ជាតិ
​​​ន​យោ​បាយ​ជាតិ​
យុវជន​ខ្មែរ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​Fake News ពី​លោក ប្រា​យុទ្ធ ត្រូវបាន​បញ្ជូនមក​ក​ម្ពុ​ជា​វិញ
03, Jun 2018 , 12:10 pm        
រូបភាព
ភ្នំពេញ​៖ យុវជន​ខ្មែរ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ នាំខ្លួន​ទៅ​សាកសួរ​ចម្លើយ ជុំវិញ​ករណី​ប្រឌិត​ព័ត៌មាន​មិន​ពិត​(Fake News) ពីស​ម្តី​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ ត្រូវបាន​បញ្ជូនមក​ក​ម្ពុ​ជា​វិញ​ហើយ​។ បើតាម​សារព័ត៌មាន Bangkok Post ប៉ូលិស​ជំនាញ​បទឧក្រិដ្ឋ​បច្ចេកវិទ្យា​ថៃ បានមក​ចាប់ខ្លួន​យុវជន​កម្ពុជា ជំនាញ​ផ្នែក IT (Information Technology ) នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​៣០ ឧសភា ក្រោយពី​រកឃើញថា យុវជន​រូបនេះ បាន​សរសេរ​អក្សរ​ជា​ភាសា​ថៃ នៅលើ​វេ​ប​សាយ​មួយ (ratstas.com ) ដែល​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ ទាក់ទង​នឹង​ករណី​សាំង​ឡើងថ្លៃ មក​ចុះផ្សាយ​ខុសពី​ការពិត​។​

 
​យុវជន ហេង រតនៈ ដែល​ត្រូវបាន​សមត្ថកិច្ច​ថៃ​នាំខ្លួន ទៅ​សាកសួរ​ពី​ករណី​ព័ត៌មាន​មិន​ពិត ជុំវិញ​ការ​ស្រង់​សម្តី​នាយករដ្ឋមន្ត្រី​ថៃ​នោះ បាន​ត្រឡប់មក​កម្ពុជា​វិញ កាលពី​រសៀល​ថ្ងៃទី​២ មិថុនា​។ តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​Fresh News នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ យុវជន ហេង រតនៈ បាន​និយាយថា មូល​ហេតុដែល​អាជ្ញាធរ​ថៃ បញ្ជូន​ខ្លួន​ត្រឡប់មកវិញ ដោយសារតែ​រូបគេ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បទឧក្រិដ្ឋ​បច្ចេកវិទ្យា​ព័ត៌មាន (Cyber Crime) ដែល​បង្កើត​ព័ត៌មាន​មិន​ពិត​ប៉ះពាល់​នាយករដ្ឋមន្ត្រី​ថៃ ដូច​ការសង្ស័យ​កន្លង​មក​។​
 
«​តាមពិតទៅ​ករណីនេះ ពាក់ព័ន្ធ​នឹង Cyber Crime ដែល​ទាក់ទង​នឹង​ករណី​មាន​គេ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ដែល​ប៉ះពាល់​ដល់​លោកនាយក​រដ្ឋមន្ត្រី​ប្រទេស​ថៃ​។ ហើយ​និយាយ​រួម​ទៅ វា​ជា​សមត្ថភាព​របស់​សម​ត្ថ​កិច្ច យើង​មិនអាច​និយាយ​បានដែរ គ្រាន់តែ​ថា គេ​សួរនាំ​ចម្លើយ​យើង​ធម្មតា​…​។ ហើយ​ខ្ញុំ​អត់​មាន​(​បង្ហោះ​សារ​ប៉ះពាល់​នាយករដ្ឋមន្ត្រី​ថៃ​) ទេ ដូច្នេះ​ទើប​ខ្ញុំ​អាច​ឈរ​នៅទីនេះ​(​កម្ពុជា​)​វិញ​បាន​។ នេះ​ជាការ​បញ្ជាក់​របស់​យុវជន ហេង រតនៈ ។ 
 
