អន្តរជាតិ
ភរិយា​លោក មហា​ធៀ​៖«​ជា​ភរិយា​នាយករដ្ឋមន្ត្រី យើង​ត្រូវ​ចេះ​ដាក់ខ្លួន និង​ត្រូវមាន​ចំណេះដឹង​ខ្ពស់
29, May 2018 , 5:09 pm        
រូបភាព
ដោយ: ថ្មីៗ
​លោកស្រី​វេជ្ជបណ្ឌិត ស៊ី​ទី ហា​ស្មា (Siti Hasmah) ជា​ភរិយា​លោក មហា​ធៀ មហាម៉ាត់  ដែលជា​នាយករដ្ឋមន្ត្រី​ទី ៧ របស់​ម៉ាឡេស៊ី​។ លោកស្រី​មានឈ្មោះ​ល្បាញ​ល្បី​ដោយសារ​លោកស្រី​ស្ថិតក្នុង​ចំណោម​ស្ត្រី​ម៉ាឡេស៊ី​មួយចំនួន​តូច​ដែល​បាន​ក្លាយជា​វេជ្ជបណ្ឌិត​ដំបូង​គេ ហើយ​បានរួម​ចំណែក​ច្រើន​ក្នុង​កិច្ចការ​មនុស្សធម៌​ក្នុង​និង​ក្រៅប្រទេស​។ អ្វីដែល​សំខាន់​លោកស្រី ស៊ី​ទី ជា​មនុស្ស​ម្នាក់​ដែលមាន​ចំណែក​ជួយ​ជំរុញ លើកទឹកចិត្ត និង​គាំទ្រ​លោក មហា​ធៀ ឲ្យ​បន្ត​ដឹកនាំ និង​ដោះស្រាយ​បញ្ហា​ម៉ាឡេស៊ី​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។



​កើត​ក្នុង​ឆ្នាំ ១៩២៦ នៅ​ភូមិ Jawa ក្រុង Klang នៃ​រដ្ឋ Selangor លោកស្រី ស៊ី​ទី ហា​ស្មា ជា​កូន​ទី​ប្រាំមួយ​ក្នុងចំណោម​កូន​ដប់​នាក់​នៃ​ក្រុមគ្រួសារ​ជីវភាព​មធ្យម​មួយ​ដែលមាន​ឪពុក​ជា​មន្ត្រីរាជការ និង​ម្តាយ​ជា​មេផ្ទះ​។ ពេល​ធំ​ពេញវ័យ​គ្រប់​អាយុ​សិក្សា លោកស្រី​បានមក​សិក្សា​នៅ​សាលា​សម្រាប់​ក្មេងស្រី Methodist Girls នៅ​ក្រុង​គូ​ឡា​ឡាំ​ពួរ ហើយ​បន្ទាប់មក​លោកស្រី​ក៏បាន​បន្ត​ចូល​សាលា St Mary មុន​បន្ត​ចូលទៅ​រៀន​សាលា​អង់គ្លេស Pudu​។ ក្រោយ​បញ្ចប់​ថ្នាក់​វិទ្យាល័យ​បន្ទាប់ពី​សង្គ្រាមលោកលើកទី​ពីរ លោកស្រី ស៊ី​ទី បានទទួល​អាហារូបករណ៍​ដើម្បី​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​សុខាភិបាល​ស្តេច Edward ទី​ប្រាំពីរ​នៅ​សិង្ហ​បុរី ហើយ​លោកស្រី​ជា​ស្ត្រី​ម្នាក់​ប៉ុណ្ណោះ​ក្នុងចំណោម​សិស្ស​ពេទ្យ​ទាំងអស់​ក្នុង​ជំនាន់​នោះ​។​

