ភ្នំពេញ៖ កម្លាំងពលកម្មនៅក្នុងប្រទេស មានចំនួនច្រើនជាងការងារ ដែលត្រូវបានបង្កើតឡើងជារៀងរាល់ឆ្នាំ។ ដូច្នេះហើយ បានជាយុវជនមួយចំនួន បន្ទាប់ពីបញ្ចប់ការសិក្សារួចហើយ មិនអាចទទួលបានការងារភ្លាមទេ ពោលគឺពួកគេត្រូវការពេលមួយរយៈសិន។ យុវជនខ្លះទៀត ត្រូវបង្ខំចិត្តលះបង់«លក់ញើស លក់ឈាម» ទៅធ្វើជាកម្មករនៅឯបរទេស។ ជាការពិត កម្លាំងពលកម្មលើសមែន ប៉ុន្តែប្រទេសក្រីក្រកម្ពុជានៅខ្វះធនធានមនុស្សដែលមានគុណភាព។
«អ្នកស្វែងរកការងារធ្វើមានចំនួនច្រើន។ ប៉ុន្តែអ្នកចេះធ្វើការ ហើយធ្វើការប្រកបដោយភាពស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ មានចំនួនតិច។ ប្រទេសកម្ពុជា កំពុងខ្វះធនធានមនុស្សល្អ ដែលអាចជំរុញផលិតកម្មឲ្យឈានទៅមុខឆាប់រហ័ស»។ នេះគឺជាការលើកឡើងប្រហាក់ប្រហែលគ្នា របស់វិនិយោគិនបរទេស និងអ្នកជំនួញនៅក្នុងប្រទេសកម្ពុជា។
ជារៀងរាល់ឆ្នាំ យុវជនច្រើនសែននាក់ បានឈានមកដល់ទីផ្សារការងារ នៅក្នុងប្រទេសកម្ពុជា។ មិនមែនពួកគេទាំងអស់គ្នានោះទេ ដែលគ្មានការងារធ្វើ។ អ្នកខ្លះ អាចរកការងារបានធ្វើភ្លាម អ្នកខ្លះត្រូវការរយៈពេល១ឆ្នាំ ឬ២ឆ្នាំ ទើបអាចទទួលបានការងារធ្វើជាប់លាប់។ អ្នកខ្លះទៀត ទទួលបានការងារធ្វើដែរ តែជាការងារមិនពេញម៉ោង និងទទួលបានប្រាក់បៀវត្សរ៍មិនសមរម្យ។
ដោយសារតែកង្វះការងារល្អនៅក្នុងប្រទេស និងដោយសារតែប្រាក់ខែនៅក្នុងប្រទេសមានកម្រិតទាប ប្រជាពលករខ្មែរច្រើនសែននាក់ បានសម្រេចចិត្តចាកចេញពីស្រុកកំណើត ទៅស្វែងរកការងារធ្វើនៅបរទេស ទាំងស្របច្បាប់ និងមិនស្របច្បាប់។ ក្រៅពីអ្នកមិនអាចរកការងារធ្វើបាននៅក្រៅប្រទេស និងក្នុងប្រទេស គេសង្កេតឃើញថា មានយុវជនជាច្រើនម៉ឺននាក់ផ្សេងទៀត គ្មានការងារធ្វើ ដើរទាត់ខ្យល់ជារៀងរាល់ថ្ងៃ។
តើហេតុអ្វីបានជាយុវជនខ្មែរមួយចំនួនមិនអាចរកការងារធ្វើបាននៅក្នុងប្រទេស?