 
​កាលពី​ថ្ងៃទី​៣០ ឧសភា ប៉ូលិស​ថៃ បានមក​ចាប់ខ្លួន​យុវជន​ខាងលើ ទៅ​សួរចម្លើយ ពាក់ព័ន្ធ​នឹង​សំណេរ ជា​ភាសា​ថៃ នៅលើ​វេ​ប​សាយ​មួយ (ratstas.com ) ដែល​បាន​ផ្សាយ​ថា​៖«​នាយករដ្ឋមន្ត្រី​ថៃ បាន​ប្រាប់​ឲ្យ​ប្រជាជន​ថៃ ចាក់ទឹក​ជំនួស​សាំង​វិញ នៅពេលដែល​មានការ​ចោទសួរ​ពី​រឿង​សាំង​ឡើងថ្លៃ​»​។ ប៉ុន្តែ​ពាក្យសម្ដី​នេះ ត្រូវបាន​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ថៃ លោក Surachate Hakparn បដិសេធថា នាយករដ្ឋមន្ត្រី​ថៃ មិនបាន​និយាយ​ដូច​ការសរសេរ​យុវជន​កម្ពុជា​នេះឡើយ​។ ដោយសារតែ​មូលហេតុ​នេះ ទើបបានជា​ប៉ូលិស​ថៃ មក​ចាប់ខ្លួន​យុវជន ហេង រតនៈ ទៅ​សួរនាំ​ឲ្យ​បាន​ច្បាស់​ពី​ករណីនេះ​។ នេះ​បើតាម​សារព័ត៌មាន​Bangkok Post​។​
 
​តែ​យ៉ាងណា​យុវជន ហេង រតនៈ បាន​អះអាងថា ខ្លួន​ជា​អ្នកស្ម័គ្រចិត្ត​ឲ្យ​ប៉ូលិស​ថៃ​នាំទៅ​សួរចម្លើយ ជុំវិញ​ករណី​សង្ស័យ​លើ​ព័ត៌មាន​ប៉ះពាល់​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នេះ ដើម្បី​បង្ហាញ​ភាព​ស្អាតស្អំ​របស់ខ្លួន ពោលគឺ​មិនមែនជា​ការចាប់ខ្លួន ដូច​ការចុះផ្សាយ​ឡើយ​។ យុវជន​រូបនេះ ស្នើ​ឲ្យ​សមត្ថកិច្ច​កម្ពុជា ស្វែងរក​អ្នក​ដែល​បង្កើត​វេ​ប​សាយ ratstas.com សម្រាប់​រិះគន់​រដ្ឋាភិបាល​ថៃ​នេះ ទៅ​ផ្តន្ទាទោស​តាមច្បាប់ ដើម្បី​ផ្ដល់​ភាពយុត្តិធម៌​ដល់​ខ្លួន​វិញ​។​
 
​កន្លងមក​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​កម្ពុជា ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កម្ពុជា និង​ថៃ គ្មាន​កិច្ចព្រមព្រៀង​ស្តីពី​ការចាប់ខ្លួន អ្នក​ដែល​សរសេរ​ព័ត៌មាន​ប៉ះពាល់​នាយករដ្ឋមន្ត្រី​ថៃ​ទេ ខណៈដែល​ពួកគាត់​ក៏​មិន​ទទួលបាន​របាយ​ការ​ណ៏​ណាមួយ​ពី​ការចាប់ខ្លួន យុវជន​កម្ពុជា ទៅ​សួរចម្លើយ​ពី​ករណី​នេះដែរ​។ 
 
​ផ្ទុយ​ពី​ការលើកឡើង​របស់​មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​កម្ពុជា​នេះ យុវជន ហេង រតនៈ ដែល​ត្រូវបាន​សមត្ថកិច្ច​ថៃ​នាំខ្លួន​សួរចម្លើយ​នេះ បាន​បញ្ជាក់ថា រូបគេ​បាន​ទៅ​ផ្ដល់​ចម្លើយ ដោយមាន​ការសហការ​យ៉ាង​ល្អ ពី​សំណាក់​អាជ្ញាធរ​កម្ពុជា និង​ថៃ​៕
 
 

Tag:
 ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  Fake News
© រក្សាសិទ្ធិដោយ thmeythmey.com