​នៅពេល​សិក្សា​នោះ លោកស្រី បាន​ជួប​ជាមួយ​លោក មហា​ធៀ មហាម៉ាត់ ដែលជា​និស្សិត​ពេទ្យ​នៅក្នុង​ឆ្នាំ​ជាមួយគ្នា​ដែរ​។ ពេលនោះ​ហើយ លោកស្រី និង​លោក​មហា​ធៀ ចាប់ផ្តើម​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​តែម្តង​។ នៅក្នុង​ឆ្នាំ ១៩៥៦ អ្នក​ទាំងពីរ​បានសម្រេច​រៀប​អា​ពា​ហ៌​ពិ​ពា​ហ៌​ជាមួយគ្នា ហើយ​ក្រោម​ចំណង​អា​ពា​ហ៌​ពិ​ពា​ហ៌​នេះ​អ្នក​ទាំងពីរ​មាន​បុត្រ​សរុប​ទាំងអស់​ប្រាំពីរ​ក្នុងនោះ​ស្រី​បី និង​ប្រុស​បួន​នាក់​។

-​ស្ត្រី​ដំបូង​បំផុត​ដែល​ក្លាយជា​មន្ត្រី​សុខាភិបាល​របស់​រដ្ឋ​
​ក្រោយ​បញ្ចប់​ការសិក្សា​ថ្នាក់​វេជ្ជបណ្ឌិត​នៅក្នុង​ឆ្នាំ ១៩៥៥ លោកស្រី ស៊ី​ទី​បាន​ស្ថិតនៅ​ក្នុងចំណោម​វេជ្ជបណ្ឌិត​ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​ដំបូង​បំផុត​ដែរ​។ អ្វីដែល​គួរ​ឲ្យ​កោតសរសើរ​នោះ គឺ​លោកស្រី​ត្រូវបាន​ក្លាយជា​វេជ្ជបណ្ឌិត​របស់​រដ្ឋ​ដែលជា​ស្ត្រី​ដំបូង​គេ​នៅក្នុង​ឆ្នាំ ១៩៦៥ និង​នៅ​ឆ្នាំ ១៩៧៤ ក៏បាន​ក្លាយជា​ស្ត្រី​មុនគេ​ដែល​ត្រូវបានតែងតាំង​ជា​ប្រធាន​ស្ថាប័ន​ទទួលបន្ទុក​សុខភាព​មាតា និង​កុមារ​ម៉ាឡេស៊ី​ថែមទៀត​។​

-​ស្ត្រី​ទីមួយ​ម៉ាឡេស៊ី​ពី​ឆ្នាំ ១៩៨១ ដល់ ២០០៣
​នៅក្នុង​ឆ្នាំ ១៩៨១ ស្វាមី​លោកស្រី​លោក មហា​ធៀ មហាម៉ាត់ បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ទី​បួន​របស់​ម៉ាឡេស៊ី លោកស្រី​ក៏បាន​ក្លាយជា​ស្ត្រី​ទីមួយ​ដូចគ្នា​។  ពេលនោះ​ហើយ​លោក មហា​ធៀ ក៏​ចាប់ផ្តើម​ដឹកនាំ និង​ផ្លាស់ប្តូរ​ម៉ាឡេស៊ី​រហូតដល់​ក្លាយ​ប្រទេស​រីកចម្រើន​ជាងគេ​នៅក្នុង​តំបន់​។ ថ្វី​ត្បិត​លោក​មានឈ្មោះ​ជា​មេដឹកនាំ​ផ្តាច់ការ​កម្ចាត់​រាល់​គូប្រជែង​នយោបាយ​លោក លី ក្វាន់​យូ ក្តី លោក មហា​ធៀ ក៏​ក្លាយជា​ស្ថាបនិក​ម៉ាឡេស៊ី​សម័យ​ទំនើប និង​ជា​នាយករដ្ឋមន្ត្រី​កាន់តំណែង​យូរ​ជាងគេ​បំផុត​ដែរ​។​

