ជាតិ
​ករណី​ភ្នំពេញ​ប៉ុស្តិ៍ Brad Adam ថា រដ្ឋាភិបាល​ប្រើ​ប្រព័ន្ធ​ពន្ធ​គាបសង្កត់ តែ​អ្នកនាំពាក្យ​ច្រានចោល​
09, May 2018 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច (HRW) រិះគន់ថា បញ្ហា​ប្រើប្រាស់​ប្រព័ន្ធ​ពន្ធ ដើម្បី​គាបសង្កត់​លើ​ស្ថាប័ន​ឯករាជ្យ ជា​មូល​ហេតុដែល​នាំ​ឲ្យ​ស្ថាប័ន​ភ្នំពេញ​ប៉ុស្តិ៍​បង្ខំចិត្ត​លក់ ទៅ​ឲ្យ​ក្រុមហ៊ុន​របស់​អ្នកជំនួញ​ម៉ាឡេស៊ី ។ លោក សុខ ឥសាន ចាត់ទុក​ការលើកឡើង​របស់លោក Brad Adam នេះ គ្រាន់តែ​ជា​គោលបំណង​វាយប្រហារ​មកលើ​រដ្ឋាភិបាល​ប៉ុណ្ណោះ​។​



​នាយក​អង្គការ​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច (HRW) លោក Brad Adam បាន​និយាយថា រដ្ឋាភិបាល​បាន​បង្ខំ​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​ដំណើរការ​យូរ​មកហើយ សម្រេចចិត្ត​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ម៉ាឡេស៊ី ដែលជា​ក្រុមហ៊ុន​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល ហ៊ុន សែន ។ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស យល់ថា ការលក់​ស្ថាប័ន​ភ្នំពេញ​ប៉ុស្តិ៍​នេះ គឺ​វា​អាចពាក់ព័ន្ធ​នឹង​​រដ្ឋាភិបាល ដែល​រំឭកពន្ធលើ​ភ្នំពេញ​ប៉ុស្តិ៍ ដែលត្រូវ​បង់ ៣,៩​លាន​ដុល្លារ។ ​

​លោក Brad Adam បាន​បន្ថែមថា ករណី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នេះ ស្រដៀង​គ្នា​នឹង​ករណី​កាសែត The Cambodia Daily ដែរ ដែល​វា​ស្ថិតនៅក្នុង​គោលបំណង​របស់​រដ្ឋាភិបាល ចង់​បិទ​ស្ថាប័ន​ឯករាជ្យ​ក្នុងស្រុក​។​

​សេចក្ដីថ្លែងការណ៍​រប​ស់លោក Brad Adam នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី បានបញ្ជាក់​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​កម្ពុជា ប្រើប្រាស់​ពន្ធ​ដើម្បី​ដាក់​សម្ពាធ​លើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដើម្បី​បង្ខំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​លក់ ទៅ​ក្រុមហ៊ុន​ថ្មី ដែល​បាន​បណ្ដេញ​និពន្ធ​នាយក​ភ្នំពេញ​ប៉ុស្តិ៍ ដែល​បាន​ការពារ​អត្ថបទ​របស់​អ្នកកាសែត​ឯករាជ្យភាព​។ នេះ​ជាការ​ប្រើប្រាស់​អំណាច​ខុសឆ្គង​មួយ របស់​រដ្ឋាភិបាល​កម្ពុ​ជា ដើម្បី​បិទ​ស្ថាប័ន​ផ្សព្វផ្សាយ​ឯករាជ្យ និង​រាយការណ៍ ក្នុង​ដំណើរការ​បោះឆ្នោតជាតិ នៅ​ខែកក្កដា ដែល​ឈានចូល​មកដល់​នាពេល​ខាងមុខនេះ​»​។​

​ជាការ​ឆ្លើយតប​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​និយាយថា ការលក់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ គឺ​មិន​ពាក់ព័ន្ធ​ជាមួយ​រដ្ឋាភិបាល​ឡើយ ព្រោះ​ករណី​បង់ពន្ធ​នេះ វា​គឺជា​កាតព្វកិច្ច និង​ភាព​ទទួលខុសត្រូវ​រប​ស់​ស្ថាប័ន​ភ្នំពេញ​ប៉ុស្តិ៍ ។

​ចំណែក​ការបញ្ឈប់ ឬ​ការលាលែង​ពី​ការងារ​របស់​អ្នកកាសែត​ភ្នំពេញ​ប៉ុស្តិ៍​នោះ វា​ជា​បញ្ហា​របស់​បុគ្គលិក និង​ម្ចាស់​ក្រុមហ៊ុន​ថ្មី​របស់​ភ្នំពេញ​ប៉ុស្តិ៍ ដែល​មិន​ពេញចិត្ត​គ្នា​ទៅវិញទៅមក​ប៉ុណ្ណោះ​។ នេះ​បើតាម​លោក សុខ ឥសាន ដែល​បាន​បន្ថែមថា ការលើកឡើង​របស់លោក Brad Adam នេះ គ្រាន់តែ​ជា​គោលបំណង​វាយប្រហារ​មកលើ​រដ្ឋាភិបាល​ទេ​។​

អត្ថបទទាក់ទង


​សារព័ត៌មាន Phnom Penh Post បាន​បង្កើតឡើង​ដោយ​ជនជាតិ​អាមេរិកាំង​លោក Michel Hayes កាលពី​ឆ្នាំ​១៩៩២​។ នៅ​ឆ្នាំ​២០០៨ កាសែត​ខាងលើនេះ​បាន​លក់​ឲ្យ​ទៅ​អ្នកជំនួញ​ជនជាតិ​អូស្ត្រាលី ហើយ​នៅ​ឆ្នាំ​២០១៨​នេះ ជនជាតិ​អូ​ស្រា្ត​លី​ក៏​សម្រេចចិត្ត​លក់​កាសែត​ជូន​ឲ្យ​ទៅ​អ្នកវិនិយោគ​ជនជាតិ​ម៉ាឡេស៊ី​។​


Tag:
 HRW
  ភ្នំពេញ​ប៉ុស្តិ៍​
© រក្សាសិទ្ធិដោយ thmeythmey.com