ជាតិ
សម្ដេច ហ៊ុន សែន​៖ រដ្ឋាភិបាល​កំពុង​រង​គ្រោះ ព្រោះ​ថៅកែ​រោងចក្រ​រត់ចោល​កម្មករ​
21, Mar 2018 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ មួយរយៈ​ចុងក្រោយ​នេះ ថៅកែ​រោងចក្រ​មួយចំនួន បាន​រត់ចោល​កម្មករ ដោយ​មិនដឹង​មូលហេតុ​ច្បាស់លាស់​។ ដើម្បី​បញ្ចៀស​បញ្ហា​តវ៉ា និង​ការលំបាក​កម្មករ រដ្ឋាភិបាល បាន​ចំណាយ​ថវិកា​បុ​រេ​ប្ប​ទាន អស់​៤​លាន​ដុល្លារ​ហើយ សម្រាប់​យកទៅ​ដោះស្រាយ​បញ្ហា​កម្មករ​សិន មុននឹង​សម្រេច​ដាក់លក់​សម្ភារ​រោងចក្រ​ឡៃ​ឡុង ទូទាត់​ត្រឡប់មក​ចូល​រដ្ឋ​វិញ​។



​ប្រមុខ​រដ្ឋាភិបាល កំពុង​ព្រួយបារម្ភ​ចំពោះ​បញ្ហា​ម្ចាស់​រោងចក្រ​រត់ចោល​កម្ម​ករ​នេះ​។ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​១​ម៉ឺន​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា រដ្ឋាភិបាល​កំពុង​រង​គ្រោះ ព្រោះ​ថៅកែ​រោងចក្រ​ដែល​យកលុយ​ទៅលេង​ចាញ់ល្បែង ហើយ​រត់ចោល​កម្មករ​។​

​សូម​ស្ដាប់​ប្រសាសន៍​នាយករដ្ឋមន្ត្រី​៖




អត្ថបទទាក់ទង

​បញ្ហា​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​នោះ គឺ​ប្រាក់ខែ និង​ប្រាក់​អតីតភាព​ការងារ​កម្មករ ដែល​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​ជួស​ម្ចាស់​រោងចក្រ មិនតិចជាង​៤​ពាន់​ដុល្លារ​ទេ សម្រាប់​កម្មករ​ម្នាក់​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​បាន​បញ្ជារ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រីក្រសួង​ការងារ ដោះស្រាយ​បញ្ហា​កម្មករ​ជាង​៤​ពាន់​នាក់ ក្នុង​រោងចក្រ​បិទទ្វា​ចំនួន​៩ កាលពីពេល​ថ្មីៗ​នេះ​។​

​បន្ថែម​ពីនេះ​នាយករដ្ឋមន្ត្រី បាន​បញ្ជារ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បើក​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​រក​វិធី​ទប់ស្កាត់ និង​ដោះស្រាយ​លើ​បញ្ហា​ថៅកែ​រោងចក្រ​រត់ចោល​កម្មករ ដោយ​ធ្វើយ៉ាងណា​បញ្ចៀស​ករណីបែបនេះ កុំ​ឲ្យ​ក្លាយទៅជា​ជំងឺ​សម្រាប់​ឲ្យ​រដ្ឋាភិបាល​ព្យាបាល​។​

​កាលពី​ចុងខែ​កុម្ភៈ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឲ្យ​ក្រសួង​ការងារ​យក​ថវិកា​បុរេប្រទាន​ជាង ៤​លាន​ដុល្លារ​អាមេរិក ដោះស្រាយ​សំណង​ជូន​កម្មករ​ជាង​៤​ពាន់​នាក់​នៅ​រោងចក្រ​ចំនួន ៩ ដែល​ត្រូវ​ថៅកែ​រោងចក្រ​រត់ចោល​។ ក្រោយពី​ដោះស្រាយ​បញ្ហា​ប្រាក់ខែ​កម្មករ​ហើយ ទ្រព្យសម្បត្តិ​រោងចក្រ​ដែល​នៅ​សេសសល់​នោះ ក្រសួង​ការងារ អាច​ដោះស្រាយ​តាម​នីតិវិធី ដោយ​ការដាក់​លក់ឡៃ​ឡុង​រោងចក្រ​ជាដើម​។ ក្រសួង​ការងារ​ក៏ត្រូវ​ទទួលខុសត្រូវរ​ក​ការងារ​ឲ្យ​កម្មករ​ទាំងនោះ​ផងដែរ​។ នេះ​បើតាម​ដំណោះស្រាយ​របស់​សម្ដេច ហ៊ុន សែន​៕


Tag:
 ហ៊ុន សែន​
 ​ កម្មករ​
© រក្សាសិទ្ធិដោយ thmeythmey.com