​ក្នុង​តំណែង​ជា​មន្ត្រី​សុខាភិបាល និង​ជា​ស្ត្រី​ទីមួយ លោកស្រី ស៊ី​ទី ត្រូវបាន​គេ​ផ្តល់​សេចក្តីទុកចិត្ត​ឲ្យ​ដឹកនាំ​ស្ថាប័ន​ជាច្រើន​ក្នុងនោះ​នោះ​មាន​ប្រធាន​សមាគម​ស្ត្រី​ម៉ាឡេស៊ី​, ប្រធាន​សមាគម​រៀបចំ​ផែនការ​គ្រួសារ​ប្រចាំ​រដ្ឋ Kedah,  ជា​ប្រធាន​មូលនិធិ​សមាគម​គ្រូពេទ្យ​ម៉ាឡេស៊ី​, ប្រធាន​សមាគម​ស្តារនីតិសម្បទា​កុមារ​ពិកា អនុប្រធាន​សមាគម​ផែនការ​គ្រួសារ​សហព័ន្ធ​ម៉ាឡេស៊ី  ក៏ដូចជា​ប្រធាន​សមាគម​គ្រូពេទ្យ​កុមារ និង​ទទួលបន្ទុក​សុខភាព​មាតា​ម៉ាឡេស៊ី​ផងដែរ​។​

​ដោយឡែក ក្នុងនាម​ជា​ស្ត្រី​ទីមួយ លោកស្រី ស៊ី​ទី​ក៏បាន​ចំណាយ​ពេលវេលា​យ៉ាងច្រើន​ក្នុងការ​ចូលរួមចំណែក​លើកស្ទួយ​សុខភាព ស្ត្រី​ជា​ពិ​សេ​ស្ត្រី​តាម​ជនបទ និង​កុមារ​ទូទាំងប្រទេស​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​លោកស្រី​បានរួម​ចំណែក​លើកស្ទួយ​ការអប់រំ​ក្មេងៗ​អំពើ​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​នៅ​ទូទាំងប្រទេស​ផង​។ នៅក្នុង​ឆ្នាំ ១៩៨៥ លោកស្រី​បានទទួល​លិខិតអញ្ជើញ​ពី​សំណាក់​ស្ត្រី​ទីមួយ​អាមេរិក​លោកស្រី ណាន់​ស៊ី រី​ហ្កែ​ន ឲ្យ​ទៅ​ចូលរួម​សន្និសីទ​ស្ត្រី​ទីមួយ​ស្តីពី​បញ្ហា​គ្រឿងញៀន​ផងដែរ​។​

​ក្រៅពី​លើកកម្ពស់​ការយ​ល់​ដឹង​ពី​គ្រឿងញៀន លោកស្រី ស៊ី​ទី ក៏បាន​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ក្នុងការ​តស៊ូ​មតិ និង​លើកស្ទួយ​សិទ្ធិ​ស្ត្រី​នៅតាម​ជនបទ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ ហើយ​លោកស្រី ក៏​ស្ថិត​ក្នុងចំណោម​អ្នកជំនាញ​សុខាភិបាល​ដែល​ផ្តោត​ការយកចិត្តទុកដាក់​លើ​ក​បញ្ហា​សុខភាព​ផ្លូវចិត្ត​របស់​ប្រជាជន​ផងដែរ​។ 

-​លោកស្រី ស៊ី​ទី​៖ «​ជា​ភរិយា​នាយករដ្ឋមន្ត្រី យើង​ត្រូវមាន​ចំណេះដឹង​ខ្ពស់ និង​ចេះ​ដាក់ខ្លួន​»
​ក្រៅពី​បំពេញការងារ​មនុស្សធម៌ លោកស្រី ស៊ី​ទី ក៏មាន​ចំណែក​សំខាន់​ក្នុង​ការជួយ​គាំទ្រ​លោក មហា​ធៀ ក្នុងការ ដឹកនាំ​ប្រទេស​ឲ្យ​រីកចម្រើន​ផងដែរ​កន្លងមក​។​
​ក្នុង​សៀវភៅ​មួយ​ក្បាល​ស្តីពី​ជីវប្រវត្តិ​លោកស្រី មាន​ចំណងជើង​ថា «​ខ្ញុំ​ឈ្មោះ ស៊ី​ទី ហា​ស្មា​» ភរិយា​លោក មហា​ធៀ បាន​ថ្លែងថា ក្នុងនាម​ជា​ភរិយា​នាយករដ្ឋមន្ត្រី លោកស្រី​ចាំបាច់​ត្រូវមាន​ចំណេះដឹង​ខ្ពស់ ចេះ​គាំទ្រ​ស្វាមី និង​ដឹង​ច្បាស់​ថា​មាន​អ្វី​កើតឡើង​នៅ​ជុំវិញខ្លួន​។ អ្វីដែល​សំខាន់​នោះ លោកស្រី​ត្រូវដាក់​ខ្លួន និង​ដឹង​សុខ​ទុក​អ្នកដទៃ​ផង​។​