បើផ្អែកលើតថភាពជាក់ស្តែង ប្រទេសកម្ពុជាប្រឈមនឹងអតិផរណា ផ្នែកកម្លាំងពលកម្មមែន។ ប៉ុន្តែការពិតបានបង្ហាញបញ្ច្រាសមកវិញថា ក្រុមហ៊ុនជាច្រើន បាននិងកំពុងខ្វះកម្លាំងពលកម្ម ដែលមានគុណភាព (សមត្ថភាព, ភាពស្មោះត្រង់, ការតាំងចិត្ត, ការចូលចិត្តអាជីព។ល។)
បញ្ហាអត់ការងារធ្វើ អាចបណ្តាលមកពីទីផ្សារតូចចង្អៀតម្យ៉ាង។ តែម្យ៉ាងទៀត វាបណ្តាលមកពីគុណភាពបណ្តុះបណ្តាលតាមវិទ្យាល័យ មហាវិទ្យាល័យ សាកលវិទ្យា និងកង្វះខាតសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ គុណភាពអប់រំនៅក្នុងប្រទេសមួយនេះ ត្រូវបានគេវាយតម្លៃថា មានកម្រិតទាបជាងគេ បើប្រៀបធៀបទៅនឹងគុណភាពអប់រំ នៃប្រទេសនៅក្នុងតំបន់ និងពិភពលោក។
ដោយសារតែប្រទេសកម្ពុជា ខ្វះកម្លាំងពលកម្មដែលមានគុណភាពនេះហើយ ទើបក្រុមហ៊ុនជាច្រើនបានដណ្តើមយកបុគ្គលិកល្អៗ ពីគ្នាទៅវិញទៅមក។ ការដណ្តើមបុគ្គលិកពីគ្នាទៅវិញទៅមកនេះត្រូវបានគេធ្វើឡើង នៅក្នុងស្ទើរគ្រប់វិស័យទាំងអស់ ដូចជា នៅក្នុងវិស័យធនាគារ វិស័យសារព័ត៌មាន វិស័យបច្ចេកវិទ្យា វិស័យកសិកម្ម វិស័យសំណង់ និងអចលនទ្រព្យ។ និយាយជារួម កង្វះខាតធនធានមនុស្សគុណភាព កើតមានឡើងនៅក្នុងគ្រប់វិស័យទាំងអស់ បើទោះបីជាប្រទេសកម្ពុជា បាន និងកំពុងខិតខំ ផលិតធនធានមនុស្សយ៉ាងណាក្តី។
ជារៀងរាល់ឆ្នាំ និស្សិតច្រើនម៉ឺននាក់ បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់។ ប៉ុន្តែធនធានមនុស្សដែលអាចប្រើការបាន ប្រកបដោយប្រសិទ្ធភាព នៅមានចំនួនតិច។ បញ្ហានេះ ត្រូវបានគេស្តីបន្ទោសយ៉ាងខ្លាំងទៅលើប្រព័ន្ធអប់រំនៅកម្ពុជា ដែលតែងតែអនុវត្តនូវទ្រឹស្តី«ផលិតបរិមាណមនុស្សឲ្យបានច្រើន ជាជាងគុណភាព» ពីព្រោះធនធានមនុស្សកម្ពុជា ត្រូវបានខ្មែរក្រហមសម្លាប់ស្ទើរអស់ កាលពីជំនាន់ប៉ុលពត ១៩៧៥-១៩៧៩។ ទស្សនទាននេះ វាត្រឹមត្រូវក្នុងស្ថានភាពក្រោយរបបប៉ុលពតភ្លាម។ ប៉ុន្តែគេមិនអាចអនុវត្តវាបានទៀតឡើយ នៅក្នុងសតវត្សរ៍ទី២១នេះ និងជាង៣០ឆ្នាំក្រោយរបបប៉ុលពត។
សម្រាប់ស្ថានភាពជាក់ស្តែង នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន បរិមាណធនធានមនុស្សមានច្រើនគួរសមហើយ តែវានៅខ្វះធនធានមនុស្សដែលមានគុណភាព។ មនុស្សគ្មានគុណភាព ផលិតភាពនៃផលិតកម្មក៏ខ្សោយដែរ។
អ្នកជំនួញនៅក្នុងប្រទេសកម្ពុជាមួយចំនួន បានអត្ថាធិប្បាយថា ធនធនមនុស្សដែលមានគុណភាព គឺមានសារប្រយោជន៍ខ្លាំណាស់ សម្រាប់ការអភិវឌ្ឍក្រុមហ៊ុន និងប្រទេសជាតិ។ ប្រសិនបើខួរក្បាលរបស់ក្រុមហ៊ុនមួយ ឬប្រទេសមួយ មានកម្រិតទាបជាងគេ នោះការរីកចម្រើនរបស់ក្រុមហ៊ុន ឬប្រទេសនោះ ត្រូវតែយឺតជាងគេ ពីព្រោះខួរក្បាលមនុស្ស ជាអ្នកជំរុញក្រុមហ៊ុន ឬប្រទេស ឲ្យជឿនលឿន។
ក្រៅពីលក្ខណៈសម្បត្តិមួយចំនួន អ្នកជំនួញទាំងឡាយ ត្រូវការធនធនមនុស្ស ដែលមានគំនិតច្នៃប្រឌិត និងមានគំនិតបង្កើតថ្មីៗលឿនមុនគេ។ ពួកគេមិនចូលចិត្តឡើយ ទស្សនទាន ចាំតែចម្លងពីគេនោះ។
សូមបញ្ជាក់ថា ក្នុងយុគ្គសម័យថ្មីនេះ គេត្រូវការធនធានមនុស្សម្នាក់ ដែលអាចធ្វើកិច្ចការបាន«១០មុខ» ជាជាងជ្រើសរើសបុគ្គលិក១០នាក់ ដើម្បីធ្វើកិច្ចការតែ «មួយមុខ» ប៉ុណ្ណោះ។ មានសញ្ញាបត្រខ្ពស់ តែមនុស្សគ្មានគុណភាព សញ្ញាបត្រនោះពុំមានតម្លៃអ្វីឡើយ៕