ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ​.​ជ​.​ប ចំណាយ​ថវិកា​ជាង​២​លាន​ដុល្លារ សម្រាប់​បោះពុម្ព​សន្លឹកឆ្នោត​
02, Jun 2018 , 5:39 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ត្រៀម​កញ្ចប់​ថវិកា​ជាង​២​លាន​ដុល្លារ សម្រាប់​ការបោះពុម្ព​សន្លឹកឆ្នោត ជាង​១០​លាន​សន្លឹក ក្នុង​ដំណើរការ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខ​។​


 
​អ្នកនាំពាក្យ​គ​.​ជ​.​ប លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​និយាយថា សន្លឹកឆ្នោត​ជាង​១០​លាន​សន្លឹក​នេះ ត្រូវ​ចំណាយ​ទឹកប្រាក់​៩០០​រៀល​ក្នុង​មួយ​សន្លឹក ស្មើនឹង​ជាង​២​លាន​ដុល្លារ ។ បើតាម​លោក សុ​វណ្ណា​រុំ មូលហេតុ​ដែល​គ​.​ជ​.​ប បោះពុម្ព​សន្លឹកឆ្នោត ច្រើនជាង​ចំនួន​អ្នកបោះឆ្នោត​នេះ គឺ​សម្រាប់​យកទៅ​បណ្ដុះបណ្ដាល​មន្ត្រី​គ​.​ជ​.​ប និង​អប់រំ​អ្នកបោះឆ្នោត​មួយចំនួនធំ​ផង ដើម្បី​ឲ្យ​ពួកគេ​យល់ដឹង និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ក្នុងអំឡុងពេល​បោះឆ្នោត​។ បើតាម​លោក ឌឹ​ម សុវណ្ណារ៉ា ក្នុងចំណោម​សន្លឹកឆ្នោត​ជាង​១០​លាន​នេះ ត្រូវមាន​សន្លឹកឆ្នោត​គំរូ​ជាង​៣​លាន ហើយក៏​សម្រាប់​យក​ប្រើប្រាស់​ជា​សន្លឹកឆ្នោត​បម្រុង​តាម​មណ្ឌលបោះឆ្នោត​ទូទាំងប្រទេស​ផងដែរ​។​
 
«​ក្នុង​ការិយាល័យ​បោះឆ្នោត​នីមួយៗ គឺ​ត្រូវមាន​សន្លឹកឆ្នោត​បម្រុង សម្រាប់​បម្រើ​អ្នកបោះឆ្នោត ហើយ​ក្នុងការ​ធានាថា ការបោះឆ្នោត​ត្រូវមាន​សន្លឹកឆ្នោត​គ្រប់គ្រាន់​។ លើសពីនេះ​ទៀត​ច្បាប់​ក៏មាន​ចែង​ដែរ ក្នុងករណី​ដែល​ពលរដ្ឋ​យក​សន្លឹកឆ្នោត មួយ​សន្លឹក​យកមក​គូស ប៉ុន្តែ​ការ​គូស​របស់លោក មិន​សមប្រកប ហើយ​លោក​មានឱកាស​នឹងមាន​សិទ្ធ​អាច​ទាមទារ​សន្លឹកឆ្នោត​មួយ​សន្លឹក​ទៀត ដូច្នេះ​ជាការ​ត្រៀម​ស្របតាម​ច្បាប់ ទៅតាម​នីតិវិធី​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦»​។ នេះ​បើតាម​អ្នកនាំពាក្យ​គ​.​ជ​.​ប​។​
 
​គ​.​ជ​.​ប បានទទួល​ស្គាល់​គណបក្ស​នយោបាយ​ចំនួន​២០ ដែល​ត្រូវ​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខ​។ 
 
​តែ​យ៉ាងណា​ដំណើរការ​បោះឆ្នោត​នេះ ត្រូវបាន​គេ​មើលឃើញថា អាច​នឹង​កើតមាន​រូបភាព​អាក្រក់ ដោយសារតែ​ពលរដ្ឋ​មួយចំនួន ដែល​មិន​ពេញចិត្ត​ដំណើរការ​បោះឆ្នោត​នេះ​។ ជាក់ស្ដែង​នៅពេលនេះ ពលរដ្ឋ​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដើមធ្វើ​យុទ្ធនាការ​«​ដេក​ផ្ទះ ឈ្នះ​ឯង​» ដើម្បី​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​ដំណើរការ​បោះឆ្នោត រីឯ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​យុទ្ធនាការ​«​ខ្ញុំ​ទៅ​បោះឆ្នោត ព្រោះ​ខ្ញុំ​ស្រលាញ់​ប្រទេស​ខ្ញុំ​» ដើម្បី​ប្រឆាំង​យុទ្ធនាការ​អ្នកគាំទ្រ​បក្សប្រឆាំង​។​
 
​តាមរយៈ​យុទ្ធនាការ​ដ៏​ចម្រូងចម្រាស់​នេះ ត្រូវបាន​គេ​សន្និដ្ឋានថា ដំណើរការ​បោះឆ្នោត​ខាងមុខ អាច​នឹងមាន​ពលរដ្ឋ​ពហិការ​បោះឆ្នោត​ច្រើន ដែល​វា​ជា​រូបភាព​អាក្រក់​មួយ សម្រាប់​ការបោះឆ្នោត​នៅ​កម្ពុជា​។​
 
​ប៉ុន្តែ​ទោះជា​ចំនួន​ពលរដ្ឋ ទៅ​បោះឆ្នោត​ក្រោម​៥០​ភាគរយ​ក្តី ក៏​ចាត់ទុកជា​សំឡេង​បានការ ក្នុងការ​ជ្រើស​តំណាងរាស្ត្រ ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល ។ នេះ​ជាការ​បញ្ជាក់​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែល​បាន​បន្ថែមថា ច្បាប់បោះឆ្នោត​នៅ​កម្ពុជា មិនបាន​កំណត់​ពី​ចំនួន​អ្នកបោះឆ្នោត​ឡើយ ៕

Tag:
 ​គ​.​ជ​.​ប
 ​ បោះឆ្នោត​
  បក្សនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com