«​ជា​ភរិយា​នាយករដ្ឋមន្ត្រី ខ្ញុំ​ត្រូវ​គាំទ្រ​កា​ងារ​ស្វាមី​ខ្ញុំ មានចំណេះដឹង​ខ្ពស់ និង​ដឹងថា​មាន​អ្វី​កើតឡើង​ជុំវិញខ្លួន ហើយក៏​ត្រូវ​នៅ​ជិត​ស្វាមី​រាល់ពេល​លោក​ជួប​ជាមួយ​មនុស្ស​។ នៅពេលណា​ដែល​គេ​សួរ​ខ្ញុំ​ថា តើ​ជា​ភរិយា​នាយករដ្ឋមន្ត្រី​គេ​ត្រូវមាន​លក្ខណៈសម្បត្តិ​អ្វីខ្លះ ខ្ញុំ​បាន​សង្កត់ធ្ងន់ថា សារសំខាន់​បំផុត​គឺ​ត្រូវ​ចេះ​ដាក់ខ្លួន​។ វា​មិនមែនជា​បញ្ហា​ទេ​ដែល​យើង​ជា​គ្រូពេទ្យ ជា​រដ្ឋមន្ត្រី ឬ ភរិយា​នាយករដ្ឋមន្ត្រី​ឡើយ ឲ្យ​តែ​យើង​ចេះ​ដាក់ខ្លួន មនុស្ស​ទូទៅ​នឹង​គោរព​ស្រលាញ់​»​។  លោកស្រី ស៊ី​ទី បាន​និយាយ​ដូច្នេះ​។​

-​លោកស្រី ស៊ី​ទី​៖ «​ស្វាមី​ខ្ញុំ​មិនបាន​ប្រាប់ថា លោក​ត្រឡប់​ចូល​នយោបាយ​ម្តង​ទៀតឡើយ​»
​លោក មហា​ធៀ បា​នស​ម្រេ​ចុះ​ចេញពី​តំណែង​និង​ប្រកាស​ចូល​និវត្ត​ក្នុង​ឆ្នាំ ២០០៣ ក្រោយ​កាន់តំណែង​អស់ ២២ ឆ្នាំ​។ ក្រោយមក​នៅក្នុង​ឆ្នាំ ២០១៥ លោក មហា​ធៀ ចេញមុខ​ជាថ្មី​ដើម្បី​ប្រមូលផ្តុំ​កម្លាំង​នយោបាយ​ដើម្បី​ផ្តួល​លោក ណា​ជីប រ៉ា​ហ្សា​ក់ ហើយក៏​ក្លាយជា​នាយករដ្ឋមន្ត្រី​ជាថ្មីទៀត​នៅ​ថ្ងៃ ១០ ខែឧសភា​តែម្តង​។​

 បើតាម​ការលើកឡើងរ​បស់​លោកស្រី ស៊ី​ទី ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន The Malaysian Insight កាលនោះ​លោក មហា​ធៀ ក៏​មិនបាន​ប្រឹក្សា​យោបល់ ឬ​ប្រាប់​លោកស្រី​មុន​ឡើយ​ពេល​លោក​ដកខ្លួន​ចេញពី​នយោបាយ​នៅក្នុង​ឆ្នាំ ២០០៣​នោះ​។ ហើយ​ពេល​ត្រឡប់មក​ចូល​នយោបាយ​វិញ​នោះ លោក មហា​ធៀ ក៏​មិនបាន​ប្រាប់​ឬ​ប្រឹក្សា​លោកស្រី​ទៀត​ដែរ​។

