ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
​សម្តេច ហ៊ុន សែន ថា អត្រា​អ្នក​ទៅ​បោះឆ្នោត​នៅ​កម្ពុជា នឹងមិន​ដូច​វេ​ណេ​ស៊ុយ​អេ​ឡា​ឡើយ​
23, May 2018 , 11:14 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ការបោះឆ្នោត​នៅ​កម្ពុជា និង​វេ​ណេ​ស៊ុយ​អេ​ឡា​មិន​ដូចគ្នា​នោះទេ​។ ការប្រកាស​របស់​សម្ដេច​បែបនេះ ធ្វើឡើង​ក្រោយពី​ការបោះឆ្នោត​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា ស្ថិតនៅក្រោម​រូបភាព​រិះគន់​ពី​សហគមន៍​អន្តរជាតិ ដែល​លាយឡំ​នឹង​ការព្រមាន​ដាក់ទណ្ឌកម្ម​។​



​លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ អតីត​អ្នក​បើកឡាន​ក្លាយជា​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា នឹង​បន្ត​កាន់តំណែង​ប្រាំមួយ​ឆ្នាំ​ទៀត ក្រោយពី​ទទួល​សំឡេងឆ្នោត​៦៨​ភាគរយ ខណៈដែល​ប្រជាជន​ប្រទេស​នេះ ទៅ​បោះឆ្នោត​មាន​ប្រហែល ៤៦,១​ភាគរយ​ប៉ុណ្ណោះ ក្នុងចំណោម​ប្រជាជនមាន​សិទ្ធ​បោះឆ្នោត​សរុប​ជាង​២០​លាន​នាក់​។ ភាគរយ​នៃ​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​ទៅ​បោះឆ្នោត​នេះ វា​បង្ហាញ​ឲ្យ​ឃើញថា ប្រជាជន​មិន​ចាប់អារម្មណ៍​នឹង​ការបោះឆ្នោត​ឡើយ​។​

​ប៉ុន្តែ​បញ្ហា​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​នេះ មិនទាន់​អាចយ​កមក​ប្រៀបធៀប​នឹង​ការបោះឆ្នោត​នៅ​កម្ពុជា​នោះទេ​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុក​ការបោះឆ្នោត​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា និង​ការបោះឆ្នោត​នៅ​កម្ពុជា​ខាងមុខនេះ គឺជា​រឿង​ពីរ​ផ្សេងគ្នា​។ ក្នុងន័យនេះ​សម្ដេច ហ៊ុន សែន បកស្រាយ​ថា ការបោះឆ្នោត​នៅ​កម្ពុជា នឹងមាន​អ្នកចូលរួម​បោះឆ្នោត​ច្រើន បើ​គិត​ជា​ភាគរយ​នៃ​ចំនួន​អ្នកមាន​សិទ្ធ​បោះឆ្នោត ដែល​ផ្ទុយ​ពី​វេ​ណេ​ស៊ុយ​អេ​ឡា​។​

សូមស្ដាប់សំឡេង៖



​ថ្លែង​ចំពោះមុខ​កម្មករ​រោងចក្រ នៅ​ទឹកដី​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​២៣ ឧសភា​នេះ ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ដូច្នេះ​ថា​៖«​អ្នក​ត្រូវ​ចាំ​ឲ្យ​ច្បាស់ ចាំមើល​បើកភ្នែក​ឲ្យ​ធំៗ រង់ចាំ​ថ្ងៃ​២៩ ខែកក្កដា ឆ្នាំ​២០១៨ អ្នក​ចាំ​មើលទៅ រឿង​(​បោះឆ្នោត​) នៅ​វេ​ណេ​ស៊ុយ​អេ​ឡា គឺជា​រឿង​ផ្សឹ​ង តែ​រឿង​នៅ​កម្ពុជា គឺ​សមាជិក​គណបក្ស​ប្រជាជន​ទាំងអស់ គ្រាន់តែ​សមាជិក​គណបក្ស​ប្រជាជន​ទៅ​បោះឆ្នោត វា​គ្រប់គ្រាន់​និង​ច្រើន​លើសលប់​ជា​ភាគរយ​ទៅហើយ អ្នក​ត្រូវ​ចាំ​រឿងនេះ​ឲ្យ​ច្បាស់​។ យុទ្ធសាស្ត្រ​បាតដៃ​ស្អាត​របស់​អ្នក​នឹងមាន​កំហុស​»​។​

