ជាតិ
សង្រ្កាន្តឆ្នាំថ្មី
​​​ន​យោ​បាយ​ជាតិ​
ទូត​អាមេរិក​ប្រាប់​ពលរដ្ឋ​ខ្លួន​ឲ្យ​ប្រុងប្រយ័ត្ន​ពេល​ចូលឆ្នាំ តែ​អ្នកនាំពាក្យ​មហាផ្ទៃ​ថា កុំ​បារម្ភ​បញ្ហា​នេះ​
12, Apr 2018 , 10:45 am        
រូបភាព
​ភ្នំពេញ​៖ ទូត​អាមេរិក ប្រាប់​ឲ្យ​ប្រជាជន​ខ្លួន ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា បង្កើន​ការប្រុងប្រយ័ត្ន​ពី​ហានិភ័យ ដែល​អាច​កើតឡើង នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។ ការប្រកាស​របស់​ទូត​អាមេរិក​នេះ ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​កម្ពុជា ប្រកាស​ពី​ជោគជ័យ​នៃ​ការទប់ស្កាត់​ផែនការ​បំផ្ទុះ​គ្រាប់ របស់​ក្រុម​ចលនា​រណសិរ្ស​រំដោះជាតិ កាលពីពេល​ថ្មីៗ​នេះ​។​



​ដោយ​ផ្អែក​តាម​ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ស្ថានទូត​អាមេរិក បាន​រំឭក​ដល់​ពលរដ្ឋ​អាមេរិក ឲ្យ​ធ្វើដំណើរ​ទៅណា​មក​ណា មានការ​ប្រុងប្រយ័ត្ន​នៅក្នុង​តំបន់ ដែលមាន​មនុស្ស​ច្រើន​កុះករ ហើយ​ត្រូវ​តាមដាន​រាល់​ព័ត៌មាន​បន្ថែម អំពី​ព្រឹត្តិការណ៍​នានា ក្នុងអំឡុងពេល​ចូលឆ្នាំ​ខ្មែរ​នេះ​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​សរសេរ​ប្រាប់​ពលរដ្ឋ​ខ្លួន​ដូច្នេះ​ថា​៖«​បើ​ឃើញ​របស់​ណា​ដែល​ត្រូវបាន​គេ​ទុកចោល ដោយ​ពុំមាន​អ្នកថែរក្សា​នោះ ត្រូវ​ចាកចេញ​ឲ្យ​ឆ្ងាយ​ភ្លាមៗ ហើយ​ត្រូវ​ប្រុងប្រយ័ត្ន​បំផុត​ចំពោះ​មនុស្ស​នៅ​ជុំវិញខ្លួន​»​។​

​អ្វីដែល​ស្ថានទូត​អាមេរិក​លើកឡើង​នេះ គឺ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​អំពី​សកម្មភាព​នៃ​ការព្យាយាម​បង្កៃ​គ្រឿងផ្ទុះ នៅ​ជិត​វត្តភ្នំ និង​តំបន់​ផ្សេងៗ​ទៀត នៅក្នុង​រាជធានី​ភ្នំពេញ និង​សៀមរាប នៃ​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​។​

​ទាក់ទង​បញ្ហា​នេះ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ បាន​និយាយថា ក្រសួង​បានរៀបចំ​កងកម្លាំង​ទប់ស្កាត់​សកម្មភាព​នានា ដែល​ស្ថិតនៅក្នុង​បំណង​អាក្រក់ នៃ​ការប៉ុនប៉ង​ធ្វើ​សកម្មភាព​អមនុស្សធម៌ ពី​សំណាក់​ក្រុម​ក្បត់ជាតិ​ហើយ​។ លោក ខៀវ សុភ័គ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ជាតិ និង​អន្តរជាតិ កុំ​មានការ​ព្រួយបារម្ភ​លើ​បញ្ហា​នេះ ។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ខៀវ សុភ័គ បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​បាន​ទប់ស្កាត់​អស់ហើយ​រាល់​ស្ថានការណ៍​នានា​។ ដូច្នេះ​ស្ថានទូត​អាមេរិក កុំ​មានការ​ភ័យខ្លាច​ពេក ហើយ​អាមេរិក​កុំ​យក​បញ្ហា​នេះ មក​ធ្វើជា​បំណង​អ្វីមួយ ដើម្បី​វាយប្រហារ​មកលើ​រដ្ឋាភិបាល​។ ព្រោះ​ទូត​ផ្សេងៗ គេ​មិន​ព្រួយបារម្ភ​ផង តែ​ទូត​អាមេរិក​ព្រួយបារម្ភ ខ្លាច​ហួសហេតុ​ហើយ​។ ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​អាមេរិក ក៏​ជាម​នុស្ស​ដូចគ្នា ដូច្នេះ​កម្ពុជា​នឹង​ការពារ​មិន​ឲ្យ​មាន​គ្រោះថ្នាក់​ទេ​»​។​

អត្ថបទទាក់ទង


​កាលពី​ថ្ងៃទី​១០ មេសា រដ្ឋាភិបាល ប្រកាស​ជោគជ័យ​ពី​ការទប់ស្កាត់​ផែនការ​របស់​ក្រុម​លោក សម សេរី ដែល​ប៉ុនប៉ង​បំផ្ទុះ​គ្រាប់ នៅក្នុង​រាជធានី​ភ្នំពេញ និង​សៀមរាប​។ លោក សម សេរី គឺជា​ប្រធាន​ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ ដែល​រដ្ឋាភិបាល​ចាត់ទុកជា​ក្រុម​ក្បត់ជាតិ​។​

​ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា ក្រុម​លោក សម សេរី នេះ​បានរៀបចំ​គម្រោង​បំផ្ទុះ​គ្រាប់ នៅ​តំបន់​វត្តភ្នំ និង​ខេត្តសៀមរាប នៅ​ថ្ងៃទី​១២ មេសា​។

​គួរ​បញ្ជាក់ថា លោក សម សេរី គឺជា​ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណឺ​ម៉ាក់ កាលពី​ឆ្នាំ​២០១២ ។ លោក សម សេរី ធ្លាប់​បញ្ជាក់ថា ការបង្កើត​ចលនា​នេះ​ឡើង ដើម្បី​តស៊ូ រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ពី​អាណានិគម​បែប​ថ្មី​របស់​វៀតណាម​ ​និង​របប​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ប៉ុន្តែ​ចលនា​រណ​សិ​រ្យ​រំដោះជាតិ​ខ្មែរ​នេះ ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា ចាត់ទុកជា​ចលនា​ក្បត់ជាតិ​។ រដ្ឋាភិបាល ក៏បាន​ចាប់ខ្លួន​សមាជិក​ចលនា​រណ​សិ​រ្យ​នេះ​ប្រមាណ​១០​នាក់ កាលពី​ថ្ងៃ​២៣ តុលា ឆ្នាំ​២០១៤ នៅ​គ្រា​ដែល​ពួកគេ​ចូលរួម​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម ដោយ​ដុត​ទង់ជាតិ​វៀតណាម​៕

​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖


១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 ចូលឆ្នាំថ្មី​
  អាមេរិក​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com