-​លោកស្រី ស៊ី​ទី​៖ «​ដល់​វ័យចាស់​ប៉ុណ្ណឹង យើង​គួរតែ​បាន​ចូលនិវត្តន៍ ហើយ​រស់នៅ​ជាមួយ​កូនចៅ​»
​យ៉ាងណាក៏ដោយ លោកស្រី​មាន​អារម្មណ៍​ថា វា​គួរតែ​ដល់ពេល​សម្រាក​ហើយ​សម្រាប់​លោក មហា​ធៀ និង​លោកស្រី​ផ្ទាល់​ព្រោះ​ម្នាក់​មាន​វ័យ​ជាង ៩០​ឆ្នាំ​ហើយ​។ ប៉ុន្តែ​លោកស្រី​បាន​មិន​ហាមឃាត់​ដែរ​ពេល​លោក​ត្រឡប់​ចូល​នយោបាយ​វិញ​ឡើយ ព្រោះ​លោកស្រី​ដឹង​ច្បាស់​ថា វា​ជា​កាតព្វកិច្ច​របស់លោក មហា​ធៀ ក្នុងការ​ជួយសង្គ្រោះ​ម៉ាឡេស៊ី​។

«​សម្រាប់​ខ្ញុំ​គឺមាន​អារម្មណ៍​លាយឡំ​គ្នា សប្បាយ​បន្តិច និង​ក្រៀមក្រំ​បន្តិច​។ វ័យ​ចំណាស់​ដូច​យើង​អញ្ចឹង គួរតែ​បាន​ចូលនិវត្តន៍​ដោយ​សុខ​ស្រួល ហើយ​រស់នៅ​ជាមួយ​កូន ជាពិសេស​ចៅៗ​តែម្តង​។ ប៉ុន្តែ​ដោយសារ​ស្វាមី​ខ្ញុំ​គាត់​ត្រឡប់​ចូល​នយោបាយ​វិញ ខ្ញុំ​ក៏​មិន​ហ៊ាន​ឃាត់​គាត់​ដែរ ព្រោះ​គាត់​បាន​ប្រាប់ថា វា​ជា​កាតព្វកិច្ច​របស់គាត់​ដែល​ត្រូវធ្វើ​ឲ្យ​ប្រទេស​ល្អប្រសើរ​ឡើងវិញ​។  នេះ​ជាការ​ពន្យល់​របស់លោក​ស្រី ស៊ី​ទី ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Straits Times​។

​លោកស្រី​បាន​សង្កត់ធ្ងន់​បែបនេះ​៖«​អ្វីដែល​ខ្ញុំ​កំពុង​ធ្វើ គឺជា​មួយ​គាត់ និង​នៅ​ពីក្រោយ​ចាំ​ជួយ​គាត់​គ្រប់​ទីកន្លែង​គ្រប់ពេលវេលា​។ វា​មិនមែនជា​ការគាំទ្រ​គាត់​ផ្នែក​នយោបាយ​ទេ តែ​ជា​ការជួយ​ថែទាំ​គាត់ និង​ធានាថា​គាត់​មាន​សុខភាព​ល្អ​។ ខ្ញុំ​ពិតជា​ហត់នឿយ​ណាស់​និយាយ​ឲ្យ​ត្រង់​ទៅ​។ ប៉ុន្តែ​ដោយសារ​ប្រជាជន​យើង​គាំទ្រ​ក្នុងការ​បោះឆ្នោត​លើក​ទី ១៤ នេះ ខ្ញុំ​មាន​ទំនុកចិត្ត​ខ្ពស់​នឹង​បន្តសកម្មភាព​ទៀត​»៕

អត្ថបទទាក់ទង


​ឯកសារពិគ្រោះ​
១. https://www.themalaysianinsight.com/s/17443/
២. http://www.perdana.org.my/pms-of-malaysia/tun-dr-mahathir-mohamad/tun-dr-siti-hasmah-bt-mohd-ali
៣. http://harpersbazaar.my/culture/tun-dr-siti-hasmah-my-name-is-hasmah/
៤. https://www.straitstimes.com/asia/se-asia/malaysia-election-i-will-always-support-him-says-mahathirs-wife-siti-hasmah



Tag:
 មហា​ធៀ មហាម៉ាត់​
  ស៊ី​ទី ហា​ស្មា
© រក្សាសិទ្ធិដោយ thmeythmey.com