ជាតិ
ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​៖ ពីរ​បី​ម៉ោង​ក្រោយ​សម្ពោធ រថយន្ត​បើក​បុក​រនាំង​ស្លាក​សញ្ញាបាក់ខ្ទេច
12, Apr 2018 , 6:22 pm        
រូបភាព
ភ្នំពេញ​៖ សម្ពោធ​ព្រឹក ខូចខាត​ល្ងាច​! ក្រោយ​សម្ពោធ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បណ្តោះអាសន្ន សម្រាប់​ធ្វើដំណើរ​មិនទាន់បាន​ប៉ុន្មាន​ម៉ោង​ផង ស្រាប់​រថយន្តក្រុង​មួយគ្រឿង បុក​បាក់​រនាំង​ស្លាក​សញ្ញា​ដែល​កំណត់​ពី​ការធ្វើ​ចរាចរណ៍​លើ​ស្ពាន បណ្ដា​ឲ្យ​ខូច​ធ្លាក់​លើដី​។​


 
​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី បាន​និយាយថា អាជ្ញាធរ​កំពុង​ត្រៀម​រៀបចំ​រនាំង​ស្លាក​សញ្ញា​នេះ​ឡើងវិញ​ហើយ ខណៈដែល​រថយន្ត​បង្កហេតុ​នោះ ត្រូវបាន​យកទៅ​រក្សាទុក​ស្នងការ​នរគ​បាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​បញ្ហា​តាមផ្លូវ​ច្បាប់​។ 

​តាមរយៈ​ខ្លឹមសារ​នៅ​បា​រ៉ា​ស់​លើ​ស្ពាន​នេះ ក៏​មានន័យ​បញ្ជាក់​ពី​ការបើកបរ​យានយន្ត​ឆ្លងកាត់​ផងដែរ ដោយ​ក្នុងនោះ​មាន​ស្លាក​សញ្ញា​បង្ហាញ​ពី​កម្ពស់​រថយន្ត​ត្រឹម​៣​ម៉ែត្រ​ចុះក្រោម ហើយ​អាច​ផ្ទុក​ចំណុះ​ត្រឹម​៣០​តោន និង​អនុញាត​ឲ្យ​រថយន្ត​តូច​ចរាចរណ៍​ប៉ុណ្ណោះ ពោលគឺ​រថយន្ត​ធុន​ធំ ត្រូវបាន​ហាមឃាត់​។ ប៉ុន្តែ​បា​រ៉ា​ស់​នេះ ត្រូវបាន​ខូច​ធ្លាក់​ទៅហើយ ដោយសារ​ការធ្វេសប្រហែស​របស់​អ្នកបើកបរ ។ 
​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ បានដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី ១៨ ខែមេសា ឆ្នាំ​២០១៨​។ ថ្លែង​ក្នុង​ពី​ធី​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ជា​បណ្តោះអាសន្ន លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ដែលជា​ស្ពាន​អាកាស​ទី​៥ ក្នុង​រាជធានី​ភ្នំពេញ ហើយ​ស្ពា​នេះ​អាច​ឲ្យ​ឡានតូច​ធ្វើដំណើរ​សង់ខាង​បាន​២​ជួរ នៅលើ​ស្ពាន​។​ស្ពាន​អាកាស​នេះ​បាន​ប្រើប្រាស់​ថវិកា​សាងសង់​អស់​៦១​លាន​ដុល្លារ​អាមេរិក ដែលជា​កម្ចី​សប្បទាន​ពី​រដ្ឋាភិបាល​ចិន និង​ថវិកា​របស់​រដ្ឋាភិបាល​កម្ពុជា​។​
 
 

Tag:
 ស្ពានអាកាស
© រក្សាសិទ្ធិដោយ thmeythmey.com