សង្គមអន្តរជាតិ​
អាជ្ញាធរ​ថៃ ឃាត់ខ្លួន​ពលរដ្ឋ​វៀតណាម ដែល​ឆ្លៀតឱកាស​លួច​របស់​ភ្ញៀវ​ពេល​សង្ក្រាន្ត​ឆ្នាំ​ថ្មី​
21, Apr 2018 , 2:00 pm        
រូបភាព
ដោយ:
​ប៉ូលិស​ជាតិ​ថៃ បាន​ឲ្យ​ដឹងថា អាជ្ញាធរ​បាន​ឃាត់ខ្លួន​ពលរដ្ឋ​បរទេស​ជាច្រើន​នាក់ ដែល​បាន​ចូលទៅក្នុង​ប្រទេស​ថៃ​ខុសច្បាប់ ជាពិសេស​នោះ​នាឱកាស​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដែល​ទើបតែ​កន្លងផុតទៅ​ថ្មីៗ​នេះ ។ តាម​របាយការណ៍​រប​ស់​ប៉ូលិស​ថៃ ក្នុងចំណោម​ពលរដ្ឋ​បរទេស​ទាំងនោះ ក៏មាន​ពលរដ្ឋ​វៀតណាម​ផងដែរ ដោយ​ពួកគេ ជាប់ចោទ​ពីបទ​ចូល​បន្លំ​លួច​របស់របរ​មានតម្លៃ​របស់​ភ្ញៀវទេសចរ ។



​ប៉ូលិស​ទទួលបន្ទុក​ពាក់​ព័ន្ធ​ផ្នែក​អន្តោប្រវេសន៍​ថៃ នៅ​ថ្ងៃ​១៩ មេសា បានធ្វើ​សន្និសីទ​សារព័ត៌មាន​រួមមួយ​ពាក់ព័ន្ធ​នឹង​បទល្មើស​បង្កឡើង​ដោយ​ជនបរទេស ដែល​បាន​កើតឡើង​នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ ។ តាម​សន្និសីទ​នោះ ប៉ូលិស​ជាតិ​ថៃ​បាន​អះអាងថា ពួកគេ​បាន​ឃាត់ខ្លួន​ពលរដ្ឋ​បរទេស ៦០ នាក់ ពាក់ព័ន្ធ​បទល្មើស​ស្នាក់នៅ​លើស​ពេល​កំណត់​ក្នុង​ទិដ្ឋាការ ចូល​ថៃ​ដោយ​ខុសច្បាប់ និង​បទល្មើស​លួច​ជាដើម ។​
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ Bangkok Post ក្នុងចំណោម​ពលរដ្ឋ​បរទេស ៦០​នាក់​នោះ ក៏មាន​ស្ត្រី​ពលរដ្ឋ​វៀតណាម​ម្នាក់​ផងដែរ ។ តាម​របាយការណ៍​រប​ស់​ប៉ូលិស​ថៃ ប៉ូលិស​បាន​រកឃើញ​វត្ថុតាង​នៃ​បទ​លួច​ដូចជា ទូរ​សព្ទ Iphone ១៩ គ្រឿង , កាបូប​ប្រាក់ និង​សៀវភៅ​ធនាគារ​ជាច្រើន ដែល​ជនសង្ស័យ​បាន​លួច​ពី​ភ្ញៀវទេសចរ​នា​ថ្ងៃ​សង្ក្រាន្ត ។ 
​អ្វីដែល​គួរកត់សម្គាល់​នោះ តាម​ប្រភព​អត្ថបទ​របស់ Bangkok Post ដែល​រំលេច​យក​ពលរដ្ឋ​វៀតណាម​ជា​ចំណងជើង​ធំ​ពាក់ព័ន្ធ​នឹង​បទល្មើស​នា​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ដដែល​នោះ មន្ត្រីនគរបាល ក៏បាន​បញ្ជាក់​ផងដែរ ថា ការ​ឈានដល់​ការចាប់ខ្លួន​ស្ត្រី​ពលរដ្ឋ​វៀតណាម​ខាងលើ ធ្វើឡើង​បន្ទាប់ពី​ប៉ូលិស​ថៃ បាន​ចាប់ខ្លួន​បក្សពួក​របស់​គេ​បីនាក់​ផ្សេង​ទៀ​ដែលជា​ជនដៃដល់​ក្នុងការ​លួច​ឆក់ ។ 
 
​គួរ​ជម្រាប​ផងដែរ​ថា ពលរដ្ឋ​វៀតណាម បាន​ក្លាយជា​មុខសញ្ញា​មួយ​សម្រាប់​ប៉ូលិស​ថៃ​នាឱកាស​ពិធីបុណ្យ​នានា​របស់​ថៃ ។ គ្រាន់តែ​នាឱកាស​នៃ​ការគោរព​ព្រះ​សព​មហាក្សត្រ​ភូមិបុល អាឌុលយ៉ាដេត ក្នុង​ឆ្នាំ​២០១៦ កន្លងទៅ ចោរ​ជា​ពលរដ្ឋ​វៀ​ណា​ម បាន​ក្លាយជា​ប្រធានបទ​មួយ​ធំ​សម្រាប់​សារព័ត៌មាន​ថៃ​ផ្សព្វផ្សាយ​ដើម្បី​ដាស់តឿន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ។ 
​នាពេលនោះ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bangkok Post ដដែល មាន​ពលរដ្ឋ​វៀតណាម​ច្រើន​រូប បាន​ហ៊ាន​ទាំង​ចំណាយ​លើ​ការទិញ​សំបុត្រ​យន្តហោះ​ដើម្បី​ទៅ​លូក​ហោ​លូក​ហោប៉ៅ​អ្នកចូលរួម​កាន់ទុក្ខ​នៃ​ពិធី​គោរព​ព្រះ​សព​មហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត​ទៀតផង ៕ 

Tag:
 វៀតណាម​
  ថៃ​
  សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com