អន្តរជាតិ
ក្រោយ​លោក ត្រាំ លុបចោល​ជំនួប​នៅ​សិង្ហ​បុរី កូរ៉េខាងជើង​ថា ទ្វារ​ចរចា​នៅតែ​ចំហ​គ្រប់ពេល
25, May 2018 , 11:22 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​ជំនួប​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​ដែល​ឯ​គេ​ទន្ទឹងរង់ចាំ​គ្រប់គ្នា បែរជា​មិនអាច​កើតឡើង​ទៅវិញ ក្រោយ​លោក ដូ​ណា​ល់ ត្រាំ ប្រកាស​លុបចោល​ជំនួប​នេះ​ភ្លាមៗ​នៅ​ថ្ងៃទី​២៤ ខែឧសភា​។ យ៉ាងណាមិញ កូរ៉េខាងជើង ដែល​សោកស្ដាយ​ចំពោះ​ការសម្រេចចិត្ត​របស់លោក ត្រាំ បានប្រកាសថា ខ្លួន​នៅតែ​ចំហ​ទ្វារ​ចរចា​ដដែល​។ កូរ៉េខាងត្បូង​ឯណោះ​វិញ​ហាក់​ស្រពេចស្រពិល​ចំពោះ​ការផ្លាស់ប្ដូរ​ជំហរ​១៨០​ដឺ​ក្រេ​របស់លោក ត្រាំ ។



​បន្ទាប់ពី​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​អស់​ប៉ុន្មាន​ថ្ងៃ​មក​នោះ អនាគត​របស់​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បានដឹង​ច្បាស់​ហើយ​។ ការចរចា​ដែ​គ្រោង​ធ្វើ​នៅ​សិង្ហ​បុរី ត្រូវបាន​លោក ត្រាំ ប្រកាស​លុបចោល​នៅ​ថ្ងៃទី​២៤ ខែឧសភា ក្រោម​ហេតុផល​ថា សកម្មភាព​អរិភាព​របស់​កូរ៉េខាងជើង​ថ្មីៗ​នេះ ធ្វើ​ឲ្យ​ពេលវេលា​នៃ​ការជួបគ្នា​នេះ​មិន​សក្តិសម​ឡើយ​។​

អត្ថបទទាក់ទង


​ឆ្លើយ​នឹង​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​អាមេរិក កូរ៉េខាងជើង​បាន​រិះគន់​ឡើយ តែមាន​ជំហរ​សម្រុះសម្រួល និង​សរសើរ​លោក ត្រាំ ផង​។ តាមរយៈ​ទីភ្នាក់ងារ​ព័ត៌មាន KCNA អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង Kim Kye Gwan និយាយថា ការសម្រេចចិត្ត​របស់​លោក ត្រាំ ពិតជា​រឿង​គួរ​ឲ្យ​សោកស្ដាយ និង​ហួសការ​រំពឹងទុក​។ មន្ត្រីការទូត​កូរ៉េខាងជើង​រូបនេះ​បាន​ទុក​ទ្វារ​ចំហ​សម្រាប់​ការចរចា​នៅ​ថ្ងៃ​អនាគត​ផង​។​

«​ជាថ្មី​ម្ដងទៀត យើង​បង្ហាញ​ដល់​អាមេរិក​នូវ​ឆន្ទៈ​ចរចា​ទល់មុខ​គ្នា​គ្រប់ពេល​គ្រប់​ទម្រង់​ដើម្បី​ដោះស្រាយ​បញ្ហា​»​។ នេះ​ជាការ​ប្រកាស​របស់លោក Kim ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ លោក Kim នេះហើយ​ដែលជា​អ្នក​គំរាម​លុបចោល​ជំនួប​រវាង​លោក ត្រាំ និង​លោក គីម នៅ​ថ្ងៃទី​១២ ខែមិថុនា ដោយ​យក​លេស​ថា អាមេរិក​បាន​បង្ករឿង​តាមរយៈ​ការធ្វើ​សមយុទ្ធ​ដែនអាកាស​ជាមួយ​កូរ៉េខាងត្បូង​។

​មិន​ត្រឹម​កូរ៉េខាងជើង​ឡើយ សូម្បីតែ​កូរ៉េខាងត្បូង​ក៏​ភ្ញាក់ផ្អើល​នឹង​ការលុបចោល​ជំនួប​នេះដែរ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ចាត់ទុក​ការផ្លាស់ប្ដូរ​ជំហរ​របស់លោក ត្រាំ ជា​រឿង​តក់ស្លុត និង​សោកស្ដាយ​ខ្លាំងណាស់​។ កូរ៉េខាងត្បូង​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ដើរតួ​ជា​អ្នកសម្របសម្រួល​សម្រាប់​ជំនួប​លោក ត្រាំ និង​លោក គីម ។ លោក មូ​ន ក៏​ទើប​ត្រឡប់​ពី​អាមេរិក​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​លោក ត្រាំ បន្ត​ចរចា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង ប៉ុន្តែ​បរាជ័យ​ទៅហើយ​។​

​អ្វី​គួរ​ឲ្យ​ចាបអារម្មណ៍​នោះ នៅ​ថ្ងៃ​ពេល​លោក ត្រាំ ប្រកាស​លុបចោល​ជំនួប​ជាមួយ​លោក គីម កូរ៉េខាងជើង​ក៏​ទើបបាន​កម្ទេច​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ Punggye-ri របស់ខ្លួន ចំពោះមុខ​អ្នកសារព័ត៌មាន​អន្តរជាតិ​ជាច្រើន​។ សារព័ត៌មាន​កូរ៉េខាងជើង​និយាយថា ការកម្ទេច​ទីតាំង​នេះ​ជាការ​ប្រឹងប្រែង​ដើម្បី​សន្តិភាព និង​បង្ហាញ​ពី​ជំហរ​ផ្អាក​ការសាកល្បង​នុយក្លេអ៊ែរ​ទាំងស្រុង​។ Punggye-ri នេះ​ជា​កន្លែង​សាកល្បង​នុយក្លេអ៊ែរ​ទាំង​៦​លើក​របស់​កូរ៉េខាងជើង​៕


Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  សិង្ហ​បុរី
© រក្សាសិទ្ធិដោយ thmeythmey.com