​បន្ថែម​ពីលើ​នេះ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា បើ​អ្នក​មិន​គាំទ្រ​គណបក្ស​ប្រជាជន មិន​ទៅ​បោះឆ្នោត ក៏​គ្មាន​រឿង​អ្វី​ប៉ះពាល់​ដល់​ការបោះឆ្នោត​ដែរ ពោលគឺ​មានតែ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​៥​លាន​នាក់ចូលរួម​នោះ វា​បង្ហាញ​ភាពស្របច្បាប់ តាម​លក្ខណៈ​បច្ចេកទេស​បោះឆ្នោត​ហើយ​។​

​និយាយ​ដល់​ចំណុច​នេះ ប្រមុខ​រដ្ឋាភិបាល បាន​រិះគន់​ទៅលើ​សកម្មភាព​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​អំពាវនាវ​ឲ្យ​ពលរដ្ឋ កុំទៅ​បោះឆ្នោត​នោះ​ថា ជាការ​ស្រែក​នៅក្រៅ​ប្រទេស​អត់​ប្រយោជន៍ ហើយ​គ្មាន​ប្រសិទ្ធភាព​ឡើយ​។​

​តាមរយៈ​សារ​នយោបាយ​ពី​ក្រៅប្រទេស លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​ខ្លួន ពហិកា​បោះឆ្នោត ក្រោម​ពាក្យ​មួយ​ឃ្លា​ថា «​ដេក​ផ្ទះ ឈ្នះ​ខ្លួនឯង​» ដើម្បី​ចំអក​ទៅនឹង​ការបោះឆ្នោត ដែលមាន​គណបក្ស​ជិត​២០​ចូលរួម ដោយ​ក្នុងនោះ​មានតែ​គណបក្ស​ប្រជាជន មានលទ្ធភាព​ខ្ពស់​ជាងគេ ក្នុងការ​ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស​។​

អត្ថបទទាក់ទង


​កម្ពុជា​ធ្លាប់​ឆ្លងកាត់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ចំនួន​៥​អាណត្តិ​ហើយ គិត​ចាប់ពី​ឆ្នាំ​១៩៩៣​មក​។ សម្រាប់​ការបោះឆ្នោត​ក្នុង​អាណត្តិ​នីមួយ​ៗគេ​សង្កេត​ថា ចំនួន​ភាគរយ​នៃ​អ្នក​ទៅ​បោះឆ្នោត មានការ​ធ្លាក់ចុះ​ជា​លំដាប់​មកដល់​ឆ្នាំ​២០១៣​កន្លងមក​។ ដោយ​គិត​ត្រឹម​ឆ្នាំ​១៩៩៨​មក គេ​ឃើញ​មាន​អ្នក​ទៅ​បោះឆ្នោត​៩៣,៧៤​ភាគរយ ក្នុងចំណោម អ្នក​មានឈ្មោះ​បោះឆ្នោត​៥,៣៩៥,៥៩៥​នាក់​។ ឆ្នាំ​២០០៣ មាន​អ្នកបោះឆ្នោត​៨៣,២២​ភាគរយ ក្នុងចំណោម​អ្នកមាន​ឈ្មោះ​បោះឆ្នោត ៦,៣៤១,៨៣៤​នាក់ ។ ឆ្នាំ​២០០៨ មាន​អ្នកបោះឆ្នោត​៧៥,២១​ភាគរយ ក្នុងចំណោម​អ្នកមាន​ឈ្មោះ​បោះឆ្នោត ៨,១២៥,៥២៩​នាក់ និង​តួលេខ​អ្នកបោះឆ្នោត​នៅ​ឆ្នាំ​២០១៣ មាន​ចំនួន​៦៩,៧១​ភាគរយ ក្នុងចំណោម​អ្នកមាន​ឈ្មោះ​បោះឆ្នោត ៩,៨៧៥,៤៥៣​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​

