ជាតិ
​ទទួល​គ្រឿង​ឥស្សរិយយស Padma Shri លោក ហ៊ុន ម៉ា​នី ដឹងគុណ​ប្រទេសជាតិ​
03, Apr 2018 , 9:23 am        
រូបភាព
លោក ហ៊ុន ម៉ានី ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា ទទួលពានរង្វាន់ពីប្រធានាធិបតីឥណ្ឌាលោកRam Nath Kovind
លោក ហ៊ុន ម៉ានី ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា ទទួលពានរង្វាន់ពីប្រធានាធិបតីឥណ្ឌាលោកRam Nath Kovind
​សន្និសីទកាសែត​មួយ​នឹងត្រូវ​រៀបចំ​ទទួល​លោក ហ៊ុន ម៉ា​នី នា​យប់​ថ្ងៃទី​៣​ខែមេសា​នេះ ម៉ោង​៧​និង​៤៥​នាទី នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ច្រក​សាធារណៈ ដើម្បី​ទទួល​លោក ហ៊ុន ម៉ា​នី ដែល​ទទួលបាន​ពានរង្វាន់​ជា​គ្រឿង​ឥស្សរិយយស Padma Shri ពី​រដ្ឋាភិបាល​ឥណ្ឌា​។​



​បន្ទាប់ពី​បានទទួល​បាន​គ្រឿង​ឥស្សរិយយស​ពី​លោក​ប្រធានាធិបតី​ឥណ្ឌា​នៅ​ថ្ងៃទី​២​មេសា លោក ហ៊ុន ម៉ា​នី បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ដើម្បី​បង្ហាញ​ពី​មោទកភាព​របស់លោក​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​។​

​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ដែលមាន​ន័យ​យ៉ាង​ដូច្នេះ​ថា​៖«​សម្រាប់​គ្រឿង​ឥស្សរិយយស​នេះ ខ្ញុំ​សូម​គោរព​ដឹងគុណ​ចំពោះ​គ្រួសារ សហការី​ដ៏​គួរ​ឲ្យ​ទុកចិត្ត គ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែលមាន​ការលះបង់​ខ្ពស់ និង​ជាសំខាន់​ទៅទៀត​នោះ ខ្ញុំ​គោរព​ដឹងគុណ​ចំពោះ​ប្រទេសជាតិ​ជាទី​ស្រឡាញ់​របស់ខ្ញុំ​»​។​



​ដោយមាន​រូបថត​អម​ជាមួយ​ផង​នោះ លោក ហ៊ុន ម៉ា​នី ក៏បាន​សរសេរ​បញ្ជាក់​ផងដែរ​ថា ពិធី​ផ្តល់ និង​ទទួល​ពានរង្វាន់ និង​គ្រឿង​ឥស្សរិយយស Padma Shri ពី​លោក​ប្រធានាធិបតី​ឥណ្ឌា​លោក Ram Nath Kovind នោះ បាន​ប្រព្រឹត្តិ​ទៅដោយ​មានការ​ចូលរួម​ពី​មេដឹកនាំ​ជាន់ខ្ពស់​របស់​ប្រទេស​ឥណ្ឌា ដូចជា​អនុ​ប្រធានាធិបតី នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ម៉ូ​ឌី រួមទាំង​មនុស្ស​ល្បីល្បាញ និង​ជ័យលាភី Padma Shri ជាច្រើនរូប​។​

អត្ថបទទាក់ទង


Padma Awards ជា​គ្រឿង​ឥស្សរិយ​ស​ដ៏​មាន​កិត្យានុភាព​មួយ​ដែល​រដ្ឋាភិបាល​ឥណ្ឌា​ផ្តល់​ទៅ​ឥស្សរជន​ឆ្នើម​ក្នុង​បេសកកម្ម​បម្រើ​ជន​ស៊ីវិល​នៅ​ផ្នែក​ផ្សេងៗ​គ្នា ចាប់តាំងពី​ឆ្នាំ​១៩៥៤​មក​។​



​លោក ហ៊ុន ម៉ា​នី  អាយុ​៣៥​ឆ្នាំ ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​)​។ ក្នុងតួនាទី​ជា​ប្រធាន ស​.​ស​.​យ​.​ក លោក ហ៊ុន ម៉ា​នី បាន​ជំរុញ​ការចូលរួម​របស់​យុវជន​ក្នុង​សកម្មភាព​មនុស្សធម៌ វប្បធម៌ ជាពិសេស​តាមរយៈ​កម្មវិធី​អង្គរ​សង្ក្រាន្ត​។ លោក​ក៏​ជា​អ្នកគាំទ្រ​ដ៏​សកម្ម​នៃ​ក្រុមការងារ Go Go Cambodia ដែលមាន​បេសកកម្ម​លើកកម្ពស់​ស្នាដៃ សមិទ្ធផល ក៏ដូចជា​អ្នកមាន​ស្នាដៃ​របស់​កម្ពុជា​។ កាលពី​ឆ្នាំ​២០១៥ លោក​ទទួលបាន​ពានរង្វាន់​សន្តិភាព « The Gusi Peace Prize » ពី​ហ្វីលីពីន​ក្នុង​ភាពជា​អ្នកដឹកនាំ​យុវជន ការគោរព​សិទ្ធិមនុស្ស  និង​ជា​អ្នកការពារ​ស្រឡាញ់​សម្បត្តិ​វប្បធម៌​បេតិកភណ្ឌ​ពិភពលោក​។



​ជ័យលាភី​ទាំងអស់​សុទ្ធតែជា​អ្នក​ដែល​បាន​បំពេញបេសកកម្ម​គួរ​ឲ្យ​កត់សម្គាល់​ទៅតាម​ជំនាញ​របស់ខ្លួន ក្នុងនោះ​មានដូចជា​សិល្បៈ អក្សរសាស្ត្រ អប់រំ កីឡា វេជ្ជសាស្ត្រ ការងារ​សង្គម វិទ្យាសាស្ត្រ វិស្វកម្ម កិច្ចការ​សាធារណៈ សេវាកម្ម​ស៊ីវិល ជំនួញ និង​ឧស្សាហកម្ម​៕


Tag:
 ហ៊ុន ម៉ា​នី​
  Padma Shri
  ឥណ្ឌា​
© រក្សាសិទ្ធិដោយ thmeythmey.com