FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ FIFA ឲ្យ​លេង World Cup វិញ Guerrero ស៊ុត​២​គ្រាប់​ជួយ​ប៉េ​រូ ឈ្នះ​អារ៉ាប៊ីសាអ៊ូឌីត ៣-០
04, Jun 2018 , 11:21 am        
រូបភាព
Paolo Guerrero ដែល​ទើប​ទទួលបាន​ការពន្យា​លើ​ការពិន័យ​ជុំវិញ​ករណី​ប្រើប្រាស់​សារធាតុ​ហាមឃាត់ (Dopping) ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​ឲ្យ​ជម្រើសជាតិ​ប៉េ​រូ​ក្នុង​ជ័យជម្នះ​លើ​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត ៣-០ នា​ជំនួប​មិត្តភាព​អន្តរជាតិ នៅ​រាត្រី​ថ្ងៃទី​៣ ខែមិថុនា​។​



​តុលាការ​ស្វី​សបាន​យល់ព្រម​ព្យួរ​ការពិន័យ​បណ្តោះអាសន្ន​រយៈពេល ១៤​ខែ​ដើម្បី​ឲ្យ​ប្រធាន​ក្រុម​ជម្រើស​ប៉េ​រូ​រូបនេះ​អាច​បង្ហាញខ្លួន​នៅ World Cup ឆ្នាំ​២០១៨ ជា​លើកដំបូង​របស់ខ្លួន​។ 

​ការប្រកួត​ដែល​ធ្វើឡើង​នៅ​ទឹកដី​កណ្តាល​របស់​ស្វី​ស​ក្នុង​កីឡដ្ឋាន AFG stadium in St Gallan ខ្សែប្រយុទ្ធ វ័យ​៣៤​ឆ្នាំ​អាចធ្វើ​បាន​ដល់​ទៅ ២​គ្រាប់​នៅ​នាទី ៤១ និង ៦៤ ក្រោយពេល​មិ​តិ្ត​រួម​ក្រុម Andre Carrillo រកបាន​គ្រាប់​នាំមុខ​នៅ​នាទី​២០ ដើម្បី​នាំ​ឲ្យ​ប៉េ​រូ​យកឈ្នះ រ៉ាប៊ីសាអ៊ូឌីត ៣-០​។​

​ជ័យជម្នះ​របស់​ក្រុម​មកពី​អាមេរិក​ឡាទីន​ក្នុងការ​ប្រកួត​កម្តៅ​សាច់ដុំ​ត្រៀម​ប្រជែង​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នេះ បានធ្វើ​ឲ្យ​ក្រុម​មកពី​អាស៊ី អារ៉ាប៊ីសាអ៊ូឌីត​ស្គាល់​ជាតិ​ចាញ់​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​។​

​ប៉េ​រូ ស្ថិតក្នុង​ពូ​ល C ជាមួយ អូស្ត្រាលី ដា​ណឺ​ម៉ាក និង​បារាំង​។ ហើយ​នេះ​គឺជា​លើកទីមួយ​ហើយ​តាំងពី​ឆ្នាំ​១៩៨២​មក ដែល​ប៉េ​រូ​បាន​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup ដែល​នឹង​ប្រព្រឹត្តិ​ទៅក្នុង​ប្រទេស​រុស្ស៊ី ចាប់ពី​ថ្ងៃទី​១៤ ខែមិថុនា រហូត​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨៕

អត្ថបទទាក់ទង




Tag:
 បាល់ទាត់​
  FIFA World Cup
  Paolo Guerrero
  ប៉េ​រូ​
© រក្សាសិទ្ធិដោយ thmeythmey.com