ជាតិ
សម្ដេច ហ៊ុន សែន ៖ រដ្ឋមន្ត្រី​ដែល​បោះ​ដុំថ្ម​ក្តៅ​ឲ្យ​ខ្ញុំ នឹង​គ្មាន​វត្តមាន នៅ​អាណត្តិ​ក្រោយ​
23, Apr 2018 , 3:38 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ដក​មន្ត្រី​រដ្ឋាភិបាល​ជាថ្មី ចំពោះការគេចវេះពីទំនួលខុសត្រូវ លើបញ្ហា​របស់​ប្រជាពលរដ្ឋ​។ សម្ដេច ថា រដ្ឋមន្ត្រី​ដែល​អសកម្ម និង​ខ្វះ​ការទទួលខុសត្រូវ​ចំពោះ​មុខ​ពលរដ្ឋ នឹង​គ្មាន​វត្តមាន​នៅក្នុង​អាណត្តិ​ក្រោយ​ឡើយ​។​



​បញ្ហា​ទន់ខ្សោយ​របស់​មន្ត្រី​រដ្ឋា​ភិ​បាល ដែល​សម្ដេច មើលឃើញ​នោះ ត្រង់​ថា មន្ត្រី​ភាគច្រើន​ខ្វះ​ការអនុវត្ត​ច្បាប់ និង​ដំណោះស្រាយ​ជូន​ពលរដ្ឋ ហើយ​បែ​ជា​រង់ចាំតែ​បញ្ជា​ពី​នាយករដ្ឋមន្ត្រី​ទៅវិញ​។

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ដំណើរការ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ «​ដឹ​រ៉ូយ៉ាល់ សេន កោះរ៉ុង​»​ជា​ផ្លូវការ នៅ​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​២៣ មេសា សម្ដេច ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា​៖«​កន្លងមក ការទទួលខុសត្រូវរ​បស់​រដ្ឋមន្ត្រី​អត់​មាន​។ ដូច្នេះ​ចាប់ពីពេលនេះ​ទៅ​ការបោះឆ្នោត​នៅ​មិន​ឆ្ងាយ​ទៀត​ទេ ខ្ញុំ​ក៏​នឹង​រង់​ចាំមើល​ដំណោះស្រាយ​របស់​អស់លោក ដើម្បី​កាត់បន្ថយ​ការឈឺ​ក្បាល​របស់​នាយក​រដ្ឋមន្ត្រី ។ កន្លងមក​ខ្ញុំ​ធ្លាប់​ថា ពួកគាត់​(​មន្ត្រី​)​ឆ្លាត​ណាស់ ឆ្លាត​ត្រង់​ថា ដំឡូង​ក្ដៅ គាត់​អត់​បោះ​ឲ្យ​យើង​ទេ គាត់​ទុក​សិន ព្រោះ​វា​អាច​ស៊ី​បាន ប៉ុន្តែ​ដុំថ្ម​ក្តៅ គាត់​បោះ​ឲ្យ​នាយករដ្ឋមន្ត្រី​កាន់​។ ឥឡូវ​ចាំ​មើលទៅ លោក​ឯង​បោះ​ថ្ម​ក្តៅ​មក ខ្ញុំ​បោះ​ទៅវិញ​។ ហើយ​មិន​ត្រឹម​បោះ​ទៅ​ទេ រៀបចំ​រដ្ឋាភិបាល​ក្រោយ​គ្មាន​វត្តមាន​របស់​អស់លោក​ទេ​»​។​

​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច​៖




​ជាមួយគ្នានេះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បង្គាប់​ឲ្យ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក ជា សុផារ៉ា ដោះស្រាយ​បញ្ហា​ដី​របស់​ប្រជាពលរដ្ឋ នៅលើ​កោះរ៉ុង​ផងដែរ​។ បើតាម​សម្ដេច ហ៊ុន សែន ក្នុងចំណោម​ក្បាលដី​ចំនួន​៥៨៤ ក្រសួង​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ ពោលគឺ​ដោះស្រាយ​ឲ្យ​តែ​អ្នកពាក់ព័ន្ធ​ប៉ុណ្ណោះ ។ ចំពោះ​អ្នក​មិន​ពាក់ព័ន្ធ ឬ​អ្នក​មក​ចាប់ដី​រស់នៅ លើ​កោះរ៉ុង​នេះ ក្រសួង​មិនត្រូវ​ដោះស្រាយ​នោះទេ​។​

​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច​៖




អត្ថបទទាក់ទង


Tag:
 ហ៊ុន សែន​
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com