិ​ប្រធានាធិបតី​ត្រឹម​ពីរ​អាណត្តិ ​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ សំណើ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​របស់​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ត មុននឹង​ដាក់​ឲ្យ​រដ្ឋសភា​អនុម័ត​ក្នុង​កិច្ចប្រជុំ​នៅ​ខែមីនា​។ បើសិនជា​មានការ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​លុបចោល​ការកំណត់​រយៈពេល​កាន់តំណែង​របស់​ប្រធានាធិបតី​មែន​នោះ លោក ស៊ី ជិន​ភីង​ដែលមាន​ប្រជាប្រិយភាព និង​ទទួលបាន​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំ​បក្ស​ផង​នោះ​អាច​នឹងមាន​ដឹកនាំ​ប្រទេស​លើសពី​ឆ្នាំ ២០២៣​ឯណោះ​។ 

​ដោយឡែក​កន្លងមក លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​និយាយ​ពី​ភាពចាំបាច់​ក្នុង​ការកំណត់​អាណត្តិ​អ្នកនយោបាយ​ដែរ​។ ប៉ុន្តែ​ការបញ្ជា​ក់ថា ការកែ​រដ្ឋធម្មនុញ្ញ​ដក​ការកំណត់​អាណត្តិ​ប្រធានាធិបតី​ចិន​ជា​រឿង​ផ្ទៃ​ក្នុងនោះ ត្រូវបាន​គេ​រិះគន់​ដែរ​ព្រោះ​វា​មិនមែនជា​រឿង​សាមញ្ញ​ពេក​ទេ​ដែល​អាមេរិក​និយាយ​ពី​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ផ្សេងទៀត​នោះ​។

​មានមតិ​ខ្លះ​អះអាងថា វា​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពស្ទាក់ស្ទើ​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​បង្ហាញ​ជំហរ​រឹងមាំ ឬ​បង្ហាញ​មតិ​រិះគន់ របប​ដឹកនាំ​មិនមែន​ប្រជាធិបតេយ្យ​ជាពិសេស​ចិន​តែម្តង​។ លោក ដូ​ណា​ល់ ត្រាំ ខ្លួនឯង​ធ្លាប់​អះអាងថា លោក និង​លោក ស៊ី ជិន​ភីង មាន​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ពិសេស និង​ល្អប្រសើរ​ផង​៕



Tag:
 អាមេរិក​
  ចិន​
  អាណត្តិ​ប្រធានាធិបតី​
  ស៊ី ជិន​ភីង​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com