ជាតិ
សេដ្ឋកិច្ច
ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម កើន​ដល់​ជាង​៤​ពាន់​លាន​ដុល្លារ ខណៈ​កំពុង​អនុវត្ត​ការមិន​យកពន្ធ​ត្រួតគ្នា​
05, Apr 2018 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ គិត​មកដល់ពេលនេះ ទំហំ​ពាណិជ្ជកម្ម កម្ពុជា​-​វៀតណាម មាន​ជាង​៤​ពាន់​លាន​ដុល្លារ​ហើយ ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ធុរកិច្ច​រវាង​ប្រទេស​ទាំងពីរ​។​



​កិច្ចសហប្រតិបត្តិការ​ណ៍រ​វាង​ប្រទេស​ទាំងពីរ មានការ​រីកចម្រើន​ជា​លំដាប់ ដោយ​ក្នុងនោះ​ទំហំ​ពាណិជ្ជ​កម្មបាន​កើនឡើង​ជាង ៤​ពាន់​លាន​ដុល្លារ ដែល​កើន​ជាង​២៥​ភាគរយ ។ ចំណែក​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ ក៏មាន​ការកើនឡើង​កាន់​តែ​ខ្លាំង​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc ក្នុងជំនួប​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៤ មេសា​។​

​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម រំពឹងថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ នឹង​បន្ត​កើនឡើង​បន្ថែមទៀត តាមរយៈ​ការចុះហត្ថលេខា​មិន​យកពន្ធ​ត្រួតគ្នា​កន្លងមក​នោះ ដែល​វា​នឹង​ជួយ​ជំរុញ​ការវិនិយោគ​ឲ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន បាន​ស្រង់​សម្ដី​លោក ង្វៀន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) យ៉ាង​ដូច្នេះ​៖«​សូម​ថ្លែងអំណរគុណ​សម្តេច ក្នុង​ការចូលរួម​កិច្ចប្រជុំ​ធុរៈកិច្ច ហើយ​ក៏បាន​ចុះហត្ថលេខា​លើក​ការមិន​យកពន្ធ​ត្រួតគ្នា ដែល​នេះ​ជា​ឱកាស​មួយ​បាន​បើក​បង្ហាញ​លើទឹក​ចិត្ត​វិនិយោគិន មក​វិនិយោគ​នៅ​វៀតណាម និង​កម្ពុជា​កាន់តែច្រើន​ឡើង​»​។​

​មិន​ខុសគ្នា​ទេ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សង្ឃឹម​យ៉ាង​មុតមាំ​ថា ការចុះហត្ថលេខា​មិន​យកពន្ធ​ត្រួតគ្នា នឹងធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៃ​ប្រទេស​ទាំង​២ មាន​កើនឡើង​កាន់តែខ្លាំង​បន្ថែមទៀត​។ ប៉ុន្តែ​អ្វីដែល​ប្រមុខ​រដ្ឋាភិបាល ចង់ឃើញ​នោះ គឺ​ភាព​រីកចម្រើន​កាន់តែខ្លាំង​របស់​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន​។ «​យើង​គប្បី​ពិនិត្យមើល និង​បង្កលក្ខណៈ​ថែមទៀត​ដើម្បី​ការធ្វើទំនាក់ទំនង​អាជីវកម្ម​រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែខ្លាំង​ឡើង​បន្ថែមទៀត​ជាពិសេស​នៅតាម​តំបន់​ព្រំដែន​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​ក្រៅពី​ការចុះហត្ថលេខា​មិន​យក​ត្រួតស៊ីគ្នា​ជាមួយ​វៀតណាម​នេះ កម្ពុជា ធ្លាប់​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​បណ្ដា​ប្រទេស​មួយចំនួន​ដូចជា ថៃ ព្រុយ​ណេ សិង្ហ​បុរី​ជាដើម ក្នុង​ការមិន​យកពន្ធ​ត្រួតគ្នា​ផងដែរ​។​

អត្ថបទទាក់ទង


​ជុំវិញ​ការយកពន្ធ​ត្រួតគ្នា​នេះ គឺ​សំដៅ​ទៅលើ​កាត​ព្វ​របស់​អ្នកវិនិយោគ ដែល​តម្រូវ​ឲ្យ​បង់ពន្ធ​២​ដង សម្រាប់​ការងារ​រកស៊ី​របស់ខ្លួន​។ ត្រង់ចំណុច​នេះ បានន័យថា ឧទាហរណ៍ ! បើ​អ្នក​វិយោគ​វៀតណាម ដាក់ទុន​វិនិយោគ​លើ​ជំនួញ​អ្វីមួយ​នៅ​កម្ពុជា​នោះ គឺ​គេ​ត្រូវ​បង់ពន្ធ​ឲ្យ​កម្ពុជា​ផង និង​បង់ពន្ធ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ផង​។ ហើយ​ក៏មាន​លក្ខណៈពិសេស មួយចំនួនទៀត​ដែរ​។

​ដោយសារ​បញ្ហា​នេះហើយ​ទើប​រដ្ឋាភិបាល​កម្ពុជា កំពុង​ចរចារ​ជាមួយ​ប្រទេស​នានា ដើម្បី​បញ្ចៀស​ការយកពន្ធ​ត្រួតគ្នា ពោលគឺ​កំណត់​ឲ្យ​អ្នកវិនិយោគ​បង់ពន្ធ​តែមួយ​ម្ដង ហើយ​ថា​តើ​ភាគី​ណាមួយ​ត្រូវមាន​កាត​ព្វ​ប្រមូល​ពន្ធ​ពី​អ្នកវិនិយោគ ដោយ​អាស្រ័យ​លើ​ការចរចា​នៃ​កិច្ច​ព្រមព្រៀងគ្នា​វិញ​ទៅមក​៕


Tag:
 កម្ពុជា​
  វៀតណាម​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com