​ដោយឡែក​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់​វិញ ដោយ​គិត​ត្រឹមតែ​ឆ្នាំ​២០១៧​កន្លងមកនេះ ត្រូវបាន​គេ​ឃើញថា មាន​ចំនួន​ពលរដ្ឋ​ទៅ​បោះឆ្នោត​៩០,៣៧​ភាគរយ ក្នុងចំណោម​ពលរដ្ឋ​ចុះឈ្មោះ​៧,៨៥៦,០៣៣​នាក់​។ តួលេខ​អ្នកបោះឆ្នោត​ច្រើន​នេះ ដោយសារ​មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។ ទាំង​តួលេខ​អ្នកបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០១៣ (៥៥​អាសនៈ​) និង​តួលេខ​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ (​កៅអីមេឃុំ-សង្កាត់​ជិត៥០០​កៅអី) ត្រូវ​បានគ​.​ជ​.​ប បង្ហាញថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ មាន​អ្នកគាំទ្រ​ខ្លួន​ក្នុង​ដៃ ជាង​៣​លាន​នាក់  ដែល​អាច​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​។
 
​សម្រាប់​ការបោះឆ្នោត​អាណត្តិ​ទី​៦​នេះ ត្រូវបាន​គេ​សន្និដ្ឋានថា អាច​នឹងមាន​រូបភាព​អាក្រក់​ជាង​ការបោះឆ្នោត​អាណត្តិ​មុនៗ ដោយសារតែ​គ្មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​អាច​រង​សម្ពាធ​ពី​បរទេស ដែល​មិន​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​ផងដែរ​។​

​គួរ​បញ្ជាក់ថា ការបោះឆ្នោត​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា មាន​អ្នក​ទៅ​បោះឆ្នោត​មាន​ប្រហែល ៤៦,១​ភាគរយ​ប៉ុណ្ណោះ​ដែល​វា​បង្ហាញ​ឲ្យ​ឃើញថា ប្រជាជន​មិន​ចាប់អារម្មណ៍​នឹង​ការបោះឆ្នោត​ឡើយ​។ ក្រៅពី​ភាគរយ​អ្នក​ទៅ​បោះឆ្នោត​មាន​កម្រិត​ទាប​ហួស​ស្មាន ការបោះឆ្នោត​នេះ​ទៀតសោត​សម្បូរ​ដោយ​បញ្ហា​មិន​ប្រក្រតី និង​ការទិញ​សន្លឹកឆ្នោត​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​លោក ម៉ា​ឌូ​រ៉ូ ផង​។ ម្យ៉ាង​ការបោះឆ្នោត​នេះ​រៀបចំ​ដោយ​មានការ​ពហិកា​ពី​សំណាក់​ក្រុមប្រឆាំង​ផងដែរ​។  ហេតុផល​នេះហើយ ទើប​សហគមន៍​អន្តរជាតិ​បានចាត់ទុក​ការបោះឆ្នោត​វេ​ណេ​ស៊ុយ​អេ​ឡា​ជា​រឿង​មិន​ស្របច្បាប់​ឡើយ​។ រដ្ឋបាល​អាមេរិក​របស់លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់ថា ខ្លួន​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​វេ​ណេ​ស៊ុយ​អេ​ឡា​ជាដាច់ខាត ហើយ​វា​នឹង​មានការ​រឹតបន្តឹង​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​របប​ដឹកនាំ​ក្រុង​កា​រ៉ា​កាស​ផងដែរ​៕


Tag:
 ហ៊ុន សែន
  បោះឆ្នោត
 នីកូឡាស ម៉ាឌូរ៉ូ
  វេណេស៊ុយអេឡា
© រក្សាសិទ្ធិដោយ thmeythmey.com