ជាតិ
សង្គមជាតិ
លោក ស៊ុន ចាន់ថុល សុំទោសពលរដ្ឋចំពោះករណីបង្គោលភ្លើងនៅកណ្តាលផ្លូវ
× ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃជនរងគ្រោះ ដែលបានបាត់បង់ជីវិតដោយសារតែជិះបុកបង្គោលភ្លើង នៅចំកណ្តាលផ្លូវ១០១៩ (នៅមុខស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ និងសាកលវិទ្យាល័យកម្ពុជា)។ បន្ទាប់មក លោក ក៏បានសុំទោសប្រជាពលរដ្ឋ និងសុំការអធ្យាស្រ័យ ដែលក្រសួង ក៏ដូចជាអាជ្ញាធរ នៅមិនទាន់បានដកបង្គោលភ្លើងទាំងនោះ ចេញពីផ្លូវ។
លោក ស៊ុន ចាន់ថុល ប្រាប់ថា ក្រសួងសាធារណការ និងអគ្គិសនីកម្ពុជា បានពិភាក្សាគ្នារួចហើយ ដោយសម្រេចថា នឹងដកបង្គោលភ្លើងទាំងអស់នោះចេញ ចាប់ពីចន្លោះខែមេសា រហូតដល់ខែមិថុនា ឆ្នាំ២០១៨។ លោក លើកឡើងថា អគ្គិសនីកម្ពុជា ត្រូវបង្កប់ខ្សែភ្លើងនៅក្រោមដីជាមុនសិន ហើយបន្ទាប់មក ទើបអាចដកបង្គោលភ្លើងទាំងនោះចេញបាន។
ក្នុងពីធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសផ្សារដីហុយ ជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ រដ្ឋមន្ត្រីក្រសួងសាធារណការ បានបកស្រាយយ៉ាងដូច្នេះថា៖«ឲ្យរើបង្គោលភ្លើងយ៉ាងម៉េច បើចរន្តភ្លើង កំពុងដំណើរការ។ បើយើង ដកបង្គោលភ្លើង និងកាត់ខ្សែភ្លើងភ្លាមៗ ភ្លើងអគ្គិសនីក្នុងតំបន់នេះ ត្រូវដាច់អស់រលីង។ ដូច្នេះអគ្គិសនីកម្ពុជា ត្រូវការពេលវេលា ដើម្បីដាក់ខ្សែភ្លើងបង្កប់ក្រោមដីសិន ទើបគេអាចកាត់ខ្សែរភ្លើងខាងលើបាន»។
បន្ទាប់មក លោក ក៏អំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នដោយខ្លួនឯង ពេលធ្វើដំណើរលើដងផ្លូវនេះ ខណៈបង្គោលភ្លើង មិនទាន់ត្រូវបានដកចេញ។ លោក បានស្នើឲ្យដាក់សញ្ញាសម្គាល់ ដើម្បីឲ្យប្រជាពលរដ្ឋ បានឃើញ និងប្រុងប្រយ័ត្នក្នុងការបើកបរលើផ្លូវនេះ។
ដំបូងឡើយ បង្គោលភ្លើង គឺស្ថិតនៅខាងកៀនផ្លូវ។ ប៉ុន្តែ បន្ទាប់ពីផ្លូវនេះ ត្រូវបានពង្រីកបន្ថែម បង្គោលភ្លើង ក៏បែរជានៅចំកណ្តាលផ្លូវវិញ ព្រោះល្បឿននៃការពង្រីកផ្លូវ គឺលឿនជាងល្បឿនការដកបង្គោលភ្លើង។
ក្រោយឃើញបង្គោលភ្លើងមួយជួរ ស្ថិតនៅចំកណ្តាលផ្លូវបែបនេះ ប្រជាពលរដ្ឋមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានរិះគន់យ៉ាងខ្លាំង រហូតដល់ហៅផ្លូវនេះថា ជាផ្លូវមរណៈ៕
Tag:
ស៊ុន ចាន់ថុល
បង្គោលភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com